លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យនៅឡើយចំពោះការដាក់ពាក្យស្នើសុំរបស់ជនភៀសខ្លួនបួននាក់នៅលើកោះណូរូ ដែលបានស្ម័គ្រចិត្តមកតាំងលំនៅក្នុងប្រទេសកម្ពុជា ហើយថា កាលបរិច្ឆេទនៃការមកដល់របស់ពួកគេមិនទាន់បានកំណត់នៅឡើយទេ ទោះបីជាមានសេចក្តីរាយការណ៍មួយចំនួនលើកឡើងថា ពួកគេអាចនឹងមកដល់នៅថ្ងៃេនះក្តី។
លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅពេលចប់កិច្ចប្រជុំកំពូលថ្នាក់តំបន់ស្តីពីការជួញដូរមនុស្សថា មន្ត្រីកំពុងពិនិត្យមើលប្រវត្តិរបស់បេក្ខជនដាក់ពាក្យស្នើសុំនៅឡើយក្នុងនោះរួមមានទាំងបញ្ហាសុខភាព និងប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសផងដែរ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “មានមនុស្សបួននាក់ដែលបានដាក់ពាក្យ ប៉ុន្តែ យើងកំពុងពិនិត្យមើលពួកគេនៅឡើយថា តើពួកគេបំពេញបានតាមលក្ខខណ្ឌរបស់យើងឬក៏អត់”។
ការមកដល់របស់ជនភៀសខ្លួនក្នុងពេលឆាប់ៗនេះ គឺជាផ្នែកនៃកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយដែលកម្ពុជា បានចុះហត្ថលេខាជាមួយប្រទេសអូស្ត្រាលី កាលពីឆ្នាំមុន ដោយយល់ព្រមទទួលយកជនភៀសខ្លួនក្នុងចំនួនមិនកំណត់នៅក្នុងចំណោមជនភៀសខ្លួនរាប់ពាន់នាក់ ដែលប្រទេសអូស្ត្រាលីកំពុងឃាត់ខ្លួននៅលើប្រទេសដែនកោះដ៏តូចស្ថិតនៅកណ្តាលមហាសមុទ្រប៉ាសីុហ្វិកខាងត្បូងមួយនេះ ជាថ្នូរនឹងកញ្ចប់ជំនួយ៣១លានដុល្លារ។
រហូតមកទល់ពេលេនះ មានជនភៀសខ្លួនស្ម័គ្រចិត្តតែបួននាក់ប៉ុណ្ណោះ ក្នុងនោះមានបុរសជនជាតិរ៉ូហីុងយ៉ាម្នាក់មកពីប្រទេសភូមា និងជនជាតិអីុរ៉ង់បីនាក់ ដែលបានស្ម័គ្រចិត្តសម្រាប់កម្មវិធី នេះ ទោះបីជារដ្ឋាភិបាលក្រុងកង់បេរ៉ា ខិតខំយ៉ាងខ្លាំងក្នុងបញ្ចុះបញ្ចូលពួកគេរួមទាំងការផ្តល់សាច់ប្រាក់ដល់ពួកគេក្តី។
លោក អៀន រីនថូល (Ian Rintoul) អ្នកនាំពាក្យអង្គការសម្ព័ន្ធសកម្មភាពជនភៀសខ្លួន (Refugee Action Coalition) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី និងដែលកំពុងទំនាក់ទំនងជាមួយអ្នកនៅលើកោះណូរូ បានមានប្រសាសន៍ថា ជនភៀសខ្លួនទាំងបួននាក់នេះត្រូវបានគេប្រាប់ថា ពួកគេអាចនឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅថ្ងៃេនះ។
លោកបានមានប្រសាសន៍ថា “គ្មានអ្វីជាផ្លូវការទេ ប៉ុន្តែ ជនភៀសខ្លួននៅលើកោះណូរូត្រូវបានគេប្រាប់ថា ‘ប្រហែលជានៅថ្ងៃសុក្រ’”។
ទោះជាយ៉ាងណា លោក ស ខេង បានមានប្រសាសន៍ថា កាលបរិច្ឆេទនៃការមកដល់របស់ពួកគេមិនទាន់បានកំណត់នៅឡើងទេ ហើយលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលបានមានប្រសាសន៍ទៅកាន់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថ្នាក់តំបន់ស្តីពីការជួញដូរមនុស្សនេះ បានបដិសេធថា ជនភៀសខ្លួនទាំងនេះនឹងមិនមកដល់កម្ពុជានៅថ្ងៃេនះទេ។ លោកបានបញ្ជាក់ថា “ទេ មិនទាន់ទេ។ ថ្ងៃស្អែក ខ្ញុំហ៊ាននិយាយថា ពួកគេមិនមកទេ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានជំរុញឲ្យប្រទេសអូស្ត្រាលី និងកម្ពុជាបោះបង់ផែនការនេះ ដោយចាត់ទុកថា កិច្ចព្រមព្រៀងនេះគ្មានអ្វីក្រៅពីការសូកប៉ាន់របស់អូស្ត្រាលីដល់កម្ពុជា “ដើម្បីឲ្យទទួលយកជនភៀសខ្លួនមួយចំនួនចេញពីក្នុងដៃរបស់ខ្លួន” ឡើយ។
លោកស្រី អេឡេន ភាសុន (Elaine Pearson) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសអូស្ត្រាលី ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “នេះមិនមែនជាដំណោះស្រាយទេ ប៉ុន្តែ វាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធ្វើឲ្យប៉ះពាល់ដល់ជនងាយរងគ្រោះមួយចំនួន”។
បណ្តាអង្គការសិទ្ធិមនុស្ស និងក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងនៅក្នុងប្រទេសទាំងពីរបានរិះគន់កិច្ចព្រមព្រៀងនេះយ៉ាងខ្លាំង ដោយចោទប្រកាន់ប្រទេសអូស្ត្រាលីថា បានគេចវេះកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនតាមរយៈការបញ្ជូនជនភៀសខ្លួនទាំងនេះទៅកាន់ប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុត និងពុករលួយបំផុតក្នុងពិភពលោក។
លោកស្រី អេឡេន ភាសុន បានក្រើនរំឭកនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ចំណាត់ការរបស់កម្ពុជាកាលពីពេលថ្មីៗនេះក្នុងការនិរទេសជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ារាប់សិបនាក់មកពីប្រទេសវៀតណាម ហើយស្វែងរកប្រទេសទី៣ឲ្យជនជាតិម៉ុងតាញ៉ា ដែលខ្លួនបានទទួលយកក្នុងឋានៈជាជនភៀសខ្លួន គឺជាសញ្ញាមិនល្អសម្រាប់អ្នកមកពីកោះណូរូ។
លោកស្រីបានលើកឡើងថា “រដ្ឋាភិបាលកម្ពុជាគួរតែផ្តោតយកចិត្តទុកដាក់លើការផ្តល់ការការពារប្រកបដោយប្រសិទ្ធភាព និងជំនួយដល់ជនភៀសខ្លួនដែលកំពុងរស់នៅទីនោះរួចទៅហើយ និងធានាថា ជនស្វែងរកសិទ្ធិជ្រកកោនទទួលបានការគោរពសិទ្ធិរបស់ខ្លួនតាមច្បាប់អន្តរជាតិ”។
បច្ចុប្បន្ន មានជនភៀសខ្លួនប្រហែល៦០នាក់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ ជាច្រើននាក់ក្នុងចំណោមពួកគេពិបាករកការងារសមរម្យធ្វើណាស់ដោយសារតែខ្វះលិខិតស្នាម៕ សុខុម