យោងតាមរបាយការណ៍មួយដែលចេញនៅសប្តាហ៍នេះដោយទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី បានឲ្យដឹងថា ជាលើកដំបូងហើយចាប់តាំងពីទិន្នន័យផ្កាយរណបអាចរកបានសម្រាប់ប្រទេសនេះបានបង្ហាញថា ភាគរយនៃតំបន់ដីគោករបស់ប្រទេសកម្ពុជាដែលគ្របដណ្តប់ដោយព្រៃឈើ មានទំហំតូចជាងតំបន់នៃដីគ្មានព្រៃគ្របដណ្តប់។
របាយការណ៍របស់ក្រុមនេះ ដែលត្រូវបានផ្សព្វផ្សាយតាមអីុនធឺណិតកាលពីថ្ងៃទី១០ ខែមេសា អមដោយផែនទីកំណត់រយៈពេលរបស់ប្រទេសនេះតាំងពីឆ្នាំ១៩៧៣មក បាននិយាយថា ទិន្នន័យផ្កាយរណបបង្ហាញថា ចំនួនតែ៤៧,៧ភាគរយនៃផ្ទៃដីរបស់ប្រទេសនេះគ្របដណ្តប់ដោយព្រៃកាលពីឆ្នាំមុន (៨.៦៦០.១៥២ហិកតា) ប្រៀបធៀបទៅនឹង៤៨,៤ភាគរយដែលគ្មានព្រៃ។ ផ្នែកនៅសល់គឺជាផ្ទៃទឹក។
ជាការផ្ទុយទាំងស្រុង កាលពីក្នុងឆ្នាំ១៩៧៣ ចំនួន៧២,១១ភាគរយនៃប្រទេសនេះ គឺត្រូវនឹង១៣.០៩៦.១៤៨ហិកតា គ្រប់ដណ្តប់ដោយព្រៃឈើ។
យោងតាមរបាយការណ៍នេះឲ្យដឹងថា “ព្រៃក្រាស់” បានថយចុះពី៤២ភាគរយមកត្រឹម១៦ភាគរយ នៅចន្លោះឆ្នាំ១៩៧៣និងឆ្នាំ២០១៤ ឯចំនួន “ព្រៃចម្រុះ” ដែលរួមមានវាលស្មៅ និងសារពើរុក្ខជាតិ នៅសល់ចំនួនប្រហែល៣០ភាគរយ។
រយៈពេលប្រាំឆ្នាំមកដល់ឆ្នាំ២០១៤ ឃើញមានការកាប់បំផ្លាញព្រៃឈើកើនឡើងជាខ្លាំង ដោយភាគរយនៃគម្របព្រៃឈើបានធ្លាក់ចុះ១២,៥ភាគរយ ធៀបនឹងការធ្លាក់ចុះ២,៨៧ភាគរយ នៅរវាងឆ្នាំ២០០៤និង២០០៩។
ក្នុងឆ្នាំ២០១៣ ក្រុមទិន្នន័យអំពីការអភិវឌ្ឍបានបោះផ្សាយផែនទីបង្ហាញថា ៤៦,៣ភាគរយនៃតំបន់ដីគោករបស់ប្រទេសនេះបានគ្របដណ្តប់ដោយព្រៃ តិចជាង៤៨,៤ភាគរយនៅក្នុងឆ្នាំ២០១៤។
លោក ធី ទ្រី នាយកប្រតិបត្តិ ODC បានពន្យល់ថា នៅពេលដែលទិន្នន័យហាក់ដូចជាបង្ហាញកំណើនគម្របព្រៃពីឆ្នាំ២០១៣ទៅឆ្នាំ២០១៤ ដុំពពកដែលជាឧបសគ្គចំពោះរូបភាពផ្កាយរណបក្នុងឆ្នាំ២០១៣ បានធ្វើឲ្យទិន្នន័យនៅឆ្នាំនោះមិនសូវត្រឹមត្រូវ។
លោក ទ្រី បាននិយាយតាមរយៈសារអេឡិចត្រូនិកកាលពីថ្ងៃពុធថា “តាមពិត នេះមិនបង្ហាញកំណើនគម្របព្រៃឈើនៅលើដីទេ”។
លោកបាននិយាយថា ជារួម ទិន្នន័យផ្កាយរណបគឺជាភ័ស្តុតាងថា ព្រៃរបស់ប្រទេសនេះកំពុងត្រូវរេចរិល។
លោកបានមានប្រសាសន៍ថា “និន្នាការជារួមដែលបង្ហាញក្នុងការវិភាគរបស់យើង គឺមានការកាប់បំផ្លាញព្រៃឈើរយៈពេលយូរនិងកំពុងបន្តនៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ព្រៃក្រាស់តែម្តង”៕ និត