មន្ត្រីម្នាក់បាននិយាយថា បុរសបីនាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ និងម្នាក់រងរបួសធ្ងន់ ពេលដែលខ្សែកាបកន្ត្រកយោងដែលពួកគេជិះនៅឯការដ្ឋានសំណង់អគារខ្ពស់ក្នុងខណ្ឌចំការមន ក្រុងភ្នំពេញបានដាច់ ដែលបណ្តាលឲ្យពួកគេធ្លាក់ចុះក្រោមបួនជាន់។
លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បាននិយាយថា អ្នកស្លាប់ពីរនាក់ជាកម្មករសំណង់នៅការដ្ឋាននោះចំណែកអ្នកស្លាប់ទី៣ជាអ្នកលក់កាហ្វេនៅកន្លែងនោះ ដែលជិះកន្ត្រកចុះពីរការយកកាហ្វេទៅឲ្យកម្មករនៅលើលោក សូឈី បាននិយាយថា “ខ្សែកាបកន្ត្រកយោងបានដាច់នៅជាន់ទី៤។ កន្ត្រកយោងនោះគឺសម្រាប់តែដឹកសម្ភារទេ។ គេមិនអនុញ្ញាតឲ្យមនុស្សប្រើទេ”។

បុរសពីរនាក់ គឺកម្មករសំណង់ម្នាក់និងអ្នកលក់កាហ្វេម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ពីរអ្នកផ្សេងទៀតត្រូវគេដឹកទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត ដែលនៅទីនោះម្នាក់បានស្លាប់ដោយសាររបួសធ្ងន់ពេកនាពេលរសៀល។ បុរសម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់នៅឡើយនៅថ្ងៃព្រហស្បតិ៍។
លោក សូឈី និងមន្ត្រីប៉ូលិសខណ្ឌដែលអង្កេតករណីនេះបាននិយាយថា គេមិនស្គាល់ឈ្មោះក្រុមហ៊ុននៅពីក្រោយគម្រោងសំណង់ ឬម្ចាស់នៃអគារមាន១១ជាន់នេះទេ។
នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត សាច់ញាតិបានប្រាប់ភិនភាគអ្នកស្លាប់ ខណៈដែលប៉ូលិសពិនិត្យនៅក្រៅកន្លែងដាក់សព។
អ្នកស្រី ទិត សូវិន អាយុ៤៥ឆ្នាំ បាននិយាយថា កូនប្រុស វ៉ាន់ សារឿន អាយុ១៨ឆ្នាំរបស់អ្នកស្រី បានបាក់ក បាក់ជើងទាំងពីរ និងដៃស្តាំ ហើយបានស្លាប់នៅមន្ទីរពេទ្យ។
អ្នកស្រី សូវិន ដែលធ្វើការនៅការដ្ឋានសំណង់នោះដែរ រួមជាមួយប្តីនិងកូនបួននាក់ផ្សេងទៀត បាននិយាយថា “យើងមកពីខេត្តព្រៃវែងធ្វើការចិញ្ចឹមជីវិតនៅទីនេះ។ ឥឡូវនេះ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ”។
អ្នកស្រី កង ចន្ធូរ អាយុ៤១ឆ្នាំ បាននិយាយថា ប្តីរបស់គាត់ ឈ្មោះ លី ឡុង អាយុ៤១ឆ្នាំដែរ មកកន្លែងការដ្ឋាននេះរាល់ថ្ងៃដើម្បីលក់កាហ្វេឲ្យកម្មករ។
អ្នកស្រីបាននិយាយទាំងស្រក់ទឹកភ្នែកថា “ឱ ព្រះអើយ ទើបអាយុបានប៉ុណ្ណឹង គាត់ស្លាប់ទៅហើយ។ ឱ ព្រះអើយ គ្មានអ្នកណារកស៊ីចិញ្ចឹមកូនៗទេឥឡូវនេះ”។
មិត្ត ស៊ី បាននិយាយថា បងប្រុស មិត្ត សឿង អាយុ១៦ឆ្នាំរបស់គាត់ ដែលស្លាប់ពេលដាច់កន្ត្រកយោងនោះ បានចាប់ផ្តើមធ្វើការនៅការដ្ឋាននេះទើបតែបានបួនថ្ងៃទេ។
យោងតាមលោក ញ៉ែម អឿង ឪពុករបស់ជនរងគ្រោះ ឈ្មោះ អាត ហ៊ាប អាយុ១៨ឆ្នាំ ជាអ្នកនៅរស់តែម្នាក់ពីគ្រោះថ្នាក់នេះបានឲ្យដឹងថា កូនរបស់គាត់រើបពីការដាច់ដៃស្តាំ និងបាក់កជើងទាំងពីរ។
គាត់បាននិយាយថា “ក្រុមវេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា មានសង្ឃឹមតិចតួចណាស់ ពីព្រោះវារងរបួសធ្ងន់ពេក។ កូនប្រុសរបស់ខ្ញុំនឹងត្រូវពិការ ហើយខ្ញុំមិនដឹងថា វាអាចធ្វើការអីបានទេ បើវារស់នោះ”។
រដ្ឋាភិបាលមិនបានតាមឲ្យទាន់វិស័យសំណង់កំពុងរីកដុះដាល ដែលនៅតែជាផ្នែកគ្មាននិយតកម្មត្រឹមត្រូវ ថ្វីបើវាជាកត្តាជំរុញដ៏សំខាន់មួយនៃការវិនិយោគបរទេសក្នុងប្រទេសនេះក្តី ដោយទុកឲ្យក្រុមហ៊ុនសំណង់នានាមើលខុសត្រូវខ្លួនឯង។
លោក សូឈី បាននិយាយថា សំណង់ត្រូវបានផ្អាកនៅការដ្ឋាននោះកាលពីថ្ងៃព្រហស្បតិ៍ រង់ចាំការស៊ើបអង្កេតពីអាជ្ញាធរ ប៉ុន្តែថា មន្ទីររបស់លោកមិនទទួលខុសត្រូវចំពោះការចុះពិនិត្យសុវត្ថិភាពទេ។
លោកបាននិយាយថា “យើងពិនិត្យការអនុញ្ញាតច្បាប់ និងលក្ខណៈបច្ចេកទេស។ [សុវត្ថិភាព] ជាកិច្ចការរបស់ក្រុមហ៊ុន”។
ឧបទ្ទវហេតុកាលពីថ្ងៃព្រហស្បតិ៍គឺជាលើកទី២ហើយក្នុងសប្តាហ៍នេះ ដែលការដ្ឋានសំណង់ត្រូវបានបិទក្នុងក្រុងភ្នំពេញ បន្ទាប់ពីមានគ្រោះថ្នាក់ស្លាប់មនុស្សម្នាក់។
កម្មករសំណង់អាយុ២០ឆ្នាំម្នាក់បានស្លាប់ក្នុងខណ្ឌទួលគោក ក្នុងក្រុងភ្នំពេញកាលពីថ្ងៃអង្គារ នៅពេលដែលខ្សែក្រវាត់សុវត្ថិភាពរបស់ជនរងគ្រោះដាច់ធ្វើឲ្យជនរងគ្រោះធ្លាក់ពីជាន់ទី៧មកដល់ដី។
លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិយាយថា ក្រសួងនឹងចាប់ផ្តើមពិនិត្យការដ្ឋានសំណង់ធំៗនៅពេលណាមួយក្នុងខែនេះ។
លោកបាននិយាយថា “ឥឡូវនេះ មានគ្រោះថ្នាក់កាន់តែច្រើនឡើង។ ដូច្នេះ រដ្ឋមន្ត្រីកំពុងជំរុញយើងឲ្យចាប់ផ្តើមត្រួតពិនិត្យ”៕ និត