27 C
Phnom Penh

ការិយាល័យ​​​ព្រំដែន​​​ថ្មីមួយ​​​ត្រូវ​​​បាន​​​បង្កើត​​​នៅ​​​ខេត្ត​​​រតនគិរី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការិយាល័យ​​​ព្រំដែន​​​ថ្មី​​​មួយ​​​ដែល​​​មាន​​​ទាហាន​​​​​​ នគរ​​​បាល​​​ និង​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រហែល​​​១០០នាក់​​​ឈរ​​​ជើង​​​ ត្រូវ​​​បាន​​​បង្កើត​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរីកាល​​​ពីថ្ងៃ​​​អាទិត្យ​​​ដើម្បី​​​បញ្ឈប់​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​ឆ្លងកាត់ព្រំ​​​​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ពី​​​វៀតណាម​​​មក​​​កម្ពុជា​​​។

លោក​​​ គឹម រស្មី មេបញ្ជាការ​​​កងរាជ​​​អាវុធហត្ថ​​​ខេត្ត​​​រតនគិរី​​​នេះ បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​ ថោង សាវុន អភិបាល​​​ខេត្ត​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​​​ការិយាល័យ​​​ថ្មីមួយ​​​ក្នុង​​​ស្រុក​​​អូរយ៉ាដាវ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំបាន​​​បញ្ជូន​​​មន្ត្រីកង​​​រាជអាវុធ​​​ហត្ថ​​​ចំនួន​​​ពីរ​​​នាក់​​​ទៅ​​​ប្រចាំ​​​ការ​​​ជាមួយ​​​យោធា​​​ និង​​​នគរ​​​បាល​​​ខេត្ត​​​”។

ស្រុក​​​អូរយ៉ាដាវ បាន​​​ក្លាយជា​​​ចំណុច​​​សម្រាប់​​​ការ​​​ឆ្លងកាត់​​​​​​ព្រំដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ចាប់​​​តាំង​​​ពី​​​ខែ​​​តុលាមក​​​ម្លេ៉ះ​​​ នៅ​​​ពេល​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​មួយ​​​ចំនួន​​​ ដែល​​​ជា​​​ក្រុម​​​កុល​​សម័្ពន្ធ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​មក​​​ពី​​​តំបន់​​​ខ្ពង់​​​រាប​​​ភាគ​​​កណ្តាល​​​ប្រទេស​​​វៀតណាម​​​ បាន​​​ចាប់​​​ផ្តើម​​​​​​ឆ្លង​​​កាត់​​​ ព្រំដែន ដើម្បី​​​គេច​​​ពី​​​ការ​​​ផ្តន្ទាទោស​​​នៅ​​​ប្រទេស​​​របស់​​​ខ្លួន​​​។

ប្រហែល​​​ពាក់​​​កណ្តាល​​​នៃ​​​មនុស្ស​​​ជាង​​​៩០នាក់​​​ដែល​​​បាន​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ចូល​​​មក​​​ខេត្ត​​​រតនគិរី​​​ត្រូវ​​​បាន​​​ចាប់ខ្លួន ហើយ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​វៀតណាម។

លោក ហេង​​​ រតនា ស្នងការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​នេះ បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​បញ្ជូន​​​មន្ត្រី​​​នគរ​​​បាល​​​​​​ប្រហែល​​​បួន​​​នាក់ ទៅ​​​ប្រចាំ​​​​​​នៅ​​​ការិយាល័យ​​​ព្រំដែន​​​ថ្មី​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​ដើរ​​​ល្បាត​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​ការិយាល័យ​​​នេះ​​​មិន​​​មែន​​​ផ្តោត​​​តែ​​​​​​ទៅ​​​លើ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ធ្វើ​​​ការ​​​ល្បាត​​​​​​​​​មិន​​​មែន​​​គ្រាន់​​​តែ​​​បញ្ឈប់​​​ជន​​​ជាតិ​​​​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ទេ ប៉ុន្តែ គឺ​​​ផ្តោត​​​លើ​​​​​​បទ​​​ល្មើស​​​ទាំង​​​អស់​​​ ព្រោះ​​​ពល​​​រដ្ឋ​​​មក​​​ពី​​​វៀតណាម​​​តែង​​​តែ​​​ព្យាយាម​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ដោយ​​​ខុស​​​ច្បាប់​​​”៕ ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស