អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនដឹងថា ពេលនេះមានជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ាចំនួន៤០នាក់កំពុងរង់ចាំការចុះឈ្មោះនៅក្នុងរាជធានីភ្នំពេញនោះទេ ហើយបានចោទប្រកាន់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិថា បាននាំជនអន្តោប្រវេសន៍វៀតណាមចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា លោកគ្រាន់តែដឹងថា មានជនស្វែងរកសិទ្ធិជ្រកកោន១៣នាក់ប៉ុណ្ណោះដែលរដ្ឋាភិបាលបានត្រួតពិនិត្យ និងផ្តល់ឋានៈជាជនភៀសខ្លួនរួចរាល់ ទោះបីជាអង្គការសហប្រជាជាតិបានបញ្ជាក់កាលពីម្សិលមិញថា ពេលនេះមានជនស្វែងរកសិទ្ធិជ្រកកោន៤០នាក់បន្ថែមទៀតកំពុងស្ថិតនៅក្នុងរាជធានីភ្នំពេញក្តី។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងរឿងទេចំពោះការមកដល់របស់ជនអន្តោប្រវេសន៍វៀតណាមក្នុងរាជធានីភ្នំពេញ។ យើងមិនចាំបាច់ស្រាវជ្រាវរកជនអន្តោប្រវេសន៍វៀតណាមទាំងនោះទេ ប៉ុន្តែ យើងនឹងចាប់ខ្លួនអ្នកទាំងនោះ បើយើងឃើញពួកគេ ពីព្រោះពួកគេបានឆ្លងព្រំដែនខុសច្បាប់”។
នាយឧត្តមសេនីយ៍រូបេនះបានចោទប្រកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនហៅកាត់ UNHCR ថា បានសមគំនិតជាមួយ “ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់”។
លោកមានប្រសាសន៍ថា “ខ្ញុំគិតថា UNHCR ខុសហើយ ពីព្រោះពួកគេបាននាំជនអន្តោប្រវេសន៍ចូលមក [កម្ពុជា]…។ ច្បាប់ចែងថា បុគ្គលណាដែលបានសមគំនិតជាមួយជនអន្តោប្រវេសន៍ត្រូវតែទទួលការផ្តន្ទាទោសតាមច្បាប់”។
លើកឡើងពីអនុក្រឹត្យលេខ២២៤របស់រដ្ឋាភិបាលស្តីពីជនភៀសខ្លួន លោកបានលើកឡើងបន្ថែមទៀតថា “ខ្ញុំស្នើឲ្យអស់លោកប្រាប់ទៅ UNHCR ថា ពួកគេអាចនឹងមានទោសពីព្រោះពួកគេបាននាំជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលមកកម្ពុជាដោយមិនបានជូនដំណឹងមកអាជ្ញាធរអំពីករណីនេះ”។
អនុក្រឹត្យនោះមិនមានចែងអំពីបុគ្គលដែលសមគំនិតដឹកជញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែ វាពិតជាចែងថា ក្រសួងមហាផ្ទៃ “ត្រូវធានាកិច្ចសហប្រតិបត្តិការពេញលេញជាមួយ UNHCR នៅក្នុងការអនុវត្តបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ”។
ការហូរចូលថ្មីបំផុតនូវជនជាតិដើមភាគតិចរបស់វៀតណាម ដែលភាគច្រើនបានឆ្លងដែនចូលមកក្នុងស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ខេត្តរតនគិរីនេះ បានចាប់ផ្តើមកាលពីចុងខែតុលា។ ពួកគេទាំងអស់សុទ្ធតែអះអាងថា រត់គេចពីការធ្វើទុក្ខបុកម្នេញខាងជំនឿសាសនា និងនយោបាយនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ទោះជាយ៉ាងណា មន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីខេត្តរតនគិរី បានហៅជនជាតិម៉ុងតាញ៉ាម្តងហើយម្តងទៀតថាជា “ជនអន្តោប្រវេសន៍ខុសច្បាប់” ដោយគំរាមនិរទេសពួកគេ និងចាប់ខ្លួនប្រជាពលរដ្ឋខ្មែរណាដែលអាជ្ញាធររកឃើញថា បានលាក់បំពួនពួកគេ។
អង្គការសហប្រជាជាតិបានផ្ទេរក្រុមជនជាតិម៉ុងតាញ៉ាដំបូងដែលមានចំនួន១៣នាក់មកកាន់រាជធានីភ្នំពេញកាលពីខែធ្នូ ហើយបានប្រគល់ពួកគេឲ្យទៅនាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃ ដែលបានទទួលស្គាល់ពួកគេជាជនភៀសខ្លួនផ្លូវការ ពោលគឺមិនដល់មួយសប្តាហ៍ផងទេ ក្រោយពីជនជាតិម៉ុងតាញ៉ាចំនួន៣៦នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន និងនិរទេសចេញ ខណៈពេលពួកគេប៉ុនប៉ងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។
កាលពីម្សិលមិញ លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់របស់ UNHCR មិនបានឆ្លើយសំណួរពាក់ពន្ធនឹងការគំរាមផ្តន្ទាទោសពីសំណាក់នាយឧត្តមសេនីយ៍ សុខ ផល នោះឡើយ។
ទោះជាយ៉ាងណា ទាំងលោកស្រី វីវៀន តាន និងលោកស្រី វ៉ាន ហៀលី (Wan-Hea Lee) តំណាងម៉ុងតាញ៉ា UNHCR ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ពេលេនះជនស្វែងរកសិទ្ធិជ្រកកោនចំនួន៤០នាក់កំពុងស្ថិតក្នុងរាជធានីភ្នំពេញ។
លោកស្រី វ៉ាន ហៀលី បានលើកឡើងក្នុងអីុម៉េលថា “យើងដឹងថា មានជនស្វែងរកសិទ្ធិជ្រកកោនចំនួន៤០នាក់កំពុងស្ថិតនៅក្នុងរាជធានីភ្នំពេញ រង់ចាំឲ្យនាយកដ្ឋានជនភៀសខ្លួនចុះឈ្មោះ។ ពួកគេកំពុងទទួលបានការមើលថែទាំពី UNHCR និងបណ្តាអង្គការមិនមែនរដ្ឋាភិបាល។ យើងដឹងថា មានមួយចំនួនទៀតនៅក្នុងខេត្តរតនគិរី។ យើងបន្តធ្វើការស៊ូមតិ និងផ្តល់ជំនួយដើម្បីឲ្យពួួកគេឆ្លងកាត់ដោយសុវត្ថិភាពជាមួយអាជ្ញាធរដែលមានការទទួលខុសត្រូវ ដែលត្រូវទទួលខុសត្រូវចំពោះការធានាការឆ្លងកាត់ដោយសុវត្ថិភាព”៕សុខុម (រាយការណ៍បន្ថែមដោយ George Wright)