31 C
Phnom Penh

ក្រុមហ៊៊ុន​ស៊ូកាគុ​កំពុង​ចរចាអំពីទឹកប្រាក់​៣០០លាន​ដុល្លារ​ ជុំវិញ​គម្រោង​នៅតំបន់បឹងកក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ស៊ូកាគុ ជា​ក្រុម​ហ៊ុន​ឯកជន​​កាន់កាប់ដោយ​​លោក ឡាវ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ក្រុម​ហ៊ុន​នៅ​ពីក្រោយ​ការ​បណ្ដេញ​ចេញ​ទ្រង់​ទ្រាយ​ធំ​នៅ​​តំបន់​បឹង​កក់​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​ងាក​មក​រក​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ដែល​ចាប់​អារម្មណ៍​ចង់​ធ្វើ​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​​នៅ​ក្នុង​គម្រោង​ដ៏ចម្រូង​ចម្រាស​នេះ​។

អ្នក​ស្រី អាមុ ភីលឡេ អ្នក​នាំពាក្យ​ក្រុម​ហ៊ុន​ស៊ូកាគុ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​កំពុង​ចរចា​ជាមួយ​ក្រុម​ហ៊ុន​មួយ​ចំនួន​មកពី​ហុង​កុង និង​សិង្ហបុរី ដែល​កំពុង​ពិចារណា​ធ្វើ​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រហែល​៣០០​លាន​ដុល្លារ នៅ​ក្នុង​គម្រោងស្ថិត​នៅ​​កណ្ដាល​រាជធានី​ភ្នំពេញ​នេះ ដែល​មាន​បំណង​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​អគារ​ការិយាល័យ​ទំនើប ហាង​លក់​ដូរ និង​ខុនដូ។

អ្នកស្រី ភីលឡេ បាន​បដិសេធ​មិន​ចេញ​ឈ្មោះ​ក្រុម​ហ៊ុន​បរទេស​ទាំង​នោះ​ទេ ពីព្រោះ​ការ​ចរចា​កំពុងតែ​បន្ត​។ អ្នកស្រី​បាន​និយាយ​ថា “​មិន​ទាន់​មាន​​អ្វី​នៅ​លើ​ក្រដាសនៅឡើយ​ទេ។ មិនទាន់មានការសរសេរ​លាយលក្ខណ៍អក្សរនៅឡើយដែរ។ មានតែតួលេខ​ខ្លះៗប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​នោះ​អាច​កែប្រែ​បាន​ ពីព្រោះ​យើង​កំពុង​ធ្វើ​ការ​ចរចា​នៅ​ឡើយ”។

សំណើ​វិនិយោគ​ពី​ប្រទេស​សិង្ហបុរី​រួម​មាន ការ​សាង​សង់​សាលា​រៀន និង​ខុនដូ​ក្នុង​ទឹក​ប្រាក់​១០០​លាន​ដុល្លារ។

ក្រុម​ហ៊ុន​ស៊ូកាគុ​លើក​ឡើង​ថា ខ្លួន​បាន​​ប្រើ​ប្រាស់​លុយ​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​សួន​ច្បារ​លើ​ដី​មួយ​ផ្នែក​របស់​គម្រោង​ ដែល​មាន​ទំហំប្រហែល​​​១២០​ហិកតា។ ក្រុម​ហ៊ុន​បាន​ស្ថាបនា​ផ្លូវ​ពីរ​បី​ខ្សែ​រួច​ហើយ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ប្រព័ន្ធ​លូ និង​ប្លុក​ការិយាល័យ​ដែល​មាន​កម្ពស់​ប្រាំ​ជាន់​។

ក្រុម​ហ៊ុន​នេះ​ទំនង​ជា​ខ្វះទុន​ដើម្បី​បំពេញតាម​​ផែន​ការ​របស់​ខ្លួនដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារឯណោះ ហើយមានការ​លំបាក​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​បរទេស​​។

កាលពី​ឆ្នាំ​២០១០​ក្រុម​ហ៊ុន​ស៊ូកាគុ​បាន​បង្កើត​​​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នាមួយ​ជាមួយ​ក្រុម​ហ៊ុន Erdos Honjun Investment Corporation របស់ចិន​ដែល​មាន​ទឹក​ប្រាក់​សរុប​២,១៧​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​តំបន់​នេះ។ ប៉ុន្តែ​មិនដែលបាន​​ចាប់​ផ្ដើម​ការ​ងារ​ទេ ហើយ​ក្នុង​ឆ្នាំ​២០១៤ ​បុគ្គលិក​ក្រុម​ហ៊ុន Erdos និង​មន្ត្រី​ស្ថានទូត​ចិន​បាន​អះ​អាង​​ថា ក្រុមហ៊ុន​នេះ​​​បាន​ចែកផ្លូវ​គ្នា​ទៅ​ហើយ។

កាលពី​ខែ​មិថុនា​ឆ្នាំ​មុន ក្រុម​ហ៊ុន HLH របស់​សិង្ហបុរី​បាន​ប្រកាស​អំពី​ផែន​ការ​បង្កើត​ក្រុម​ហ៊ុន​បុ្រតសម្ព័ន្ធ​ថ្មីមួយ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោល​បំណង​ទិញ​ដី​ទំហំ​១,៣៥​ហិកតា​ពី​ក្រុម​ហ៊ុន​ស៊ូកាគុ​ក្នុង​តម្លៃ​១៤,៩​លាន​ដុល្លារ​ដើម្បី​សាង​សង់​អគារ​ការិយាល័យ ខុនដូ ហាង​លក់​ដូរ និង​ភោជនីយដ្ឋាន​។

ក្រុម​ហ៊ុន​ស៊ូកាគុ​លើក​ឡើង​ថា ក្រុម​ហ៊ុន HLH កំពុង​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​មិន​ជាក់​លាក់ បើ​ទោះ​ណា​ជាក្រុម​ហ៊ុន​ HLH បាន​បដិសេធ​ក៏​ដោយ។

តំបន់​គម្រោង​ទាំង​មូល​កំពុង​ជួប​បញ្ហា​។ កាល​ពី​ឆ្នាំ​២០០៨ ក្រុម​ហ៊ុន​ស៊ូកាគុ​បាន​ចាប់​ផ្ដើម​បូមខ្សាច់​​លុប​បឹង​ធម្មជាតិ​នៅ​កណ្ដាល​តំបន់​បឹង​កក់ ដើម្បី​ចាប់​ផ្ដើម​ធ្វើការ​សាង​សង់​។ ទោះ​ជាយ៉ាង​ណា​ ដើម្បី​​ធ្វើ​ដូច​នោះបាន​ ក្រុមហ៊ុន​​ត្រូវ​បណ្ដេញ​អ្នកភូមិ​ប្រហែល​៣.០០០​គ្រួសារ​រស់​នៅទីនោះ​និង​រស់នៅ​ជុំវិញ​បឹង​​ចេញពី​ផ្ទះ​សំបែង​របស់​ខ្លួន​។

អ្នកភូមិ​​ជាច្រើន​គ្រួសារ និង​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​បាន​លើក​ឡើង​ថា ការ​បណ្ដេញ​ចេញ​នេះ​គឺ​ខុស​ច្បាប់ ហើយ​ក្នុង​ឆ្នាំ​២០១១​ធនាគារ​ពិភព​លោក​បាន​បង្កក​ការ​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​ទាំង​អស់​ដល់​ប្រទេស​កម្ពុជា​ដោយ​​មាន​ការ​តវ៉ា។

តំបន់​នេះ​ក្លាយជា​និមិត្តរូប​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ដែល​បាន​កើត​ឡើង​ទូទាំង​ប្រទេស ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​មាននិង​អ្នក​មាន​អំណាច​ធ្វើ​អាជីវកម្ម​៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស