មន្ត្រីបានឲ្យដឹងថា កម្មករសំណង់វ័យ២០ឆ្នាំម្នាក់បានបាត់បង់ជីវិតកាលពីម្សិលមិញនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅពេលខ្សែក្រវាត់សុវត្ថិភាពរបស់ជនរងគ្រោះដាច់ធ្វើឲ្យជនរងគ្រោះធ្លាក់ពីជាន់ទី៧មកដល់ដី។
យោងតាមលោក អុឹង មី អធិការរងនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ខណៈពេលយុវជន ហួន ពេទ្យ ដែលមកពីខេត្តតាកែវ កំពុងវ៉ៃក្ដារពុម្ពដើម្បីចាក់សសរបេតុង រូបក៏ស្រាប់តែបាត់បង់ជំហរ ហើយធ្លាក់ចុះពីអគារអាផាតមិនដែលកំពុងស្ថិតក្រោមការសាងសង់។
លោកបានមានប្រសាសន៍ថា “ខ្សែក្រវាត់សុវត្ថិភាពរបស់ជនរងគ្រោះបានដាច់ ហើយនោះជាមូលហេតុដែលជនរងគ្រោះធ្លាក់ចុះមកក្រោម។ ករបស់ជនរងគ្រោះបាក់ ហើយឈាមហូរចេញតាមក្បាល និងច្រមុះ។ ជនរងគ្រោះបានស្លាប់ភ្លាមៗមួយរំពេច”។
លោកបានលើកឡើងបន្តថា ម្ចាស់អគារដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានជួលកម្មករបណ្ដោះអាសន្នមួយក្រុមឲ្យធ្វើការនៅការដ្ឋានសំណង់នេះ។
លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានមានប្រសាសន៍ថា មន្ទីររបស់លោកមិនដែលបានចេញលិខិតអនុញ្ញាតឲ្យសាងសង់អគារនេះទេ។
លោកបានលើកឡើងថា “ពេលនេះ អាជ្ញាធរបានសម្រេចផ្អាកការសាងសង់ហើយរហូតដល់ម្ចាស់បំពេញសំណុំឯកសារ និងដោះស្រាយករណីនេះរួចរាល់។ ម្ចាស់អគារត្រូវទទួលខុសត្រូវចំពោះរឿងនេះ ហើយក៏ត្រូវប្រឈមនឹងបណ្ដឹងផ្លូវច្បាប់ដែរ”។
បុរសឈ្មោះ កែវ ស៊ាង អាយុ២៩ឆ្នាំ ដែលបានបម្រើការងារនៅការដ្ឋានសំណង់នេះអស់រយៈពេល៩ខែមកហើយ និយាយថា គាត់កំពុងនៅជាន់ផ្ទាល់ដី នៅពេលគ្រោះថ្នាក់នេះកើតឡើង។
គាត់បាននិយាយថា “ពេលនេះខ្ញុំព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ”។ គាត់បានគូសបញ្ជាក់ថា ការដ្ឋាននេះគ្មានសំណាញ់សុវត្ថិភាព ឬរបាំងការពារដើម្បីទប់ស្កាត់កម្មករកុំឲ្យធ្លាក់ចុះពីអគារឡើយ។ គាត់បាននិយាយទៀតថា ជនរងគ្រោះ ហួន ពេទ្យ ចូលបម្រើការងារនៅការដ្ឋាននេះមិនទាន់បាន៣ខែផងទេ។
នៅក្នុងករណីគ្រោះថ្នាក់ដោយឡែកមួយ កម្មករសំណង់វ័យ៣១ឆ្នាំម្នាក់ បានស្លាប់នៅក្នុងក្រុងបាវិតខេត្តស្វាយរៀង កាលពីសប្ដាហ៍មុន នៅពេលរបងរោងចក្រដែលខ្លួនកំពុងសាងសង់ បានបាក់រលំអំឡុងពេលមានខ្យល់ព្យុះ នេះបើយោងតាមការឲ្យដឹងពីលោក កែវ គង់ អធិការក្រុងបាវិត។ ជនរងគ្រោះឈ្មោះ យឹម យ៉ុង បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯកម្មករបីនាក់ទៀតបានរងរបួស៕ សុខុម (រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)