28 C
Phnom Penh

ស្ថាប័ន​បោះ​ឆ្នោត​នឹង​ពិភាក្សា​ដេញ​ដោល​គ្នា​អំពី​តួនាទី​របស់​សមាជិក​ខ្លួន​មួយ​រូប​ជុំវិញ​ការ​ចូល​រួមថ្ងៃ​​ទិវាពលកម្ម​អន្តរជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​សម្រេច​ថា​តើ​​ត្រូវ​ស្ដីបន្ទោស​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ថ្មី​របស់​ខ្លួន​ គឺ​លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ជុំវិញ​ការ​​ចូល​រួម​នៅ​​ក្នុង​ការ​ហែក្បួន​ដើម្បី​​ប្រារព្ធទិវា​ពល​​កម្ម​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ​​ឬក៏អត់។

លោក រ៉ុង ឈុន គឺ​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក​ចំនួន​បួន​រូប​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​​ធ្វើ​ជា​សមាជិក​​​ គ.ជ.ប.ថ្មី ដែល​បាន​ចូល​កាន់​​តំណែង​កាលពី​៣​សប្ដាហ៍​កន្លង​មក​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ជ្រើស​រើស​សមាជិក​របស់​ខ្លួន​ចំនួន​បួនរូប​ដែរ ហើយ​​បាន​ជ្រើស​រើស​សមាជិក​អព្យាក្រឹត​ទី៩​រួម​គ្នា​ជាមួយ​គណបក្ស​ប្រឆាំង​។

លោក រ៉ុង ឈុន ដែល​ជា​រឿយៗ​តែង​តែ​រិះគន់​គោល​នយោបាយ​អប់រំ​ និង​ការ​ងារ​របស់​រដ្ឋាភិបាល​​បាន​ធ្វើ​ឲ្យ​អ្នក​រួម​ការ​ងារ​ថ្មី​ជាមួយ​ខ្លួន​មិន​សប្បាយ​ចិត្ត​ក្នុង​រយៈ​ពេល​មួយ​ដ៏ខ្លី​ បន្ទាប់ពី​គ.ជ.ប.​ត្រូវ​បាន​បង្កើត​ឡើង​។

លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប.​ ដែល​ជា​អតីត​សមាជិក​សភា​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា ​ការ​សម្រេច​ចិត្ត​របស់​អតីត​មេដឹកនាំ​សហជីព​រូប​នេះ​​ក្នុង​ការ​ចូល​រួម​​ការ​ហែក្បួន​នៅ​ថ្ងៃ​ទិវាពល​កម្ម​អន្តរជាតិ​​រៀបចំ​ដោយ​សហជីព​មួយ​ចំនួន​តូច​ ដែល​តែង​តែ​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ប្រហែល​ជា​រំលោភ​ច្បាប់​របស់​គ.ជ.ប. ស្ដីអំពី​អព្យាក្រឹតភាព​របស់​សមាជិក​។

លោក ស៊ិក ប៊ុនហុក បាន​មាន​ប្រសាសន៍​ថា ” គ.ជ.ប. គឺ​ឯករាជ្យ​ ហើយ​មិន​អាច​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល ឬ​គណបក្ស​នយោបាយ​ឡើយ​។ យើង​នឹង​សួរ​គាត់​ឲ្យ​បាន​លម្អិត​អំពី​ជំហរ​របស់​ខ្លួន​ថា​តើ​គាត់​នៅខាងភាគី​​ណា”។

កម្មករ​ប្រហែល​៣.០០០​នាក់ បាន​ចូល​រួម​នៅ​ក្នុង​ការ​ហែក្បួន​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ លក្ខខណ្ឌ​ការ​ងារ​ល្អ និង​ការ​លុប​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីអំពី​សហជីព​។ ដោយ​មិន​ព្រម​ធ្វើ​តាម​បម្រាម​របស់​រដ្ឋាភិបាល​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ហែក្បួន​ ​សហជីព​មួយ​ចំនួន​​បាន​ដឹកនាំ​ការ​ហែក្បួន​ទៅ​កាន់​រដ្ឋសភា និង​ក្រសួង​ការ​ងារ ដើម្បី​ដាក់​សម្ពាធ​​ឲ្យ​មាន​ការ​ដោះ​ស្រាយ​អំពី​ការ​ទាម​ទារ​របស់​ពួកគេ។

លោក ស៊ិក ប៊ុនហុក បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ” យើង​បាន​​ដឹង​ថា [លោក រ៉ុង ឈុន] គឺ​នៅ​ជាមួយ​កម្មករ​នៅពេល​គណបក្ស​សំឡេង​ភាគតិច​ទទួល​យក​ញត្តិ​របស់​ពួកគេ។ យើង​ចង់​ឲ្យ​គាត់​បញ្ជាក់​អំពី​បញ្ហា​នេះ​”។

ប្រសិន​បើ​ គ.ជ.ប. ​សម្រេច​ថា សមាជិក​ណាម្នាក់​បាន​បំពាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​​ ជំហាន​ដំបូង​គឺ​ការ​ព្រមាន​។

ប្រធាន​គ.ជ.ប. រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “​គ.ជ.ប. ធ្វើ​ការ​ព្រមាន​។ ប្រសិន​បើ​គាត់​ទទួល​ការ​ព្រមាន​ហើយ​គាត់​នៅ​តែ​មិន​ស្ដាប់​នោះ ​​បន្ទាប់​មក​ទៀត​​នឹង​មាន​វិធាន​ការ​ផ្សេង​ ព្រោះ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​គ.ជ.ប.​ បាន​ឡើយ”។

ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​កាលពី​ឆ្នាំ​១៩៩៨​មក គ.ជ.ប. ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​អតីត​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយត្រូវ​មជ្ឈដ្ឋាន​ទូទៅ​​មើល​ឃើញ​ថា ត្រូវ​បាន​ប្រើ​​ប្រាស់​ជា​ឧបករណ៍​នយោបាយ​សម្រាប់​គណបក្ស​កាន់​អំណាច​ច្រើន​ជាង​។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់​ព្រម​ធ្វើ​កំណែទម្រង់​គណៈកម្មការ​នេះ​កាលពី​ឆ្នាំ​មុន ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​​ដែល​ខ្លួន​​ឯកភាព​​ដើម្បី​​ធ្វើ​​ឲ្យ​គណបក្ស​ប្រឆាំង​ព្រម​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​ ដើម្បី​តវ៉ាជុំវិញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពី​ឆ្នាំ២០១៣​នោះ។ គ.ជ.ប.ថ្មី ដែល​សមាជិក​របស់​ខ្លួន​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពីខែ​មុន គឺ​ជា​សមិទ្ធផល​មួយ​ដែល​បាន​មកពី​កិច្ច​ព្រមព្រៀង​នេះ​។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គ.ជ.ប. ​ដែល​ជា​សមាជិក​ឯករាជ្យ​នៃ​គណៈកម្មការ​នេះ​​បាន​លើក​ឡើង​ថា ស្ថាប័ន​បោះ​ឆ្នោត​​បាន​យល់​ព្រម​ធ្វើ​ការ​ពិភាក្សា​​អំពី​ការ​ចូលរ​ួម​របស់​លោក រ៉ុង ឈុន នៅ​ក្នុង​ការ​ហែក្បួន​កាលពី​ថ្ងៃ​សុក្រ ដោយ​សារ​​មាន​ពាក្យ​បណ្ដឹងពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា ” គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា គាត់​មិនឯករាជ្យ ហេតុ​ដូច្នេះ​យើង​នឹង​សួរ​នាំគាត់​ ហើយ​ត្រួត​ពិនិត្យ​មើល​ថា​តើ​គាត់​បាន​ធ្វើ​អ្វី​ជាមួយ​នឹង​​បទ​បញ្ជាផ្ទៃក្នុង ​​ថា​តើ​វា​ត្រូវ​ឬក៏ខុស​”។

នៅ​ក្នុង​​សេចក្ដី​ថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​សុក្រ លោក សួស យ៉ារ៉ា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ប្ដឹង​ថា លោក រ៉ុង ឈុន មិន​គ្រាន់​តែ​នៅ​កន្លែង​ហែក្បួន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​​ឃើញ​នៅ​ជាមួយ​សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះជាតិ​ដែលគេ​មិន​បញ្ចេញ​ឈ្មោះ​ផង​ដែរ។

កាលពី​ថ្ងៃ​សុក្រ លោក រ៉ុង ឈុន បាន​លើក​ឡើង​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​ថា សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​​ទេ​ដែល​ដើរ​​សំដៅ​មក​រក​​លោក​។

កាលពី​ម្សិលមិញ លោក រ៉ុង ឈុន នៅ​តែ​លើក​ឡើង​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “​នៅ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​គ្មាន​ចែង​អំពី​បញ្ហា​នេះ​ទេ។ ​បទ​បញ្ជា​នេះ​មិន​បាន​ហាម​ឃាត់​ [​ការ​ចូល​រួម​នៅ​ក្នុង​] ​ការ​រំឭក​ខួប​អន្តរជាតិ​ឡើយ​។ ហើយ​នេះ​គឺ​ជា​ការ​រំឭក​ខួប​មិន​មែនជា​បាតុកម្ម​ទេ ហើយ​​មនុស្ស​ឈប់​សម្រាក​ទូទាំង​ពិភព​លោក​”៕ ស៊ុយឈាង​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស