28 C
Phnom Penh

លោក ដូរ៉ូសិនកូ នៅ​ជាប់ពន្ធនាគារ​ដដែល ហើយ​តុលាការ​កំពូល ​នឹង​សម្រេច​ពីការ​នៅ​ក្រៅឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក នីកូឡៃ ដូរ៉ូសិនកូ ជន​ជាតិ​រុស្ស៊ី​ដែល​ជាប់​ពន្ធនាគារ​​នឹង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​​ខេត្ត​ព្រះសីហនុ​ដដែល​ដោយ​មិន​កំណត់​​ បន្ទាប់ពី​មាន​ការ​តវ៉ាជំទាស់​​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​។

ដោយ​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេចកាលពីថ្ងៃទី​១ ខែមេសា​​​ក្នុង​ការ​ឲ្យ​លោក ដូរ៉ូសិន កូ ​អាយុ​៥៤​ឆ្នាំ​នៅ​ក្រៅ​ឃុំ​នោះ លោក អ៊ុក សាវុធ​ អគ្គព្រះរាជអាជ្ញា​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រយៈពេល​​ជាប់​ពន្ធនាគារ​របស់​គាត់​នឹង​ត្រូវ​បន្ត នេះ​បើ​យោង​តាម​លោក ហែម រិទ្ធ ជា​អគ្គ​ព្រះ​រាជអាជ្ញារង​។

លោក ហៀម រិទ្ធ បាន​មាន​ប្រសាសន៍​ថា ” អគ្គព្រះរាជអាជ្ញា​បាន​ប្ដឹង​​ទាស់​។ យើង​មិន​​សប្បាយ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ឡើយ”។

លោក អ៊ុក សាវុធ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។ ឥឡូវ​នេះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​តុលាការ​កំពូល ដែល​តម្រូវ​ឲ្យ​បើក​សវនាការ​ជំនុំជម្រះ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​។

លោក​​ ដូរ៉ូសិនកូ ត្រូវ​កង​រាជអាវុធ​ហត្ថ​ចាប់​ខ្លួន​នៅ​ភោជនីយដ្ឋាន​ Snake House របស់​ក្រុម​គ្រួសារ​លោក​នៅ​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា បន្ទាប់ពី​លោក​មិន​បាន​បង្ហាញ​ខ្លួន​​ពីរ​លើក​នៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ពីសំណាក់​លោក សេរហ្គេ ប៉ូលុនស្គី ជាដៃគូ​វិនិយោគ។

មេធាវី​តំណាង​លោក ប៉ូលុនស្គី អតីត​មហាសេដ្ឋី​អាយុ​៤២​ឆ្នាំ ដែល​គេ​តាម​រក​ចាប់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​តាម​ការ​ចោទ​ប្រកាន់​ពីបទ​កិប​កេង​ប្រាក់​រាប់​លាន​ដុល្លារ​នោះ​អះអាង​ថា លោក ដូរ៉ូសិនកូ បាន​ក្លែង​ហត្ថលេខា​លើ​ឯកសារ​ក្លែង​ក្លាយ​មួយ​ដើម្បី​ឆបោក​​ប្រាក់​១០​លាន​ដុល្លារ​ ដែល​កូនក្ដី​របស់លោក​វិនិយោគនៅក្នុង​​ក្រុម​ហ៊ុន​​ Sea Snake Investment Group ជា​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នា​។

លោក អូសថេប កូន​ប្រុស​របស់​លោក ដូរ៉ូសិន​កូ ដែល​ជា​អនុសេនីយ៍​ឯក​ក្នុង​​កង​កម្លាំង​នគរ​បាល​អន្តោប្រវេសន៍​ខេត្ត​បាន​អះអាងនៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី​២០ ខែ​មេសា​ថា លោក ប៉ូលុនស្គី បាន​បង់​ប្រាក់​សំណូក​២៥០.០០០​ដុល្លារ​ឲ្យ​គេ​ចាប់​ឪពុក​របស់​លោក​ដាក់​ពន្ធនាគារ​។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក អូសថេប ដូរ៉ូសិនកូ​ បាន​និយាយ​ថា លោក​មិន​យល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ឪពុក​របស់​លោក​​ជា​អ្នក​រស់​នៅ​ទីនោះ​យូរ​មកហើយ​ និង​​មាន​សញ្ជាតិ​ខ្មែរ​ទៀត​នោះ​ មិន​ត្រូវ​បាន​ដោះ​លែង​។

លោក​បាន​និយាយ​ថា “នេះ​គឺ​ជា​សំណួរ​ដែល​ខ្ញុំ​សួរ​គ្រប់​ពេល​វេលា​ថា ​ហេតុ​អ្វី?។ ឪពុក​របស់​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់។ មួយ​ជីវិត​របស់​គាត់​រស់​នៅ​ទីនេះ​។ គាត់​នឹង​មិន​រត់​ទៅ​ណា​ទេ​”។

លោក ណាច ទ្រី មេធាវី​តំណាង​​​លោក​ ដូរ៉ូសិនកូ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ប្ដឹង​ទាស់​នេះ​​ទេ។ នៅ​ពេល​​លោក​ ដូរ៉ូសិនកូ ទទួល​បាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃច័ន្ទ សាលា​ឧទ្ធរណ៍​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ដក​ហូត​លិខិត​ឆ្លង​ដែន ឯកសារ​កាន់កាប់​ដីធ្លី និង​ប្រាក់​សុទ្ធ​មួយ​ចំនួន​មិន​បញ្ជាក់​ឲ្យ​ដឹង​ដែល​ជា​ប្រាក់​ធានា​នោះ​។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក កាស្បា៉ សេកូទីន មេធាវី​របស់​លោក ប៉ូលុនស្គី បាន​អះអាង​ថា ពី​មុន​លោកបាន​ដាក់ពាក្យ​សុំ​ឲ្យ​ដាក់​កម្រិត​ទៅ​លើ​ការ​លក់​អចល​ទ្រព្យ​របស់​លោក ដូរ៉ូសិន​កូ ដែល​អចលនទ្រព្យ​មួយ​ចំនួន​លោក ប៉ូលុនស្គី បានអះអាង​សិទ្ធិ
កាន់កាប់នោះ ហើយ​បាន​រក​ឃើញ​ថា មិន​មាន​​ឈ្មោះ​គាត់​នៅក្នុង​បញ្ជី​ទៀតទេ។

លោក សេកូទីន បាន​និយាយ​ថា ” បញ្ហា​គឺ​ថា លោក​ នីកូឡៃ មិន​មាន​អចលនទ្រព្យ​ទេ។ ខ្ញុំ​បាន​ឃើញ​ប័ណ្ណ​កម្មសិទ្ធិ​ដី ហើយ​គាត់​បាន​ផ្ទេរ​ទៅ​ឲ្យ​កូន​ប្រុស​គាត់​ទាំង​អស់​ដែល​ជា​មន្ត្រី​នគរ​បាល”​។

រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​កន្លង​មក លោក ប៉ូលុនស្គី បាន​ជាប់​ពន្ធនាគារ​​ប៉េហ្ស៊ី​ដែល​មាន​សន្តិសុខ​មិន​សូវ​តឹងរ៉ឹង​ក្នុង​រាជធានី​ភ្នំពេញ​រង់ចាំ​ការ​និរទេស​ទៅ​ប្រទេស​រុស្ស៊ី​វិញ បន្ទាប់ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កោះរ៉ុង​នៃ​ក្រុង​ព្រះសីហនុ តាម​សំណើ​របស់​ក្រុង​មូស្គូ។

ទោះ​ជាយ៉ាង​ណា បន្ទាប់ពី​ជាប់​ពន្ធនាគារ​អស់​៣ខែ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​លោក ប៉ូលុនស្គី ដែល​បាន​បដិសេធ​សំណើ​សុំ​ធ្វើ​បត្យាប័ន​របស់​ប្រទេស​រុស្ស៊ី ជា​សេចក្ដី​សម្រេច​ដែល​ត្រូវ​បាន​អះអាង​កាលពី​ខែ​មេសាឆ្នាំ​មុន ដោយ​តុលាការ​កំពូល​៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស