អ្នកភូមិប្រហែល៥០នាក់មកពីភូមិបឹងឈូក ក្នុងរាជធានីភ្នំពេញបានធ្វើការតវ៉ានៅមុខសាលារាជធានីកាលពីម្សិលមិញ ប្រឆាំងនឹងការព្យាយាមរបស់អាជ្ញាធរមូលដ្ឋានដើម្បីបណ្តេញពួកគាត់ចេញពីផ្ទះសំបែងរបស់ខ្លួន។
អាជ្ញាធរខណ្ឌឫស្សីកែវបានចោទប្រកាន់អ្នកភូមិប្រហែល៦០០គ្រួសារថា បានតាំងទីលំនៅខុសច្បាប់លើដីរបស់រដ្ឋ ហើយបានជូនដំណឹងដដែលៗឲ្យពួកគាត់ចាកចេញ

ប៉ុន្តែគ្រួសារទាំងនេះអះអាងថា ពួកគាត់មានសិទ្ធិរស់នៅទីនោះ ហើយបដិសេធមិនព្រមចាកចេញឡើយ។
យោងតាមអ្នកភូមិបានឲ្យដឹងថា ការព្យាយាមចុងក្រោយរបស់អាជ្ញាធរដើម្បីបណ្ដេញពួកគាត់ចេញនោះបានកើតឡើងកាលពីថ្ងៃច័ន្ទ នៅពេលអភិបាលរងខណ្ឌ ជា ពិសី បានមកដល់ជាមួយសន្តិសុខខណ្ឌរារាំងពួកគាត់មិនឲ្យជួសជុលផ្ទះសំបែងរបស់ខ្លួន។
លោក ទូច សំអុន ដែលបានចូលរួមធ្វើការតវ៉ានៅមុខសាលារាជធានីកាលពីម្សិលមិញបាននិយាយថា “យើងគ្រាន់តែផ្លាស់ប្ដូរដំបូលប្រក់ស្លឹកចាស់របស់យើងទៅប្រក់ស័ង្កសីតែប៉ុណ្ណោះ ដោយសារតែរដូវវស្សាខិតជិតមកដល់។ ប៉ុន្តែអាជ្ញាធរបានអះអាងថា ខ្ញុំបានរស់នៅខុសច្បាប់លើដីរដ្ឋ ដូច្នេះខ្ញុំគ្មានសិទ្ធិជួសជុលផ្ទះរបស់ខ្ញុំឡើយ”។
លោក សំអុន បាននិយាយថា បន្ទាប់មកអភិបាលរងរូបនេះបានទុកពេលឲ្យខ្ញុំបីថ្ងៃ ដើម្បីរុះផ្ទះរបស់ខ្ញុំទាំងស្រុង ដោយបង្កឲ្យមានការតវ៉ាកាលពីម្សិលមិញ។
ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីរយៈពេលជាច្រើនម៉ោង ហើយត្រូវបានរារាំងដោយក្រុមសន្តិសុខមិនឲ្យចូលក្នុងបរិវេណនោះដើម្បីដាក់ញត្តិសុំឲ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍ជំនួសមុខឲ្យពួកគាត់។
ទីបំផុតពួកគាត់បានចាកចេញ ហើយបានធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋសភា ដែលនៅទីនោះគណៈកម្មការសិទ្ធិមនុស្សដែលមានគណបក្សប្រឆាំងជាប្រធានបានទទួលយកញត្តិរបស់ពួកគាត់។
នៅសាលារាជធានី ក្រុមអ្នកភូមិបឹងឈូកត្រូវបានចូលរួមដោយសកម្មជនប្រហែល៦០នាក់ទៀត ដែលត្រូវបានបណ្ដេញចេញរួចហើយពីតំបន់បឹងកក់ក្នុងរាជធានី ហើយបានមកទាមទារសុំសំណងបន្ថែម។
សាលារាជធានីបានបណ្ដេញអ្នកភូមិប្រហែល៣.០០០គ្រួសារចេញពីតំបន់បឹងកក់ ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យដែលមានតម្លៃថ្លៃរបស់លោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះលោកបានចំណាយប្រាក់៧៩លានដុល្លារដើម្បីទទួលបានកិច្ចសន្យាជួលតំបន់នេះរយៈពេល៩៩ឆ្នាំកាលពីឆ្នាំ២០០៧។
គ្រួសារអ្នកភូមិត្រូវបានផ្ដល់ជម្រើសរវាងប្រាក់សំណង៨.៥០០ដុល្លារ ឬប្រាក់៥០០ដុល្លារ និងផ្ទះមួយល្វែងនៅជាយរាជធានី ជាជម្រើសដែលពួកគាត់និយាយថា មិនយុត្តិធម៌។
សៀ ណារ៉េត បាននិយាយថា “យើងទទួលបានសំណងតិចតួច ហើយត្រូវបានបង្ខំឲ្យចាកចេញ។ យើងគ្មានជម្រើសទេ។ ពួកគេបានប្លន់យកដីរបស់យើង។ ប្រសិនបើមិនមានការផ្ដល់សំណងបន្ថែមទេនោះ យើងនឹងមិនឈប់តវ៉ាឡើយ”។
ពីសាលារាជធានី អ្នកដែលរងការបណ្តេញចេញនៅតំបន់បឹងកក់បានធ្វើដំណើរទៅកន្លែងផ្ទះចាស់របស់ពួកគាត់ ដែលឥឡូវនេះក្លាយជាការដ្ឋានសំណង់ ហើយបានធ្វើការតវ៉ានៅទីនោះរហូតដល់ប្រហែលជាថ្ងៃត្រង់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អាជ្ញាធររាជធានីមិនអាចធ្វើអ្វីសម្រាប់ក្រុមណាមួយបានទេ ពីព្រោះអ្នកភូមិបឹងឈូកជាច្រើនគ្រួសារតាំងទីលំនៅលើដីរដ្ឋដោយខុសច្បាប់ ហើយអ្នកភូមិតំបន់បឹងកក់បានទទួលសំណងរួចហើយ។
លោកបានមានប្រសាសន៍ថា ” យើងមិនអាចដោះស្រាយបញ្ហាជូនពួកគាត់បានទេ ពីព្រោះពួកគាត់បានទទួលសំណងរួចហើយ។ នោះមិនមែនមានន័យថា យើងមិនចង់ជួយពួកគាត់ឲ្យមានបាននោះទេ ប៉ុន្តែយើងមិនអាចធ្វើបានឡើយ”៕ សារុន