28 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​បុរស​ពីរ​នាក់​​ក្នុង​ក្រុង​ព្រះសីហនុ​ពីបទ​រំលោភ​អ្នក​ទេសចរ​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ក្លឹប​ Waikiki Beach ពីរ​នាក់​​ក្នុង​ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​អ្នក​​ទេសចរ​ជនជាតិ​អូស្ត្រាលី​អាយុ​២២​ឆ្នាំ​កាល​ពី​ម្សិលមិញ នៅ​ក្នុង​បន្ទប់​ដែល​ពួកគេ​ទាំង​ពីរ​នាក់​ស្នាក់​នៅ​នៅ​​រមណីយដ្ឋាន​ទេសចរណ៍​ដ៏ពេញ​និយម​នេះ​។

សារិទ្ធ សិទ្ធី អាយុ​២២​ឆ្នាំ និង​ កួយ ពៅ អាយុ​១៧​ឆ្នាំ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​​ចោទ​ប្រកាន់​បន្ទាប់​ពី​ស្ត្រី​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ដោយ​ចោទ​ប្រកាន់​ថា ​ពួកគេ​បាន​រំលោភ​នាង​​បន្ទាប់ពី​ដឹង​ថា​នាង​ស្រវឹង​ស្រា​ ហើយ​ដេក​លង់លក់​បន្ទាប់ពី​​ផឹក​ស៊ី​នៅ​ក្លឹប​នេះ​កាលពី​យប់​ថ្ងៃច័ន្ទ​។

លោក សារ៉ាត់ វិជ្ជា​ នាយ​ការិយាល័យ​នគរ​បាល​​បច្ចេក​ទេស​ និង​វិទ្យាសាស្ត្រ​ខេត្ត​ព្រះ​សីហនុ ដែល​​កំពុង​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​នេះ​បាន​មាន​ប្រសាសន៍​ថា បុរស​​ទាំង​ពីរ​នាក់​ដែល​ជា​អ្នក​បម្រើ​នៅ​ក្លឹប​នេះ បាន​នាំ​ស្ត្រី​​​រូប​នេះ​ទៅ​បន្ទប់​របស់​ខ្លួន​នៅ​ក្នុង​ក្លឹប​។

លោក​បាន​មាន​ប្រសាសន៍​ថា “​នៅ​ម៉ោង​ប្រហែល​១១​យប់ ខណៈ​ដែល​ជន​រងគ្រោះ​ស្រវឹង​ស្រា​ ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​បាន​នាំ​នាង​ទៅ​បន្ទប់​របស់​ខ្លួន​​ ហើយ​បាន​​រំលោភ​នាង​ម្នាក់​ម្ដងៗ​។ ពួក​គេ​​អាច​រំលោភ​នាង​នៅ​ក្នុង​ក្លឹប​ ពីព្រោះ​ពួកគេ​ជា​អ្នក​បម្រើ​ស្នាក់​នៅ​ក្លឹប​នោះ​”។

លោក​ ញ៉ែត ភ័ណ នាយការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​មាន​ប្រសា​សន៍​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​នគរ​បាល​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ ហើយ​បាន​សារភាព​ថា ពួកគេ​ពិត​ជា​បាន​​រំលោភនាង​​មែន​។ លោក​បាន​បន្ថែម​ថា ស្ត្រី​រូប​នេះ​បាន​​ខ្យល់​គ​សន្លប់​នៅ​ឆ្នេរ​អូរឈើទាល​នៅ​មុខ​ក្លឹប។

លោក​ ភ័ណ បាន​មាន​ប្រសាសន៍​ថា “​សារិទ្ធ សិទ្ធី សារភាព​ថា បាន​រំលោភ​នាង​ពីរ​ដង​ ហើយ​​ កួយ ពៅ បាន​រំលោភ​នាង​តែ​មួយ​ដង​​ប៉ុណ្ណោះ​”។ លោក​បាន​បន្ថែម​ថា អ្នក​ទាំងពីរ​បាន​សារភាព​ប្រាប់​នគរ​បាល​​ថា ពួកគេ​មិន​អាច​ទប់​អារម្មណ៍​បាន​។

លោក​បាន​បន្ថែម​ថា ​”ពួកគេ​​​បាន​រំលោភ​នាង​​​ ពីព្រោះ​ពួកគេ​មិន​អាច​ទប់​អារម្មណ៍​បាន​នៅ​ពេល​​ឃើញ​នាង​​ដេក​តែ​ម្នាក់​ឯង​នៅ​លើ​ឆ្នេរ​”។

លោក​ ភ័ណ បាន​ពន្យល់​ថា “​នៅ​ពេល​ពួកគេ​ឃើញ​ជន​រងគ្រោះ​ស្រវឹង​​ ហើយ​ដេក​នៅ​លើ​ឆ្នេរ​​ខ្សាច់​តែ​ម្នាក់ឯង សិទ្ធី បាន​នាំ​នាង​ទៅ​បន្ទប់​របស់​ខ្លួន ហើយ​បាន​រំលោភ​នាង​​ជាមួយ​មិត្ត​ភក្ដិ​របស់​ខ្លួន។ តុលាការ​​បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ​រំលោភ​”។

អ្នក​នាំពាក្យ​​ស្ថានទូត​អូស្ត្រាលី​ម្នាក់​បាន​លើក​ឡើង​ថា មន្ត្រី​ស្ថានទូត​បាន​ត្រៀម​ផ្ដល់​ជំនួយ​ដល់​អ្នក​ទេសចរ​រូប​នេះ​។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា “យើង​បាន​ដឹង​ពី​​ករណី​រំលោភ​ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​រូប​នេះ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ដើម​សប្ដាហ៍​នេះ ហើយ​ត្រៀម​​ផ្ដល់​ជំនួយផ្នែក​​កុង​ស៊ុល​។ យើង​​បន្ត​ណែនាំ​ដល់​​អ្នក​ទេសចរ​អូស្ត្រាលី​ទាំង​អស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស