30 C
Phnom Penh

​ក្នុង​ដំណើរ​ទៅកាន់​​ខេត្ត​ភាគ​ខាង​កើត​ គណបក្ស​សង្គ្រោះ​ជាតិ​បន្ថយ​ការ​វាយ​ប្រហារ​លើ​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ងាក​ទៅ​រក​ការ​និយាយ​បែប​​​​សម្រុះ​សម្រួល​​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា​​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៣​ដ៏​ចម្រូង​ចម្រាស​​មក លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹក​នាំ​គណបក្ស​ប្រឆាំង​ កាលពី​ចុង​សប្តាហ៍បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ភាគ​ខាងកើត​គឺ​ខេត្ត​កំពង់​ចាម ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​អំពាវនាវ​ដល់​អ្នកគាំទ្រ​របស់ខ្លួនឲ្យ​​​បង្ហាញ​ភាព​អត់ធ្មត​់​នៅក្នុង​​ការ​ប្រឆាំង​របស់ខ្លួន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា។

បន្ទាប់ពី​​ការ​ធ្វើដំណើរ​ទៅ​កាន់ខេត្ត​ភាគ​កណ្តាល​និង​ខេត្ត​ភាគ​ពាយព្យ​​របស់​គណបក្ស​ប្រឆាំង​ចាប់ពី​ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​​បន្ទាយ​មាន​ជ័យ​កាលពី​ខែមុន ដែល​អំឡុង​ពេល​នោះ លោក​ គឹម សុខា បាន​ចាត់ទុក​​គណបក្ស​ប្រជាជន​កម្ពុជា​ថា “កុម្មុយនីស្ត” លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាមដក​ចេញ​នូវ​​​ “វប​្បធម៌នៃការ​សន្ទនា” រវាង​គណបក្ស​​ទាំងពីរ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃពុធ​ថា លោក​បានជួបជាមួយ​លោក កឹម សុខា ហើយ​បាន​បញ្ចុះ​បញ្ចូល​លោក​ឲ្យ​បន្ថយ​ការ​វាយ​ប្រហារ​​ដើម្បី​រក្សា​​វប្បធម៌នយោបាយ​ថ្មីនេះ ហើយ​កាលពី​ថ្ងៃសុក្រ​​នៅក្នុង​ខេត្ត​កំពង់​ចាម​​ក៏បាន​ថ្លែង​នូវ​សារ​ដូច​គ្នានេះ​ទៅ​កាន់អ្នកគាំទ្រ​គណបក្ស​របស់លោកដែរ​។

លោក សម រង្ស៊ី បានមាន​ប្រសាសន៍ថា “សូមតស៊ូដោយ​ភាព​ស្ងៀម​ស្ងាត់ ​សេចក្តី​ថ្លៃថ្នូរ និង​សន្តិភាព ហើយ​គោរព​គ្នាទៅវិញ​ទៅមក និងដោយមិន​ជេរ​ប្រមាថគ្នា​ ឬ​គំរាម​កំហែង​ឡើយ។ យើង​តស៊ូ​តាម​មធ្យោបាយ​ត្រជាក់ គឺ​មធ្យោបាយ​ថ្លៃថ្នូរ និង​ចាស់ទុំ មិន​ដូច​កូន​ក្មេង​ដែល​ឈ្លោះ​គ្នានោះឡើយ​”។

នៅក្នុង​សុន្ទរកថារបស់លោក​នៅ​ពិធីនោះ លោក កឹម សុខា ក៏បាន​បន្ថយ​វោហារសាស្ត្រ​របស់​លោក​ផងដែរ ដោយ​ផ្តល់ការ​ណែនាំ​ដល់​​អ្នកគាំទ្រ​ស្តីពី​ភាព​ដឹកនាំ។

លោក​បានមាន​ប្រសាសន៍ថា “អ្នកដឹក​នាំត្រូវ​ចេះ​ស្រលាញ់គ្នា មិន​រើស​អើងឡើយ និង​​ស្រលាញ់​ប្រជាជន​ទាំងអស់ ហើយ​ទី​២ ត្រូវ​មាន​ការ​អាណិត​អាសូរ រួមទាំង​អ្នក​ក្រីក្រ​ អ្នកតូច​តាច និង​អ្នក​រងគ្រោះ​ផង​។ ព្រះ​ពុទ្ធសាសនា​ប្រៀន​ប្រដៅ​​ថា សូម​​យើង​ទាំង​អស់គ្នា កុំ​សង​សឹក​គ្នា”។

លោក កឹម សុខា បានមាន​ប្រសាសន៍ថា ហើយ​ប្រសិនបើ​យើង​ប្រកាន់​ខ្ជាប់​ចំណុច​នេះ យើង​នឹង​ឈ្នះ។ យើង​ត្រូវ​បញ្ជាក់​ថា យើង​នឹង​មិន​សងសឹក​គ្នា​ដើម្បី​ឲ្យ​សត្រូវ​របស់​​យើង​​ភ័យ​ខ្លាច​នោះឡើយ”។

ថ្លែង​នៅ​វេទិកា​ដាច់ដោយឡែក​នៅ​ក្នុង​ខេត្តកំពង់​ចាម​កាលពី​ថ្ងៃសៅរ៍ឯណោះវិញ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍ថា រូបលោក​និង​លោក កឹម សុខា បន្ថយ​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជាគឺដើម្បី​ភាព​ល្អប្រសើរ​បំផុត។

លោក សម រង្ស៊ី បានសួរ​អ្នកចូល​រួមថា “​យើង​ធ្លាប់​​វាយ​ប្រហារគ្នាទៅវិញ​ទៅមក ហើយ​មាន​ការ​បង្ហូរ​ឈាម​គ្នា​នៅ​តាម​ដង​ផ្លូវ ការ​បាញ់សម្លាប់​កម្មករ​នៅតាម​ផ្លូវ​វេងស្រេង។ តើបងប្អូន​​ចង់​ឃើញ​រឿង​នេះ​ទៀត​ឬ?”។

លោក​បាន​បន្តថា “​តើ​បង​ប្អូន​ចង់ឲ្យ​មានការ​​ធ្វើ​បាតុកម្មនិង​ការ​ចាប់ខ្លួន ហើយ​ចង់ឲ្យ​មាន​អ្នក​ជាប់ពន្ធនាគារឬ? ទេ បង​ប្អូន។ ដូច្នេះ​យើង​ប្រកាន់​តាម​វប្បធម៌​នៃការ​សន្ទនា ហើយ​ថា វា​ជា​រឿង​ត្រឹម​ត្រូវ”។

លោក ឈឹម ផល​វរុណ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ដែលបាន​ត្អូញ​ត្អែរ​ពី​សុន្ទរកថារបស់លោក កឹម សុខា​ កាលពីខែមុននោះ​​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​នៅតែមិន​សប្បាយ​ចិត្ត​​​អំពី​ការ​ប្រើ​វោហារសាស្ត្រ​របស់​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ដដែល​។

លោក ឈឹម ផល​វរុណ បានមាន​ប្រសាសន៍​ថា “​គាត់​ជា​អ្នកនយោបាយ ហើយ​គាត់​មិន​ែមន​ជា​អ្នកទេស​នា​ដែល​ប្រៀន​ប្រដៅ​អំពី​ព្រះ​ពុទ្ធសាសនាឡើយ។ គាត់​គួរ​យក​ពាក្យ​​នេះ​ទៅ​បង្រៀន​ខ្លួន​ឯង​ទៅ ហើយ​មិន​គួរ​និយាយ​ពី​រឿង​នេះឡើយ ពីព្រោះ​វា​គ្មាន​ប្រយោជន៍ ហើយ​សូម្បី​កូនក្មេង​ក៏​អាច​និយាយ​ពី​រឿង​នេះ​បានដែរ។ គាត់​គួរ​អប់រំ​ខ្លួន​ឯង​​​ជាជាង​អប់រំ​អ្នក​ដទៃ”៕សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស