31 C
Phnom Penh

ប៉ូលិស​រឹប​អូស​បាន​ថ្នាំ​ពេទ្យ​​ចំនួន​៣​តោន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា ប៉ូលិស​រឹបអូស​បាន​ថ្នាំ​ពេទ្យ​គ្មាន​អាជ្ញា​ប័ណ្ណ​ជាង​បី​តោន មាន​តម្លៃ​១​លាន​ដុល្លារ ពី​ផ្ទះ​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែន​សុខ​ ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ និង​បាន​ចាប់​ខ្លួន​ម្ចាស់ម្នាក់​ បន្ទាប់ពី​ប្រតិបត្តិ​ការ​ឃ្លាំ​មើល​ការ​ផ្ទេរ​ទំនិញ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

លោក ឡុង ស្រេង ប្រធាន​ប៉ូលិស​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​និយាយ​ថា ប៉ូលិស​បាន​ចូល​ឆែកឆេរ​ផ្ទះ​នោះ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​នា​វេលា​ម៉ោង​១០​ព្រឹក និង​រឹបអូស​បាន​៤០២​កេស​ដែល​មាន​ថ្នាំ​ពេទ្យ​១១​ប្រភេទ​ខុស​គ្នា ដែល​ជន​សង្ស័យ តេង សុខពន អាយុ​៤០​ឆ្នាំ បាន​សារភាព​ថា បាន​រត់ពន្ធ​ចូល​ប្រទេស​នេះ។

សំដៅ​ចំពោះ​ស្លាក​ប្រើ​ដោយ​ក្រុមហ៊ុន​ភ័ស្តុភារ​អន្តរជាតិ​នេះ លោក​បាន​និយាយ​ថា “មាន​៤០២​កេស​ដាក់​ថ្នាំ​ពេទ្យ​១១​ប្រភេទ​ផ្សេង​គ្នា ដែល​ប្រហែល​ជា​ទំនិញ​តាម​យន្តហោះ ពីព្រោះ​វា​មាន​ស្ទិកឃឺ DHL លើ​ទំនិញ​ទាំង​នោះ”។

លោក ស្រេង បាន​និយាយ​ថា លោក​មិន​ជឿ​ថា ថ្នាំ​ពេទ្យ​នោះ​ក្លែងក្លាយ​ទេ និង​បាន​និយាយ​ថា ជា​ពិសេស​ពីរ​ប្រភេទ ដែល​ប្រើ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​និង​ជួយ​សម្រក​ទម្ងន់ គឺ​ថ្លៃ​ណាស់ ហើយ​មាន​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​តម្លៃ​ប៉ាន់​ប្រមាណ​សរុប។

លោក​បាន​និយាយ​ថា ថ្នាំ​ពីរ​ប្រភេទ[នោះ]​តែ​ឯង​មាន​តម្លៃ​៦៨០.០០០​ដុល្លារ បូក​សរុប​នឹង​ថ្នាំ​ផ្សេងទៀត​មាន​ទឹក​ប្រាក់​ជាង​មួយ​លាន​ដុល្លារ។ នោះ​ជា​ចំនួន​ដ៏​ច្រើន។ ខ្ញុំ​មិន​គិត​ថា គេ​យក​វា​ទាំង​អស់​មក​តាម​យន្តហោះ​នោះ​ទេ”។ លោក​បាន​បន្ថែម​ថា DHL បាន​បដិសេធ​ថា​មិន​បាន​ដឹក​ជញ្ជូន​កេស​ទាំង​នោះ​ទេ។

លោក ស្រេង បាន​និយាយ​ថា បើ​ទោះ​ជា​មាន​ការ​សារភាព​របស់​ជន​សង្ស័យ​ក៏​ដោយ ក៏​គាត់​មិន​បាន​ប្រាប់​ប៉ូលិស​អំពី​ប្រភព​ថ្នាំ និង​បាន​អះអាង​ថា​មិន​បាន​ដឹង​ថា អីវ៉ាន់​រត់ពន្ធ​បាន​ឆ្លង​ព្រំដែន ឬ​តាម​ផ្លូវ​រត់ពន្ធ និង​វិធី​ដឹក​ជញ្ជូន​ដែល​គេ​ប្រើ​ឡើយ។

វិបសាយ​ប៉ូលិស​ជាតិ​កាលពី​ថ្ងៃ​ពុធ បាន​ដក​ស្រង់​សម្តី​ព្រះរាជ​អាជ្ញា​រង​តុលាការ​ក្រុង លោក តុប​ ឈុន ឡុង ដែល​និយាយ​ថា វា​ឆាប់​ពេក​ក្នុង​ការ​កំណត់ ថា​តើ​ថា្នំ​ពេទ្យ​រឹប​អូស​បាន​នោះ ពិត​ឬ​ក្លែងក្លាយ។

លោក​បាន​និយាយ​ថា “ថ្នាំ​ពេទ្យ​ទាំង​នេះ​ថ្លៃ​ណាស់ ប៉ុន្តែ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ថា​តើ​ថ្នាំ​ពេទ្យ​នោះ​ជា​ថ្នាំ​ពិត ឬ​ក្លែងក្លាយ ចាំ​បញ្ជូន​ទៅ​ទី​ពិសោធ​ធ្វើ​តេស្ត​មើល​សិន”៕​ និត​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស