28 C
Phnom Penh

នគរបាល​អន្តោ​ប្រវេសន៍​ឆ្មក់​ចូល​ហាង​លក់​គ្រឿងសង្ហារិម​មួយ ចាប់​ខ្លួន​ជន​ជាតិ​វៀត​ណាម​៣១​នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​ម្នាក់​បានលើក​ឡើង​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​ពុធ នគរ​បាល​អន្តោ​ប្រវេសន៍​បាន​ចាប់​ខ្លួន​កម្មករ​ចំណាក​ស្រុក​ជន​ជាតិ​វៀតណាម​​៣១​នាក់ ដែល​តាម​ចោទ​ថា ​​បាន​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​​ជាជាង​ឈើ​នៅ​​​ហាង​លក់​គ្រឿង​សង្ហារិម​មួយ​​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ។cam-photo-vietnamese-supplied

លោក អុ៊ក ហៃសិលា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ពីដំបូង​កម្មករ​សរុប​៣៧​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​ប្រាំមួយ​នាក់​ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​បី​នាក់​ត្រូវ​បាន​រក​ឃើញ​ថា មាន​លិខិត​ឆ្លង​ដែន និង​ប័ណ្ណ​ការ​ងារ ហើយ​បី​នាក់​ទៀត​ជា​ខ្មែរ​ក្រោម​។

លោក​ឧត្ដម​សេនីយ៍​ទោ ហៃសិលា បានមាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​មាន​ជន​ជាតិ​វៀត​ណាម​តែ​៣១​នាក់​ ប៉ុណ្ណោះ​ដែល​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​សូម្បី​មួយ​ម៉ាត់​​ ហើយ​កំពុង​រង់ចាំ​ឯកសារ​ធ្វើ​ដំណើរ​ដើម្បី​និរទេសពួកគេ​​ទៅវិញ​នៅ​សប្ដាហ៍​ក្រោយ។ យើង​បាន​ចាប់​ខ្លួន​កម្មករ​ចំណាក​ស្រុក​ដែល​គ្មាន​​​ប័ណ្ណ​ការ​ងារ និង​ជា​កម្មករ​ចំណាក​ស្រុក​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ”​។

ឧត្ដម​សេនីយ៍​ទោ ហៃសិលា បាន​មាន​ប្រសាសន៍​ថា ​កម្មករ​វៀត​ណាម​ខុស​ច្បាប់​មួយ​ចំនួន​ទៀត​បាន​លាក់​ខ្លួន​នៅ​ពេល​នគរ​​បាល​​​មក​ដល់​ហាង​កាល​ពី​ថ្ងៃ​ពុធ ហើយ​បន្ទាប់​មក​​បាន​រត់​គេច​ពី​ការ​ចាប់​ខ្លួន។ លោក​បាន​បន្ថែម​ថា ​ហាង​នេះ​មិន​ត្រូវ​បាន​បិទ​ទេ បន្ទាប់ពី​ការ​ឆ្មក់​ចូល។

លោក​បាន​មាន​ប្រសាសន៍​ថា “ហាង​លក់​គ្រឿង​សង្ហារិម​នេះ​ជា​របស់​ឈ្មោះ ទន ថៃអេង ដែល​ជួល​កម្មករ​ចំណាក​ស្រុក​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​គ្មាន​លិខិត​ធ្វើ​ដំណើរ រួម​ទាំង​ប័ណ្ណ​ការ​ងារ​ផង​ដែរ​។ ហាង​លក់​គ្រឿង​សង្ហារិម​នេះ​មិន​មាន​ដាក់​ស្លាក​យីហោ​ទេ​…​ហើយ​កំពុង​ប្រតិបត្តិការ​ដដែល ប៉ុន្តែ​ឥឡូវ​នេះ​មាន​តែ​ជាង​ឈើ​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ មិន​មាន​កម្មករ​ចំណាក​ស្រុក​ជនជាតិ​វៀតណាម​ទេ”។

ចាប់​តាំង​ពី​នាយក​ដ្ឋាន​អន្តោប្រវេសន៍​បាន​ដឹក​នាំ​យុទ្ធនាការ​ស្វែង​រក​ចាប់​ខ្លួន​ និង​និរទេស​ជន​អន្តោ​ប្រវេសន៍​វៀត​ណាម​ខុស​ច្បាប់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន បន្ទាប់ពី​មាន​ការ​រិះគន់​ជាច្រើន​ឆ្នាំពី​គណបក្ស​ប្រឆាំង​ពីការ​គ្រប់​គ្រង​ជន​អន្តោប្រវេសន៍ដ៏ធូររលុង។

ឧត្ដមសេនីយ៍​ទោ ហៃសិលា បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា កម្មករ​ចំណាក​ស្រុក​ជន​ជាតិ​វៀតណាម​១.៣៥៩​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន និង​និរទេស​ចាប់​តាំង​ពី​ចាប់​ផ្ដើម​យុទ្ធនាការ​មក៕ សារុន​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស