34 C
Phnom Penh

ប្រាក់​ចំណូល​ពន្ធ​​កើន​ឡើង​​៤៨​ភាគរយ​ក្នុង​ត្រីមាស​ដំបូង​ដើម​ឆ្នាំ​២០១៥​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​ពន្ធដារនៃ​ក្រសួង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​​ផ្សាយ​កាលពី​ថ្ងៃច័ន្ទ​ថា រដ្ឋាភិបាល​ប្រមូល​ពន្ធដារ​បាន​​សរុប​ចំនួន​៣២៣,៤២​លាន​ដុល្លារ​ អំឡុង​ត្រីមាស​ទី១​ដើម​ឆ្នាំ​នេះ​ ពោល​គឺ​កើន​ឡើង​៤៨​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក គង់ វិបុល អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើក​ឡើង​នៅ​ក្នុង​​របាយ​ការណ៍​នោះ​ថា ” បើ​ប្រៀប​ធៀប​នឹង​រយៈ​​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ នៅ​ក្នុង​ត្រីមាស​ទី១​ដើម​ឆ្នាំ​២០១៥​នេះ យើង​បាន​មើល​ឃើញ​ថា ​មាន​ការ​កើន​ឡើង​​ចំណូល​ពន្ធ​​​ដែល​​បាន​ពីប្រភេទ​ពន្ធ​សំខាន់ៗមួយ​ចំនួន​​រួម​មាន ពន្ធ​លើ​ប្រាក់​ចំណេញ ពន្ធ​លើ​ប្រាក់​ខែ ពន្ធ​លើ​តម្លៃ​បន្ថែម និង​ពន្ធ​ពិសេស​”។

របាយការណ៍​នេះ​មិន​បាន​ផ្ដល់​តួលេខ​ចំណូល​ពន្ធ​សម្រាប់​ត្រី​មាស​ទី១​ដើម​ឆ្នាំ​២០១៤​ទេ ហើយ​​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ឡើយ​កាលពី​ម្សិលមិញ។

យោង​តាម​របាយការណ៍​នេះ​បង្ហាញ​ថា ប្រាក់​ចំណូល​ពន្ធ​នៅ​ថ្នាក់​ជាតិ​ក្នុង​រយៈពេល​៣ខែ​ដំបូង​ដើម​ឆ្នាំនេះ ប្រមូល​បាន​សរុប​ចំនួន​២៨០​​,៨៥​លាន​ដុល្លារ ចំណែកឯ​៤២​,៥៧​លាន​ដុល្លារ​ទៀត​​ប្រមូល​បាន​ពី​ថ្នាក់​ក្រោម​ជាតិ​។

របាយការណ៍នេះ​បាន​បន្ត​ថា “​ប្រាក់​ចំណូល​ពន្ធ​បាន​កើន​ឡើង​​នៅ​ក្នុង​សកម្មភាព​ពាណិជ្ជ​​កម្ម​ភាគ​ច្រើន​” ដោយ​ប្រាក់​ចំណូល​ពន្ធ​បាន​ពី​ការ​ផលិត​យាន​យន្ត​​កើន​ឡើង​១៧៧​ភាគរយ​ ពន្ធ​បាន​ពី​ការ​ផលិត​ថ្នាំ​ជក់​កើន​ឡើង​១០៨​,៩​ភាគរយ​ ហើយ​ចំណូល​ពន្ធ​បាន​ពី​ការ​ផលិត​គ្រឿង​ចក្រ​បាន​កើន​ឡើង​៧២,៣​ភាគរយ​។

លោក អូន ព័ន្ធ​មុន្នីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ត្រូវ​បាន​ដក​ស្រង់​ប្រសាសន៍​នៅ​ក្នុង​របាយការណ៍​នោះ​ថា ក្រសួង​របស់​លោក​នឹង​បន្ត​​ធ្វើ​កំណែទម្រង់​ឆ្ពោះ​ទៅ​ការ​ប្រមូល​ពន្ធ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។

លោក​បាន​​លើក​ឡើង​​នៅ​ក្នុង​របាយការណ៍នោះ​ថា “​ដើម្បី​ប្រមូល​ចំណូល​ពន្ធ​តាម​ការ​កំណត់​ដោយ​ច្បាប់​ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​បន្ត​អនុវត្ត​ឲ្យ​បាន​​តឹង​រ៉ឹង​នូវ​គោល​នយោបាយ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ដូច​ជា​តាម​រយៈ​ការ​ពង្រឹង​​ការ​ចុះ​បញ្ជី​ពន្ធដារ​​​ជាមួយ​នឹង​ប្រព័ន្ធ​ថ្មី និង​តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​របស់​ក្រុម​ហ៊ុន​សហគ្រាស​ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចុះ​បញ្ជី​ទៅ​ក្នុង​មូលដ្ឋាន​​ទិន្នន័យ​របស់​ខ្លួន​”។

លោក សន ជ័យ តំណាង​អង្គការ​បណ្ដាញ​គណនេយ្យភាព​សង្គម​​អាស៊ីបូពា៌​​​ ប្រចាំ​កម្ពុជា​ហៅ​កាត់​ថា ANSA ជា​ស្ថាប័ន​ថ្នាក់​តំបន់​​​ដែល​គាំទ្រ​តម្លាភាព​​នៅ​ក្នុង​រដ្ឋាភិបាល​ បាន​មាន​ប្រសាសន៍​ថា ខណៈ​តួលេខ​ប្រាក់​ចំណូល​កើន​ឡើង​​នេះ​បង្ហាញ​ពី​ការ​​រីក​ចម្រើន​​បញ្ហា​ប្រមូល​ពន្ធ​នៅ​តែ​កើត​មាន​ដដែល​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “​ចំនួន​នេះ​បង្ហាញ​ថា ប្រព័ន្ធ​ប្រមូល​ពន្ធ​ត្រូវ​បាន​កែលម្អ​ច្រើន​ ជា​ពិសេស​​ការ​ប្រមូល​ពន្ធ​ពី​អ្នក​បង់​ពន្ធ​ធម្មតា។ ទោះ​ជាយ៉ាង​ណា ខ្ញុំ​នៅ​តែ​មាន​មន្ទិល​ចំពោះ​សមត្ថភាព​របស់​មន្ត្រី​ពន្ធដារ​​ក្នុង​ការ​ប្រមូល​​ពន្ធ​ពី​ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​ធំៗ និង​អ្នក​មាន​អំណាច​។ ជា​ឧទាហរណ៍ ខ្ញុំ​បាន​ឮ​​មន្ត្រី​ពន្ធដារ​ត្អូញត្អែរ​ថា ពួកគាត់​មាន​ការ​​ពិបាក​​ណាស់​ក្នុង​ការ​ប្រមូល​ពន្ធ​អចលនទ្រព្យ​របស់​​អ្នក​មាន​​អំណាច​ ពីព្រោះ​​ពួកគាត់​មិន​ចង់​បង្ហាញ​ព័ត៌មាន​ស្ដីពី​ហិរញ្ញវត្ថុ​របស់​ខ្លួន​នោះ​ទេ​​”៕ សុខុម​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស