លោក វីលៀម ថដ (William Todd) ឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយនៅសប្តាហ៍នេះថា ការគំរាមរបស់គណៈមេធាវីកម្ពុជា ថានឹងពិន័យនិងដាក់ពន្ធនាគារមេធាវីបរទេសដែលធ្វើការនៅទីនេះគ្មានអាជ្ញាប័ណ្ណនោះ អាចរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ប្រទេសនេះ និងអាចធ្វើឲ្យបាត់ការវិនិយោគដែលត្រូវការចាំបាច់។
កាលពីខែធ្នូ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ មានខ្លឹមសារថា មេធាវីបរទេសទាំងអស់ធ្វើការក្នុងប្រទេសនេះដោយគ្មានអាជ្ញាប័ណ្ណ គឺធ្វើដោយខុសច្បាប់។ ដោយលើកឡើងពីច្បាប់ឆ្នាំ១៩៩៥ស្តីពីគណៈមេធាវី សេចក្តីថ្លែងការណ៍និយាយថា ពួកគេមិនអាចតំណាងកូនក្តីបានទេ ប៉ុន្តែអាចធ្វើទៅបានដោយមានការយល់ព្រមពីគណៈមេធាវី ប្រសិនបើប្រទេសរបស់ពួកគេផ្តល់សិទ្ធិដូចគ្នានេះដល់មេធាវីពីប្រទេសកម្ពុជា។
នៅពេលនោះ លោក យឹម សារី អ្នកនាំពាក្យគណៈមេធាវី បាននិយាយថា មេធាវីបរទេសដែលបន្តធ្វើការ ដោយគណៈមេធាវីប្រទេសរបស់ពួកគេមិនបើកផ្លូវឲ្យមេធាវីកម្ពុជា “អាចជាប់ពន្ធនាគារ ឬប្រឈមនឹងការពិន័យជាប្រាក់ ដោយសារការបន្តការងារខុសច្បាប់របស់ខ្លួន”។
ប៉ុន្តែក្នុងអត្ថបទចុងក្រោយរបស់លោកនៅកាសែត ឌឹ ខេមបូឌា ហឺរ៉ាល់ ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក ថដ បាននិយាយថា គណៈមេធាវីកម្ពុជាមិនស្របគ្នាជាមួយមតិអន្តរជាតិទេ។
លោកបានសរសេរថា “ទីប្រឹក្សាច្បាប់បរទេសមួយចំនួនបាននិយាយថា ចំណាត់ការរបស់គណៈមេធាវីកម្ពុជា រំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា ដែលជាពិសេសអនុញ្ញាតឲ្យទីប្រឹក្សាច្បាប់បរទេសផ្តល់សេវាច្បាប់ទាក់ទិននឹងច្បាប់កម្ពុជា នៅពេលដែលក្នុងសមាគមពាណិជ្ជកម្មជាមួយក្រុមហ៊ុនច្បាប់កម្ពុជាស្តីពីច្បាប់អន្តរជាតិ/បរទេស ទោះជាគ្មានសមាគមពាណិជ្ជកម្មក្តី”។
លោក ថដ បាននិយាយថា ច្បាប់អង្គការពាណិជ្ជកម្មពិភពលោកហាមឃាត់ខណាមួយដែលកំណត់របៀបដែលមេធាវីបរទេសនិងក្នុងស្រុកអាចធ្វើការជាមួយគ្នានោះ។
“ការរារាំងក្រុមហ៊ុននានាមិនឲ្យធ្វើការជាមួយក្រុមហ៊ុនច្បាប់តាមជម្រើសរបស់ខ្លួន នោះចំណាត់ការគណៈមេធាវីកម្ពុជាធ្វើឲ្យក្រុមហ៊ុនក្រៅប្រទេសគ្មានទឹកចិត្តវិនិយោគក្នុងប្រទេសកម្ពុជា”។
យោងតាមធនាគារពិភពលោកបានឲ្យដឹងថា ការព្រមាននេះជាផ្នែកមួយនៃគំនិតរបស់លោកឯកអគ្គរដ្ឋទូត អំពីអ្វីដែលប្រទេសនេះអាចធ្វើបាន ដើម្បីនាំមកនូវការវិនិយោគក្រៅប្រទេសផ្ទាល់ច្រើនទៀត ដែលកាលពីឆ្នាំមុនមានទឹកប្រាក់សរុប១,៧ពាន់លានដុល្លារ ប្រហែល១០ភាគរយនៃផលិតផលក្នុងស្រុកសរុប។
មេធាវីបរទេសកំពុងធ្វើការជាទីប្រឹក្សានិងទីប្រឹក្សាច្បាប់ក្នុងប្រទេសកម្ពុជា ចាប់តាំងពីសេដ្ឋកិច្ចរបស់ប្រទេសនេះបានបើកចំហនៅទសវត្សរ៍ឆ្នាំ១៩៩០ និងជាញឹកញាប់ដែលធ្វើការជាមួយមេធាវីក្នុងស្រុក បានជួយទាក់ទាញការវិនិយោគពីខាងក្រៅបានយ៉ាងច្រើនមកក្នុងប្រទេសនេះ។
ប៉ុន្តែ លោក ប៊ុន ហុន ប្រធានគណៈមេធាវី កាលពីថ្ងៃអង្គារ បានច្រានចោលការអះអាងរបស់លោកឯកអគ្គរដ្ឋទូតអំពីការរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោក។
លោកបាននិយាយថា “យើងតែងតែគោរពច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែនោះមិនមានន័យថា មេធាវីបរទេសអាចប្រកបវិជ្ជាជីវៈរបស់ខ្លួននៅទីនេះ ដោយមិនគោរពច្បាប់កម្ពុជាឡើយ។ ពួកគេគ្រាន់តែតម្រូវឲ្យចុះបញ្ជីការ ដូចក្នុងប្រទេសផ្សេងទៀតដែរ ហើយស្ថានទូតអាមេរិកគួរពិចារណាឡើងវិញ និងធ្វើការស្រាវជ្រាវច្បាប់…មួយចំនួនផង”។
ចំពោះការទាក់ទាញអ្នកវិនិយោគទុនបរទេស លោកបាននិយាយថា មានមេធាវីក្នុងស្រុកប្រកបដោយសមត្ថភាពនិងលក្ខណៈសម្បត្តិច្រើនណាស់អាចធ្វើការនេះបាន។
លោក ហុន បាននិយាយថា គណៈមេធាវីបានហៅមេធាវីបរទេសប្រហែល១៥នាក់ នៅរវាងខែវិច្ឆិកានិងខែកុម្ភៈ ដើម្បីចង់ដឹងសមត្ថភាពច្បាប់របស់ពួកគេ ហើយបានរកឃើញថា គ្មាននរណាម្នាក់បានចុះឈ្មោះជាមួយគណៈមេធាវីកម្ពុជាទេ។
លោកបាននិយាយថា “ប្រទេសកម្ពុជាមិនដែលបានហាមប្រាមមេធាវីបរទេសមិនឲ្យអនុវត្តវិជ្ជាជីវៈរបស់ពួកគេនៅទីនេះទេ ប៉ុន្តែផ្អែកលើច្បាប់របស់យើងស្តីពីគណៈមេធាវី គឺតម្រូវឲ្យពួកគេត្រូវចុះបញ្ជីជាមួយគណៈមេធាវី។ ប៉ុន្តែពួកគេមិនដែលមកចុះឈ្មោះជាមួយយើងទេ”។
លោកបានឲ្យដឹងទៀតថា គេមិនបានដាក់ពេលកំណត់ឲ្យមេធាវីទេ ប៉ុន្តែបានស្នើពួកគេឲ្យមកចុះឈ្មោះ “ឲ្យបានឆាប់តាមលទ្ធភាព”។
លោកបានអះអាងបញ្ជាក់ថា ផ្នែកមួយនៃដំណើរការនឹងពាក់ព័ន្ធនឹងកាបញ្ជាក់បដិការ “ដែលមានន័យថា ប្រសិនបើគណៈមេធាវីបរទេស កន្លែងដែលមេធាវីបរទេសចុះឈ្មោះ អនុញ្ញាតឲ្យមេធាវីកម្ពុជាអនុវត្តវិជ្ជាជីវៈរបស់ខ្លួន នោះគណៈមេធាវីកម្ពុជានឹងធ្វើដូចគ្នាដែរ”។
លោក ហុន មិនបានគំរាមថានឹងប្តឹងមេធាវីណាម្នាក់ទេ ប្រសិនបើពួកគេមិនបានធ្វើតាមនោះ លើកលែងតែមេធាវីអាមេរិកម្នាក់ ដែលលោកបានបដិសេធមិនប្រាប់ឈ្មោះ ប៉ុន្តែបាននិយាយថា បានលើកហេតុផលច្រើនទាក់ទិននឹងការត្រូវចុះឈ្មោះនេះ។
លោកបាននិយាយថា “ប្រសិនបើចាំបាច់ត្រូវចាត់វិធានការច្បាប់ ខ្ញុំនឹងប្តឹង”។
មេធាវីបរទេសម្នាក់ដែលបានធ្វើការនៅទីនេះអស់រយៈពេលប្រាំឆ្នាំមកហើយ បាននិយាយថា លោកត្រូវបានគេហៅមកគណៈមេធាវីពីរបីខែមុន ប៉ុន្តែមិនត្រូវបានគេស្នើឲ្យចុះឈ្មោះទេ ហើយបានចាកចេញពីការជួបគ្នានោះដោយភាន់ច្រឡំអំពីអ្វីដែលត្រូវលើកយកមកនិយាយ។
មេធាវីរូបនេះ ដែលសុំមិនប្រាប់ឈ្មោះព្រោះភាពរសើបនៃបញ្ហានេះ បាននិយាយថា “ពួកគេដូចជាសន្មតជាមុនថា អ្នកកំពុងអនុវត្តច្បាប់នៅទីនេះដោយខុសច្បាប់ ហើយពួកគេគ្រាន់តែសួរសំណួរដើម្បីបញ្ជាក់ប៉ុណ្ណោះ។ ប៉ុន្តែ មិនច្បាស់ថាអ្វីដែលមេធាវីបរទេសត្រូវតម្រូវឲ្យធ្វើនោះទេ”។
ចំពោះហេតុផលដែលគណៈមេធាវីឥឡូវនេះតឹងរ៉ឹងជាមួយច្បាប់អាយុកាល២០ឆ្នាំ លោកបាននិយាយថា មេធាវីកម្ពុជាមួយចំនួនប្រហែលបានចាប់ផ្តើមតវ៉ាអំពីសម្ពាធពីគូប្រកួតប្រជែងបរទេស។ លោកបានប្រមាណថា មានមេធាវីបរទេសមិនលើសពី៥០នាក់ទេកំពុងធ្វើការក្នុងប្រទេសនេះ ដោយមិនរាប់បញ្ចូលនៅតាមអង្គការក្រៅរដ្ឋាភិបាល ឬសាលាក្តីខ្មែរក្រហម ដែលជាចំនួនតូចមួយនៃមេធាវីកម្ពុជាជិត១.០០០នាក់ដែលបានចុះឈ្មោះជាមួយគណៈមេធាវីហើយនោះ។
មេធាវីរូបនេះបានយល់ស្របជាមួយឯកអគ្គរដ្ឋទូតអាមេរិក ដែលថាច្បាប់ក្នុងស្រុកទំនងជា “មិនស្រប” ជាមួយកាតព្វកិច្ចអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា ហើយថា ការបង្ខំមេធាវីបរទេសទាំងអស់ឲ្យធ្វើតាមការបកស្រាយតឹងរ៉ឹងរបស់គណៈមេធាវីនេះលើការចុះឈ្មោះ នឹងមានផលអាក្រក់ដល់ការវិនិយោគ។
លោកបាននិយាយថា “ពួកគេធ្វើកិច្ចការជាច្រើនក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជា ថាមានបរិយាកាសវិនិយោគ ហើយការមានមេធាវីបរទេសនៅទីនេះ “ធ្វើឲ្យពួកគេ [អ្នកវិនិយោគទុន] មានអារម្មណ៍កក់ក្តៅថែមទៀត”។
លោកបានបន្ថែមថា ក្រុមហ៊ុនបរទេសត្រូវថ្លឹងថ្លែងលើការចំណាយក្នុងការវិនិយោគនៅប្រទេសមួយក្នុងចំណោមប្រទេសពុករលួយបំផុតលើពិភពលោក ហើយការធ្វើឲ្យពួកគេជឿជាក់មកទីនេះ ចំពេលដែលរដ្ឋាភិបាលកំពុងរឹតបន្តឹងលើការប្រមូលពន្ធសាជីវកម្មនោះ អាចធ្វើឲ្យការងារនៃមេធាវីបរទេសរឹតតែសំខាន់ថែមទៀត។
លោកបាននិយាយថា ទោះបីជាការវិនិយោគបរទេសនឹងមិនដួលរលំដោយគ្មានមេធាវីទាំងនោះក៏ដោយ ក៏ “ខ្ញុំគិតថា នឹងមានផលប៉ះពាល់មួយចំនួន”៕ និត