32 C
Phnom Penh

លោក រង្ស៊ី ៖ លោក សុខា នឹង​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ព្រមាន​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ថា លោក​បាន​បញ្ចុះ​បញ្ចូល​លោក កឹម សុខា អនុប្រធាន​បក្ស​របស់​លោក ឲ្យ​បញ្ចប់​ការ​វាយ​ប្រហារ​របស់​លោក​លើ​រដ្ឋាភិបាល តែ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា “វប្បធម៌​សន្ទនា” ថ្មី រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​បោះ​បង់​ចោល បើ​លោក សុខា មិន​បង្អន់​វោហារ​សាស្ត្រ​របស់​លោក​ទេ​នោះ។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​ចាត់​ទុក​របស់​លោក សុខា ថា​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​ជា​បក្ស “កុម្មុយនិស្ត” នៅឯ​​​​វេទិកា​មួយ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​កាលពី​ថ្ងៃ​ទី​២០​ខែ​មេសា មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​លោក រង្ស៊ី និង​លោក ហ៊ុន សែន បាន​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួមគ្នា​នៅ​ទី​ក្រុង​សៀមរាប។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​មួយ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ពុធ​ថា “ដូច​ដែល​ខ្ញុំ​បាន​និយាយ​ពីមុន​អ៊ី​ចឹង គឺ​មិន​គ្រប់គ្រាន់​ទេ បើ​តែ ហ៊ុន សែន និង សម រង្ស៊ី ព្រម​ព្រៀង​ជាមួយ​គ្នា​នោះ។ វា​ត្រូវការ​មនុស្ស​ទាំងអស់។ ដូច្នេះ ខ្ញុំ​ចង់​ផ្ញើ​សារ​មួយ៖ សូម​ឯកឧត្តម សម រង្ស៊ី អប់រំ​ផ្ទៃ​ក្នុង​បក្ស​របស់​លោក​ឲ្យ​បាន”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “បើ​ឯក​ឧត្តម​ធ្វើ​មិន​បាន​ទេ ខ្ញុំ​ក៏ អា​វប្បធម៌​សន្ទនា​ហ្នឹង គឺ​លុប​ចោល​ក៏​ត្រូវ​លុប​ចោល​ទៅ កើត​ហើយ​បើ​វា​ងាប់​ទៅ​វិញ​ក៏​ងាប់​ទៅ ព្រោះ​កើត​ហើយ​វា​ត្រូវ​របួស​នៅ​កំពង់​ឆ្នាំង មិន​អ៊ីចឹង។ កើត​ជាមួយ​គ្នា​នៅ​សៀមរាប ដល់​មក​ងាប់​ត្រូវ​របួស របួស​នៅ​កំពង់​ឆ្នាំង”។

លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា លោក​បាន​ប្រាប់​លោក រង្ស៊ី ណែនាំ​លោក សុខា ឲ្យ​ដើរ​តាម​គោលការណ៍ ប្រសិនបើ​លោក​ចង់​ឲ្យ​វប្បធម៌​សន្ទនា​រស់​ត​ទៅ​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​បាន​ប្រាប់​ឯក​ឧត្តម សម រង្ស៊ី ថា ការ​ថ្លែង​ដែល កឹម សុខា បាន​ធ្វើ​នៅ​កំពង់​ឆ្នាំង​មិន​ល្អ​ទេ។ ខ្ញុំ​បាន​ប្រាប់​លោក​ថា គាត់​នៅ​តែ​ប្រើ​ពាក្យ ‘កុម្មុយនិស្ត’ និង ‘ផ្តាច់​ការ’។

លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​​​​ផ្តាំជាចំហ​​​ថា ខ្ញុំ​​​នឹង​​​រាំ​​​តាម​​​ចង្វាក់​​​ភ្លេង​​​។ ​​​​​​បើ​​​​​​អ្នក​​​ឯង​​​​​​ចង់​​​​​​ស៊្លូ ខ្ញុំ​​​ក៏​​​​​​​​​ស៊្លូ​​​ បើ​​​អ្នក​​​​​ឯង​​​ចង់​​​​​​​​​ម៉ាឌីហ្សូន​​​ ខ្ញុំ​​​ក៏​​​​​​ម៉ាឌីហ្សូន​​​​​​” ។

លោក​​​ ហ៊ុន​​​សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​សើច​​​សំដៅ​​​លើភ្លេង​​​ខ្លាំង​​​ថា “បើ​​​​​​ចង់​​​បូ៊ម​​​បូ៊ម​​​​​​លោត​​​ តាម​​​ដំណើរ។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍ថា “ឥឡូវ​​​នេះ​​​ឯកឧត្តម​​​ សម រង្ស៊ី ត្រូវ​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ការ​​​​​​វប្បធម៌​​​សន្ទនា​​​ ឬ​​​ក៏​​​​​​វប្បធម៌​​​​​​​​​ប្រឈមមុខ​​​ដាក់​​​គ្នា ឬ​​​​​​ប្រទូសរា៉យ​​​គ្នា”។

លោក​​​ សុខា​​​ ដែល​​​ជា​​​អនុ​​​ប្រធាន​​​សភា​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាលពី​​​ម្សិលមិញ។ នាយក​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​គឺ​​​លោក មុត ចាន់ថា បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​កាន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា លោក​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ សុខា កាលពី​​​ថ្ងៃ​​​អង្គារ​​​ ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ហើយ​​​ក៏​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​លោក​​​បង្អន់ការ​​​វាយ​​​ប្រហារ​​​លើ​​​លោក​​​ ហ៊ុន​​​ សែន និង​​​គណបក្ស​​​កាន់​​​អំណាច​​​។

លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សម្រេចចិត្ត​​​ថា មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​គាំទ្រ​​​ជា​​​ឯកច្ឆន្ទ​​​លើ​​​វប្បធម៌​​​សន្ទនា​​​។​​​ យើង​​​ទាំង​​​ពីរ​​​នាក់​​​ចង់​​​បញ្ជាក់​​​សារ​​​នោះ​​​ឲ្យ​​​ច្បាស់​​​លាស់”។​

លោក​​​ រង្ស៊ី បាន​​​មាន​​​ប្រសាសន៍ថា គោល​​​បំណង​​​របស់​​​យើង​​​គឺ​​​ឈ្នះ​​​ឆ្នោត​​​ ឡើង​​​កាន់​​​អំណាច​​​ ដឹក​​​នាំ​​​ប្រទេស​​​ ហើយ​​​នាំ​​​មក​​​នូវ​​​ការ​​​ផ្លាស់​​​ប្តូរ​​​។​​​ គ្មាន​​​អ្វី​​​បាន​ផ្លាស់​​​ប្តូរ​​​ទេ​​​ ប៉ុន្តែ នៅ​​​ក្នុង​​​ក្រប​​​ខណ្ឌ​​​ថ្មី​​​នេះ ដោយ​​​មាន​​​ផ្នត់​​​គំនិត​​​ថ្មី​​​និង​​​វប្បធម៌​​​សន្ទនា​​​ យើង​​​ត្រូវ​​​គោរព​​​គូ​​​ប្រកួត​​​របស់​​​យើង​​​”។

មេបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា ការ​​​វាយប្រហារ​​​និង​​​ការ​​​ប្រ​​​មាថ​​​អាច​​​នាំ​​​មក​​​នូវ​​​ហិង្សា​​​។ យើង​​​មិន​​​អាច​​​រំពឹង​​​គិត​​​ថា គណបក្ស​​​ប្រជាជន​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​ ហើយ​​​ចំពោះ​​​យើង​​​ត្រូវ​​​នៅ​​​ដដែល​​​ក្នុង​​​ផ្នត់​​​គំនិត​​​របស់​​​យើង​​​ និង​​​វិធី​​​នៃ​​​ការ​​​និយាយ​​​របស់​​​យើង​​​នោះ​​​ទេ​​​។​​​ ភាគី​​​ទាំង​​​ពីរ​​​ត្រូវ​​​ថ្លឹង​​​ថ្លែង​​​”។

នៅ​​​ក្នុង​​​សង្កថារបស់​​​​​លោក​​​ លោក​​​ ហ៊ុន សែន បាន​​​រំឭក​​​ឡើង​​​វិញ​​​អំពី​​​ជំនួប​​​ជា​​​មួយ​​​លោក​​​ កឹម សុខា​​​ នៅឯ​​​សភា​​​ជាតិ នៅ​​​ថ្ងៃទី​​​៩​​​ ខែមេសា​​​ ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​និយាយ​​​អំពី​​​ការ​​​គំរាម​​​ដែល​​​​​​អនុប្រធាន​​​បក្ស​​​ប្រឆាំងរូប​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣​​​ “ដាក់​​​ជណ្តើរ​​​” សម្រាប់​​​ឲ្យ​​​​​​លោក​​​ ហ៊ុន សែន​​​ ចុះ​​​ចេញ​​​ ឬ​​​សម្រាប់​​​បក្ស​​​ប្រឆាំង​​​អង្រួន​​​ ប្រសិន​​​បើ​​​លោក​​​បដិសេធ។

លោក​​​ ហ៊ុន សែន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អូ!​​​ តើ​​​​​​អង្រួន​​​​​​​​​ឲ្យ​​​គេ​​​ចុះ​​​ អហិង្សា​​​”?។​​​ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ឯកឧត្តម​​​ ​​​សំណាង​​​ហើយ​​​ឯកឧត្តម ដែល​​​ ឯកឧត្តម​​​មិន​​​​​​បាន​​​ធ្វើ។បើ​​​ ឯកឧត្តមធ្វើ​​​ ពេល​​​នេះ​​​គឺ​​​ជា​​​ពេល​​​វេលា​​​​​​​​​ខួប​​​ខ្មោច​​​​​​ឯកឧត្តម​​​ទេ​​​”។

លោក​​​ ហ៊ុន​​​ សែន បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ទៅ​​​ខ្លួន​​​ឯង​​​ថា “កំុ​​​ភ្លេច​​​ថា នេះ​​​គឺ​​​ជា​​​អ្នក​​​​​​កាន់​​​អំណាច​​​ ហើយ​​​​​​​​មិន​​​ត្រឹម​​​តែ​​​បញ្ជា​​​ទ័ព​​​​​​​​​ទេ​​​  អ្នក​​​បង្កើត​​​កង​​​ទ័ព​​​តែម្តង​​​។​​​ ​​​បើ​​​លោក​​​​​​​​​ចង់​​​​​​បង្កើត​​​​​​សង្គ្រាម​​​ស៊ី​​​វិល​​​​​​ អូខេ ហើយ​​​​​​ចាំ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ក្រុង​​​ប៉ារីស​​​ទី​​​២​​​ទៅ​​​ វាយ​​​គ្នា​​​​​​​​​សិន”។

លោក រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​នឹង​​​មិន​​​អត្ថាធិប្បាយ​​​ថា​​​ តើ​​​ការ​​​គំរាម​​​បែប​​​ហ្នឹង​​​ពី​​​លោក ហ៊ុន​​​ សែន គឺ​​​ជា​​​ការ​​​ប្រឆាំង​​​នឹង​​​វប្បធម៌​​​សន្ទនា​​​ ឬ​​​យ៉ាង​​​ណា​​​ទេ។

លោក រង្ស៊ី បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​ធ្វើ​​​ការ​​​​​​ប្រមាណមើល​​​ទៅ​​​លើ​​​ដៃ​​​គូ​​​សន្ទនា​​​របស់​​​ខ្ញុំ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា សរុប​​​ទៅ​​​វា​​​ពឹង​​​ផ្អែក​​​លើ​​​ខាង​​​យើង​​​ មិន​​​ត្រូវ​​​ទុក​​​ឲ្យ​​​​​​ចន្លោះនៅ​​​ចំហ​សម្រាប់​​​ការ​​​បក​​​ស្រាយ​​​ខុស​​​ ឬ​​​ការ​​​យល់​​​ច្រឡំ​​​ឡើយ​​​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​​​ គល់ បញ្ញា​​​ នាយក​​​ប្រតិបត្តិ​​​​គណៈ​​​កម្មាធិការ​​​សម្រាប់​​​​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​​​​បុព្វ​​​សិទ្ធិ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​មិន​​​វាយ​​​ប្រហារ​​​រដ្ឋាភិបាល​​​ ប្រសិន​​​ប្រើ​​​ខ្លួន​​​ចង់​​​ ប៉ុន្តែ ​​​បញ្ជាក់​​​ថា តាក់​​​ទិច​​​បែប​​​នេះ​​​នឹង​​​ជួយ​​​ដល់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។

លោក​​​ បញ្ញា​​​ បាន​​​និយាយ​​​ថា “គណបក្ស​​​កាន់​​​អំណាច​​​នៅ​​​ក្នុង​​​ប្រទេស​​​មួយ​​​ ចង់​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​មិន​​​រិះ​​​គន់​​​ខ្លួន​​​ទេ។ វា​​​ជា​​​គោល​​​ជំហរ​​​នៃ​​​គណបក្ស​​​កាន់​​​អំណាច ដើម្បី​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ស្ងប់​​​​​​ ដោយ​​​ការ​​​ប្រើ​​​កម្លាំង​​​ ឬ​​​ក៏​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ស្ងប់​​​​​​ដោយ​​​​​​ការ​​​ប្រើ​​​មធ្យោបាយ​​​កាត់​​​បន្ថយ​​​ការ​​​រិះ​​​គន់​​​”។

លោក​​​បាន​​​បញ្ជាក់​​​បន្ថែម​​​ថា “វា​​​ជា​​​តាក់ទិច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​​​​មើល​​​ទៅ​​​ខ្សោយ​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​ពួ​គ​​​គេ​​​មើល​​​ទៅ​​​ល្អ​​​។​​​ ដោយ​​​គ្មាន​​​ការ​​​រិះ​​​គន់​​​ទេនោះ ពួកគេ​​​មាន​​​រូប​​​ភាព​​​ល្អ​​​ក្នុង​​​ចំណោម​​​អ្នក​​​បោះ​​​ឆ្នោត​​​។ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា គណបក្ស​​​កាន់​​​អំណាច​​​ធ្លាប់​​​បាន​​​គ្រប់​​​គ្រង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​មាន​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​សង្គម​​​ គេ​​​មិន​​​អាច​​​​​​​​​គ្រប់​​​​​​គ្រង​​​បាន​​​ទេ​​​ ដូច្នេះ​​​ គេ​​​ធ្វើ​​​បែប​​​នេះ​​​ដើម្បី​​​កាត់​​​​​​បន្ថយ​​​ការ​​​រិះ​​​គន់​​​”។

លោក​​​ បញ្ញា បាន​​​និយាយ​​​ថា “តើ​​​អ្នក​​​អាច​​​សុំ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​មិន​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​ ឬ​​​ផ្តល់​​​មតិ​​​យោបល់​​​ផ្សេង​​​ៗយ៉ាង​​​ដូច​​​ម៉្តេច​​​​​​ ហើយ​​​តើ​​​អាច​​​នឹង​​​មាន​​​វប្បធម៌​​​សន្ទនា​​​ដោយ​​​គ្មាន​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​​​​ណាទៅ?​​​”៕ រើន និង និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស