35 C
Phnom Penh

ក្មេង​ប្រុស​ម្នាក់​ស្លាប់ និង​បី​នាក់​ទៀត​របួស​ដោយ​សារ​គ្រាប់​មិន​ទាន់​ផ្ទុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​កងរាជអាវុធហត្ថ​​មូលដ្ឋាន​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​​ និង​ក្មេង​ពីរ​នាក់​ផ្សេងទៀត​​ព្រមទាំង​​អ្នក​ជិត​ខាង​​​វ័យ​២០​ប្លាយ​របស់​ពួកគេ​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់​នៅ​ពេល​គ្រាប់​កាំភ្លើង​ធំ​​​មួយ​គ្រាប់​បាន​ផ្ទុះឡើង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ព្រះវិហារ។

​យោង​តាម​លោក ជួ ប៊ុនសុង មេបញ្ជាការ​កងរាជអាវុធហត្ថ​​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​​លោក សឿន ចិន អាយុ​២៨​ឆ្នាំ ដែល​ជា​ទាហាន​​បាន​ប្រទះឃើញ​គ្រាប់​ DK-៧៥ ខណៈ​​​​រក​អុស​​​នៅ​ក្នុង​ព្រៃ​ជាមួយ​​ក្មេង​ទាំង​បី​នាក់​នេះ ហើយ​បាន​សម្រេច​ចិត្ត​រើស​គ្រាប់​នេះ​ដាក់​លើ​រទេះ​រួច​យក​វា​មក​ផ្ទះ​។
លោក ប៊ុនសុង បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ពួកគេ​មក​ដល់​ផ្ទះ​ ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​ទាំង​បី និង​ [សឿន ចិន​] បាន​​ធ្វើ​ឲ្យ​ធ្លាក់​គ្រាប់​នេះ​ ហើយ​វា​ក៏ផ្ទះ​ឡើង​តែ​ម្ដង​ដោយ​ធ្វើ​ឲ្យ​ពួកគេ​ទាំង​អស់របួស និង​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់​”។

លោក​បាន​កំណត់​អត្តសញ្ញាណ​ក្មេង​ប្រុស​ដែល​បាត់​បង់​ជីវិត​​ថា មាន​ឈ្មោះ ឈឿម ឈឿត អាយុ​១២​ឆ្នាំ។ ឈឿម សុវ៉ាត អាយុ​១០​ឆ្នាំ ​ប្អូន​ស្រី​របស់​ក្មេង​ប្រុស​រូប​នេះ​ក៏​បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​នេះ​ផង​ដែរ ខណៈ​ក្មេង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ ហៀង សុធារិទ្ធ អាយុ​១៣​ឆ្នាំ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

លោក​ សឿន ចិន និង​ក្មេង​ស្រី​រូប​នេះ​​កំពុង​ត្រូវ​បាន​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះវិហារ រីឯ​ក្មេងប្រុស សុធារិទ្ធ កំពុង​ត្រូវ​បានព្យាបាល​​របួស​មុខ​​ធ្ងន់ធ្ងរ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​ក្រុង​សៀមរាប នេះ​បើ​យោង​តាម​​លោក​ ជា គឹមសេង អភិបាល​ស្រុក​ជាំក្សាន្ត​។

លោក គឹមសេង បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​បី​នាក់​នេះ​គឺ​ជា​អ្នក​ជិត​ខាង​របស់​លោក សឿន ចិន នៅ​ក្នុង​ភូមិ​របុញ ក្នុង​ឃុំ​មរកត​ ស្រុក​ជាំក្សាន្ត ហើយ​ពួកគេ​បាន​ទៅ​​ដើរ​រក​អុស​ជាមួយ​គ្នា។ លោក​បាន​ពន្យល់​ថា ភូមិ​នេះ​​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ដែល​​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​​​​ជាច្រើន​សល់​ពី​សម័យ​សង្គ្រាម​រវាង​​រដ្ឋាភិបាល​ និង​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ភូមិ​របុញ​​ និងភូមិ​ក្បែរ​ៗ​ផ្សេងទៀត​​ គឺ​មានទីតាំង​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​អតីត​ខ្មែរ​ក្រហម ដែល​ជា​កន្លែង​មាន​ការ​ប្រយុទ្ធគ្នា​ខ្លាំង ហេតុ​ដូច្នេះ​​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន​នៅ​សេសសល់​ក្នុង​ព្រៃ​”។ លោក​បាន​បន្ថែម​ថា តំបន់​ដែល​លោក​ សឿន ចិន បាន​រើស​គ្រាប់​គឺ​ស្ថិត​នៅ​ក្នុង​ព្រៃជ្រៅ ហើយ​មិន​ទាន់​មាន​ការ​ដោះ​គ្រាប់​ទាល់​តែសោះ។

