ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានជួបជាមួយលោក ចន សាពីណូសូ អនុព័ន្ធច្បាប់នៅស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI)។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា ការពិភាក្សារបស់លោកជាមួយលោក សាពីណូសូ ផ្ដោតលើការស៊ើបអង្កេតពីអំពើភេរវកម្ម និងការលាងលុយ។
លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ថា “ចំណុចសំខាន់ដែលលោកផ្ដោតអាទិភាព គឺការប្រយុទ្ធប្រឆាំងការផ្ដល់ហិរញ្ញវត្ថុដល់ភេរវកម្ម និងការលាងលុយ ដែលជាអាទិភាពដំបូងរបស់លោក ហើយលោកសង្ឃឹមថា លោកនឹងធ្វើការជាមួយអង្គភាពប្រឆាំងអំពើពុករលួយឲ្យបានល្អ ពីព្រោះអង្គភាពប្រឆាំងអំពើពុករលួយដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងការលាងលុយ ហើយទី២យើងគិតថា នឹងមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាង FBI និង ACU ទាក់ទងការប្រយុទ្ធប្រឆាំងអំពើពុករលួយ”។
លោកបានបន្ថែមថា ទីភ្នាក់ងារទាំងពីរនឹងធ្វើការរួមគ្នាដើម្បីចាប់ខ្លួនជនសង្ស័យណាដែលផ្ដល់មូលនិធិឲ្យក្រុមភេរវករ។
លោកបានមានប្រសាសន៍ថា “ឧទាហរណ៍ នៅពេលជនសង្ស័យមកដល់ប្រទេសរបស់យើង FBI នឹងប្រាប់យើង ហើយសុំឲ្យយើងតាមដានជននោះរកអ្នកដែលជននេះបានជួបជាមួយ និងតាមដានមនុស្សនោះ ហើយថតរូប រួចរាយការណ៍”។
លោក ចាយ រ៉ាម៉ាន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាមេរិក បានអះអាងថា លោក សាពីណូសូ បានជួបប្រជុំជាមួយ ACU កាលពីម្សិលមិញ ប៉ុន្តែបានលើកឡើងថា លោកមិនដឹងពីអ្វីដែលបានពិភាក្សាឡើយ៕ សារុន