ក្រុមហ៊ុនស៊ូកាគុ ជាក្រុមហ៊ុនឯកជនកាន់កាប់ដោយលោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាក្រុមហ៊ុននៅពីក្រោយការបណ្ដេញចេញទ្រង់ទ្រាយធំនៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញនោះឲ្យដឹងថា ក្រុមហ៊ុននេះងាកមករកការចរចាជាមួយក្រុមហ៊ុនបរទេសមួយចំនួនដែលចាប់អារម្មណ៍ចង់ធ្វើការវិនិយោគក្នុងទឹកប្រាក់រាប់រយលានដុល្លារនៅក្នុងគម្រោងដ៏ចម្រូងចម្រាសនេះ។
អ្នកស្រី អាមុ ភីលឡេ អ្នកនាំពាក្យក្រុមហ៊ុនស៊ូកាគុបាននិយាយកាលពីម្សិលមិញថា ក្រុមហ៊ុនកំពុងចរចាជាមួយក្រុមហ៊ុនមួយចំនួនមកពីហុងកុង និងសិង្ហបុរី ដែលកំពុងពិចារណាធ្វើការវិនិយោគក្នុងទឹកប្រាក់ប្រហែល៣០០លានដុល្លារ នៅក្នុងគម្រោងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញនេះ ដែលមានបំណងប្រែក្លាយតំបន់នេះទៅជាអគារការិយាល័យទំនើប ហាងលក់ដូរ និងខុនដូ។
អ្នកស្រី ភីលឡេ បានបដិសេធមិនចេញឈ្មោះក្រុមហ៊ុនបរទេសទាំងនោះទេ ពីព្រោះការចរចាកំពុងតែបន្ត។ អ្នកស្រីបាននិយាយថា “មិនទាន់មានអ្វីនៅលើក្រដាសនៅឡើយទេ។ មិនទាន់មានការសរសេរលាយលក្ខណ៍អក្សរនៅឡើយដែរ។ មានតែតួលេខខ្លះៗប៉ុណ្ណោះ ប៉ុន្តែតួលេខនោះអាចកែប្រែបាន ពីព្រោះយើងកំពុងធ្វើការចរចានៅឡើយ”។
សំណើវិនិយោគពីប្រទេសសិង្ហបុរីរួមមាន ការសាងសង់សាលារៀន និងខុនដូក្នុងទឹកប្រាក់១០០លានដុល្លារ។
ក្រុមហ៊ុនស៊ូកាគុលើកឡើងថា ខ្លួនបានប្រើប្រាស់លុយផ្ទាល់ខ្លួនដើម្បីធ្វើសួនច្បារលើដីមួយផ្នែករបស់គម្រោង ដែលមានទំហំប្រហែល១២០ហិកតា។ ក្រុមហ៊ុនបានស្ថាបនាផ្លូវពីរបីខ្សែរួចហើយ ហើយបានចាប់ផ្ដើមធ្វើប្រព័ន្ធលូ និងប្លុកការិយាល័យដែលមានកម្ពស់ប្រាំជាន់។
ក្រុមហ៊ុននេះទំនងជាខ្វះទុនដើម្បីបំពេញតាមផែនការរបស់ខ្លួនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ ហើយមានការលំបាកក្នុងការទាក់ទាញវិនិយោគិនបរទេស។
កាលពីឆ្នាំ២០១០ក្រុមហ៊ុនស៊ូកាគុបានបង្កើតក្រុមហ៊ុនរកស៊ីរួមគ្នាមួយជាមួយក្រុមហ៊ុន Erdos Honjun Investment Corporation របស់ចិនដែលមានទឹកប្រាក់សរុប២,១៧ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់នេះ។ ប៉ុន្តែមិនដែលបានចាប់ផ្ដើមការងារទេ ហើយក្នុងឆ្នាំ២០១៤ បុគ្គលិកក្រុមហ៊ុន Erdos និងមន្ត្រីស្ថានទូតចិនបានអះអាងថា ក្រុមហ៊ុននេះបានចែកផ្លូវគ្នាទៅហើយ។
កាលពីខែមិថុនាឆ្នាំមុន ក្រុមហ៊ុន HLH របស់សិង្ហបុរីបានប្រកាសអំពីផែនការបង្កើតក្រុមហ៊ុនបុ្រតសម្ព័ន្ធថ្មីមួយក្នុងប្រទេសកម្ពុជាក្នុងគោលបំណងទិញដីទំហំ១,៣៥ហិកតាពីក្រុមហ៊ុនស៊ូកាគុក្នុងតម្លៃ១៤,៩លានដុល្លារដើម្បីសាងសង់អគារការិយាល័យ ខុនដូ ហាងលក់ដូរ និងភោជនីយដ្ឋាន។
ក្រុមហ៊ុនស៊ូកាគុលើកឡើងថា ក្រុមហ៊ុន HLH កំពុងប្រឈមបញ្ហាហិរញ្ញវត្ថុមិនជាក់លាក់ បើទោះណាជាក្រុមហ៊ុន HLH បានបដិសេធក៏ដោយ។
តំបន់គម្រោងទាំងមូលកំពុងជួបបញ្ហា។ កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនស៊ូកាគុបានចាប់ផ្ដើមបូមខ្សាច់លុបបឹងធម្មជាតិនៅកណ្ដាលតំបន់បឹងកក់ ដើម្បីចាប់ផ្ដើមធ្វើការសាងសង់។ ទោះជាយ៉ាងណា ដើម្បីធ្វើដូចនោះបាន ក្រុមហ៊ុនត្រូវបណ្ដេញអ្នកភូមិប្រហែល៣.០០០គ្រួសាររស់នៅទីនោះនិងរស់នៅជុំវិញបឹងចេញពីផ្ទះសំបែងរបស់ខ្លួន។
អ្នកភូមិជាច្រើនគ្រួសារ និងអង្គការសិទ្ធិលំនៅដ្ឋានបានលើកឡើងថា ការបណ្ដេញចេញនេះគឺខុសច្បាប់ ហើយក្នុងឆ្នាំ២០១១ធនាគារពិភពលោកបានបង្កកការផ្ដល់ប្រាក់កម្ចីថ្មីទាំងអស់ដល់ប្រទេសកម្ពុជាដោយមានការតវ៉ា។
តំបន់នេះក្លាយជានិមិត្តរូបនៃការបណ្ដេញចេញដោយបង្ខំដែលបានកើតឡើងទូទាំងប្រទេស ដើម្បីបើកផ្លូវឲ្យអ្នកមាននិងអ្នកមានអំណាចធ្វើអាជីវកម្ម៕ សារុន