លោក ហេង រតនា ​ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC) បាន​លើក​ឡើង​ថា CMAC មិន​បាន​​ដោះគ្រាប់​នៅ​ក្នុង​ព្រៃ​ជុំវិញ​ភូមិ​របុញ​ ព្រោះ​តំបន់​នោះ​ភាគ​ច្រើន​មាន​​ទាហាន​ និង​គ្រួសារ​របស់​ពួកគេ​រស់​នៅ​។

លោក​បាន​បន្ថែម​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​ DK-៧៥​​ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន និង​អតីត​សហភាព​សូវៀត​​គឺ​មាន​គ្រោះ​ថ្នាក់​ណាស់ ព្រោះ​កិប​ឆ្នួន​​របស់​វា​​ស្រោប​ជ័រ​មិន​មែន​ដែក​ទេ​ ហេតុដូច្នេះ​ វា​មិន​ច្រេះ​ចាប់​​ទេ ហើយ​វា​នៅ​​តែ​អាច​ប្រើ​បាន​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​យើង​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​នៅ​ពេល​ក្មេងៗ​ស្លាប់​។ ប៉ុន្តែ​នៅ​ក្នុង​ករណី​នេះ​​ទាហាន​ម្នាក់​បាន​នៅ​​ជាមួយ​ពួកគេ។ ទាហាន​គឺ​ជា​អ្នក​​ទទួល​បាន​ការ​ហ្វឹក​ហាត់​។ គេ​ចាំបាច់​ត្រូវ​តែ​​ដឹង​​​អំពី​គ្រាប់​ទាំង​អស់​ហ្នឹង​”។

យោង​តាម​លោក ប៊ុនសុង បាន​ឲ្យ​ដឹង​ទៀត​ថា លោក សឿន ចិន ទើប​តែ​មក​​ខេត្ត​ព្រះវិហារ​ក្នុង​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ហើយ​មិន​ដឹង​អំពី​ភាព​គ្រោះ​ថ្នាក់​នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ទាហាន​មួយ​ចំនួន​​ថ្មី​សម្រាប់​តំបន់​នោះ ហើយ​មិន​ដឹង​ថាតើ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ប្រើ​ការ​កើត​ឬមិន​កើត​នោះ​ឡើយ”។

អ្នកស្រី​​ ទិត ណៃ ជីដូន​របស់​ សុធារិទ្ធ បាន​លើក​ឡើង​ថា ចៅ​របស់​គាត់​គឺ​ជា​ក្មេង​កំព្រា​ដែល​រស់នៅ​ជាមួយ​គាត់​ និង​ប្ដី​​ក្នុង​ភូមិ​របុញ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “​ចៅ​របស់​ខ្ញុំ​រង​របួស​ត្រង់​ចិញ្ចើម​ខាង​ស្ដាំ ច្រមុះ និង​ទ្រូង​ខាង​ឆ្វេង ដែល​មាន​អំបែង​ជាប់​នៅ​ខាង​ក្នុង​។ គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ព្យួរ​សេរ៉ូម​ឲ្យ​វា”។

អ្នកស្រី​បាន​លើក​ឡើង​ទៀត​ថា ខ្លួន​មិន​ច្បាស់​អំពី​ស្ថានភាព​របស់​ក្មេង​ប្រុស​រូប​នេះ​ទេ ប៉ុន្តែ​ថា ក្មេង​ប្រុស​រូប​នេះ​មិន​អាច​ទទួល​ទាន​​អ្វី​បាន​ឡើយ​។

ទោះបី​ជា​ចំនួន​នៃ​អ្នក​ស្លាប់​ និង​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត​នៅកម្ពុជា​​បាន​ថយចុះ​ជា​បន្ត​បន្ទាប់​​ក្នុង​រយៈ​ពេល​ជាង​២​ទសវត្សរ៍​កន្លង​មក​ក៏ដោយ ប៉ុន្តែ​តួលេខ​នៃ​ការ​ស្លាប់​ និង​គ្រោះ​ថ្នាក់​​បាន​កើន​ឡើង​ជិត​៤០ភាគរយ​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ចាត់​មីន​កម្ពុជា​។ ហើយ​ក្រុម​មន្ត្រី​​បាន​លើក​ឡើង​ថា ​មូលហេតុ​នៃ​ការ​កើន​ឡើង​នេះ​គឺ​​ដោយ​សារ​ការ​ប្រើ​​ប្រាស់​គ្រឿងចក្រ​​ធុន​ធ្ងន់​​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​កសិកម្ម​៕ ស៊ុយឈាង​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស