អ្នកភូមិ៧០គ្រួសារនៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃសៅរ៍បានទទួលយកការផ្តល់សំណងជាដីថ្មីរបស់រដ្ឋាភិបាលផ្លូវការចំពោះស្រែចម្ការដែលពួកគាត់បានបាត់បង់ដោយសារទំនប់វារីអគ្គិសនីសេសាន២កំពុងសាងសង់ ជាការទទួលយកសំណងលើកដំបូង។
យ៉ាងហោចណាស់ អ្នកភូមិ១៦គ្រួសារក្នុងចំណោមអ្នកភូមិប្រហែល៨០០គ្រួសារត្រូវបានបណ្តេញចេញដើម្បីបើកផ្លូវសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់នោះ បានទទួលយកសំណងជាប្រាក់រួចហើយរហូតដល់២០.០០០ដុល្លារ។
ប៉ុន្តែ លោក ដួង ពៅ អភិបាលរងខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកភូមិ៧០គ្រួសារមកពីភូមិស្រែស្រណុក និងភូមិជ្រាប់គឺជាអ្នកភូមិដំបូងដែលទទួលយកសំណងជាដី នៅកន្លែងតាំងទីលំនៅថ្មី ដែលក្នុងមួយគ្រួសារៗទទួលបានដីទំហំ៥ហិកតា និងដីសម្រាប់សង់លំនៅដ្ឋានទំហំ២០ម៉ែត្រគុណនឹង៥០ម៉ែត្រ។
លោកបានមានប្រសាសន៍ថា គ្រួសារអ្នកភូមិក៏មានជម្រើសក្នុងការទទួលយកប្រាក់ចំនួន៦.០០០ដុល្លារដើម្បីសង់ផ្ទះថ្មីនៅនឹងកន្លែង ឬផ្ទះថ្មីដែលត្រូវបានសាងសង់សម្រាប់ពួកគាត់ដោយក្រុមហ៊ុនចិននៅពីក្រោយទំនប់វារីអគ្គិសនី Hydrolancang International Energy។
មិនថាជម្រើសមួយណាដែលពួកគាត់ទទួលយកនោះទេ គ្រួសារអ្នកភូមិនឹងទទួលបានសំណងសម្រាប់របស់របរនៅសេសសល់ផ្សេងៗទៀត ហើយនឹងចាកចេញនៅដើមខែក្រោយនេះ។
លោកបានមានប្រសាសន៍ថា “ពួកគាត់ត្រូវបានផ្តល់សំណងសម្រាប់ដំណាំហូបផ្លែ ផ្ទះសំបែង ទ្រុងជ្រូក ក្រោលគោ និងរបស់របរនៅសេសសល់ផ្សេងៗទៀតផងដែរ”។
ដោយការសាង់សង់ទំបន់វារីអគ្គិសនីនេះបាន២៨ភាគរយហើយនោះ លោក ពៅ បានមានប្រសាសន៍ថា គ្រួសារអ្នកភូមិគ្មានជម្រើសក្រៅពីចាកចេញឡើយ។ លោកបានមានប្រសាសន៍ថា “ទំបន់វារីអគ្គិសនីនេះត្រូវដំណើរការទៅមុខ។ វាមិនអាចឈប់បានឡើយ”។
លោក ជា ខេង បាននិយាយថា គ្រួសាររបស់លោកស្ថិតក្នុងចំណោមអ្នកភូមិ៧០គ្រួសារដែលទទួលយកការផ្តល់ដីនេះ ហើយបានចូលរួមក្នុងពិធីដែលពួកគាត់ទាំងអស់ទទួលយកដីថ្មីតាមរយៈការចាប់ឆ្នោត។
លោកបាននិយាយថា ពួកគាត់មិនចង់ចាកចេញទេ ប៉ុន្តែខ្លាចត្រូវគេបង្ខំឲ្យចាកចេញ ហើយថា មានអ្នកភូមិ១០០គ្រួសារទៀតនៅក្នុងភូមិរបស់លោកដែលក៏បានចុះហត្ថលេខាសម្រាប់កិច្ចព្រមព្រៀងនេះផងដែរ។
លោកបាននិយាយថា “អ្នកភូមិបានយល់ព្រមចាកចេញ ពីព្រោះរដ្ឋាភិបាលកំពុងសាងសង់ទំនប់វារីអគ្គិសនីនេះ។ យើងបារម្ភពីការជន់លិច។ យើងគ្មានជម្រើសឡើយ”។
ដីទំហំ៥ហិកតានឹងធំជាងដីទំហំ១,៥ហិកតាដែលលោកមានក្នុងពេលឥឡូវនេះ។ ប៉ុន្តែលោក ខេង មិនទាន់បានឃើញកន្លែងដីថ្មីនៅឡើយទេ ហើយលោកបារម្ភថា វាប្រហែលជាដីគ្មានជីជាតិ ជាការត្អូញត្អែរដែលអ្នកត្រូវបានបណ្តេញចេញផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាជួបប្រទះនៅកន្លែងតាំងទីលំនៅថ្មី។
លោក គឹម ឌឿង បាននិយាយថា អ្នកភូមិមិនដល់ពាក់កណ្តាលផងក្នុងចំណោមអ្នកភូមិ១៣០គ្រួសារក្នុងភូមិរបស់លោកទទួលយកការផ្តល់សំណងជាប្រាក់ និងដីថ្មីរបស់រដ្ឋាភិបាល ប្រសិនបើរដ្ឋាភិបាលយល់ព្រមផ្តល់សំណងជាប្រាក់បន្ថែមទៀតដល់ពួកគាត់។ លោកមិនបាននិយាយថា តើពួកគាត់ចង់បានប៉ុន្មាននោះឡើយ។
លោកបានិយាយថា ចំពោះអ្នកនៅសេសសល់ ”ពួកគាត់បារម្ភពីការបាត់បង់ការធ្វើស្រែចម្ការតាមប្រពៃណី ការធ្វើកសិកម្មពនេចរ ការបាត់បង់ផ្នូរដូនតារបស់ខ្លួនជាដើម…។ ពួកគាត់សុខចិត្តស្លាប់ក្នុងទឹកជំនន់”៕ សារុន