38 C
Phnom Penh

លោក ហ៊ុន សែន​​​ ប្តេជ្ញា​​​ឡើង​​​ធ្វើ​​​ជា​​​ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សន្យា​ឈរ​ឈ្មោះ​ជា​នាយករដ្ឋ​មន្ត្រី​ដោយ​ជោគ​ជ័យ​នៅ​ឆ្នាំ​២០១៨​

កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន​​​ សែន​​​ បាន​​​ប្រកាស​​​ថា លោក​​​នឹង​​​ជំនួស​​​តំណែង​​​លោក​​​ ជា សីុម​​​ ជា​​​ប្រធាន​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ប្រសិន​​​បើ​​​បុរស​​​វ័យ​​​៨០​​​ឆ្នាំ​​​ប្លាយ​​​​​​ដែល​​​មាន​​​សុខភាព​​​ចុះ​​​​​​ខ្សោយ​​​រូប​​​នេះ​​​ទទួល​​​មរណភាព ហើយ​​​បាន​​​សន្យា​​​រក្សា​​​ការក្តោប​​​ក្តាប់​​​អំណាច​​​រយៈ​​​បី​​​ទសវត្សរ៍​​​របស់​​​លោក​​​ក្នុង​​​នាម​​​ជា​​​បេក្ខភាព​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​របស់​​​បក្ស​​​កាន់​​​អំណាច​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​ឆ្នាំ​​​២០១៨​​​។

សុន្ទរកថា​​​បែប​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​ក្រោយ​​​ដំណើរ​​​ទស្សនកិច្ច​​​ទៅ​​​កាន់​​​ប្រទេស​​​ម៉ាឡេស៊ី​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​ទៅ​​​ ដែល​​​ក្នុង​​​នោះ​​​លោក ហ៊ុន សែន បាន​​​ធ្វើ​​​ជា​​​ម្ចាស់​​​កម្មវិធី​​​ក្នុង​​​ព្រឹត្តិការណ៍​​​​​​សាធារណៈ​​​មួយ​​​ជាមួយ​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​អំពី​​​លទ្ធភាព​​​ដែល​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​អាច​​​នឹង​​​ជំនួស​​​តំណែង​​​លោក​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន​​​ សែន បាន​​​ប្រកាស​​​​​​ឧត្តម​​​ភាព​​​របស់​​​​​​លោក​​​លើ​​​គណបក្ស​​​កាន់​​​អំណាច​​​ ហើយ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ប៉ាន់ស្មាន​​​ណា​​​មួយ​​​ដែល​​​លើក​​​ឡើង​​​ថា លោក​​​មាន​​​គម្រោង​​​ប្រគល់​​​អំណាច​​​ដែល​​​លោក​​​បាន​​​ពង្រឹង​​​ដោយ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចាប់​​​តាំង​​​ពី​​​ក្លាយ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​កាល​​​ពី​​​បី​​​ទសវត្សរ៍​​​មុន​​​មក​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ឯ​​​ពិធី​​​សម្ពោធ​​​រោង​​​ចក្រ​​​ចម្រាញ់​​​ដូង​​​ប្រេង​​​របស់​​​ឧកញ៉ា​​​​​​ ម៉ុង ឫទ្ធី សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ថា “ក្នុង​​​ការ​​​ដែល​​សម្តេច​​​ [ជា ស៊ីម]​​​​​​​​​​​​ មរណកាល​​​ អ្នក​​​ដែល​​​ធ្វើ​​​ជា​​​ប្រធាន​​​បក្ស​​​ គឺ​​​ ហ៊ុន សែន ។ បើ ហ៊ុន សែន មិន​​​ធ្វើ​​​ជា​​​ប្រធាន​​​នៅថ្ងៃ​​​នេះ​​​ ក៏​​​ដឹក​​​នាំ​​​បក្ស​​​នេះ​​​រហូត​​​ទៅ​​​ហើយ”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា លោ​​​ក​​​នឹង​​​បន្ត​​​បួង​​​សួង​​​សុំ​​​ឲ្យលោក ជា​​​ ស៊ីម មាន​​​សុខភាព​​​ល្អ ប៉ុន្តែ​​​ថា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ “រង់​​​ចាំ​​​តែ​​​ការ​​​បោះឆ្នោត​​​ប៉ុណ្ណោះ​​​” ដើម្បី​​​ឲ្យ​​​លោក​​​ឡើង​​​ធ្វើ​​​​​​ជា​​​ប្រធាន​​​ថ្មី​​​ជា​​​ផ្លូវ​​​ការ។ លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា លោក សាយ ឈុំ អគ្គលេខាធិការ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​​​​ជំនួស​​​តំណែង​​​លោក ជា​​​ ស៊ីម ជា​​​ប្រធាន​​​ព្រឹទ្ធសភា​​​​​​។

ដោយ​​​សារ​​​តែ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ប្រឈម​​​នឹង​​​ការ​​​គំរាម​​​កំហែង​​​ធំបំផុត​​​ចំពោះ​​​ប្រជា​​​ប្រិយភាព​​​របស់​​​ខ្លួន​​​ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​១៩៩៣​​​ដែល​​​ទទួល​​​បាន​​​ការ​​​ឧបត្ថម្ភ និង​​​រៀប​​​ចំ​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ​​​​​​មក​​​នោះ​​​ លោក ហ៊ុន សែន បាន​​​សន្យា​​​យក​​​ជ័យ​​​ជម្នះ​​​លើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​បាន​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​ឆ្នាំ​​​២០១៨។​​​ ក្រោយ​​​ថ្លែង​​​អំណរគុណ​​​លោក ជា ស៊ីម និង​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​ចំពោះ​​​ការ​​​បន្ត​​​គាំទ្រ​​​របស់​​​លោក​​​ទាំង​​​ពីរ​​​ឲ្យ​​​លោក​​​ធ្វើ​​​ជា​​​បេក្ខ​​​ភាព​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​របស់​​​បក្ស​​​ លោក ហ៊ុន សែន បាន​​​ប្រាប់​​​​​​​​​អ្នក​​​ចូល​​​រួម​​​កាល​​​ពី​​​ម្សិលមិញ​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​​​ “ស្តាប់​​​ឲ្យ​​​ច្បាស់​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ដូច្នេះ​​​ថា “ហ៊ុន​​​ សែន កំពុងធ្វើ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក្នុង​​​អាណត្តិ​​​ទី​​​៥ ហើយ​​​ ហ៊ុន សែន នឹង​​​ឈ្នះ​​​ក្នុង​​​អាណត្តិ​​​ទី​​​៦។ គណបក្ស​​​ប្រជាជន​​​​​​នឹង​​​ឈ្នះ​​​ម្តង​​​ទៀត​​​។ ដោយ​​​សារ​​​តែ​​​គណបក្ស​​​ប្រជាជន​​​ឈ្នះ​​​ ទើប​​​យើង​​​អាច​​​រស់​​​នៅ​​​ជាមួយ​​​គ្នា​​​បាន​​​សុខ​​​បែ​​​ប​​​នេះ​​​”។

លោក​​​ ហ៊ុន សែន បាន​​​បញ្ជាក់​​​ថា សង្គ្រាម​​​នឹង​​​ផ្ទុះ​​​ឡើង​​​ ប្រសិន​​​បើ​​​លោក​​​មិន​​​ជាប់​​​ឆ្នោត​​​។ លោក​​​បាន​​​ចោទ​​​សួរ​​​ថា “មាន​​​ចាំ​​​ទេ​​​ការ​​​ផ្លាស់​​​ប្តូរ​​​នៅ​​​ឆ្នាំ​​​១៩៧០​​​ក្រោយ​​​ផ្តួល​​​រំលំ​​​សម្តេច​​​ព្រះ​​ នរោត្តម សីហនុ ? សង្គ្រាម​​​បាន​​​ផ្ទុះ​​​ឡើង​​​ទូទាំង​​​ប្រទេស​​​។ អ៊ីចឹង​​​ទេ សូម​​​បញ្ជាក់​​​បេក្ខភាព​​​អាណត្តិ​​​ទី​​​៦​​​នៅ​​​តែ​​​ជា​​​ ហ៊ុន សែន អត់​​​មាន​​​នរណា​​​មក​​​ជំនួស​​​ទេ​​​”។

សុខភាព​​​របស់​​​លោក ជា ស៊ីម វ័យ​​​៨២​​​ឆ្នាំ​​​ បាន​​​ធ្លាក់​​​ដុន​​​ដាប​​​ជា​​​យូរ​​​មក​​​ហើយ​​​។ ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ​​​បាន​​​ខក​​​ខាន​​​ការ​​​ចូល​​​រួ​​​ម​​​សមាជ​​​បក្ស​​​កាល​​​ពី​​​ខែ​​​មករា​​​ដោយសារ​​​តែ​​​លោក​​​ទៅ​​​ព្យាបាល​​​ជំងឺ​​​​​​ក្នុង​​ប្រទេស​​​វៀតណាម។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ម៉ន ប៊ុន​​​នាង​​​ អ្នក​​​នាំ​​​ពាក្យ​​​ព្រឹទ្ធ​​​សភា បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សុខភាព​​​របស់​​​លោក ជា ស៊ីម គឺ​​​ “ធម្មតា”​​​។ លោក​​​បាន​​​បន្ត​​​ថា “គាត់​​​នៅ​​​តែ​​​ដូច​​​រាល់​​​ថ្ងៃ​​​ គាត់​​​ធម្មតា​​​បែប​​​នេះ​​​យូរ​​​ឆ្នាំ​​​មក​​​ហើយ​​​​​​។ គាត់​​​ពិសា​​​អាហារ​​​បាន​​​ធម្មតា​​​ ធ្វើ​​​ការ​​​បាន​​​ធម្មតា និង​​​អាន​​​ឯកសារ​​​បាន​​​ធម្មតា”៕ សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ មិុច ដារ៉ា)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស