សមាជិកគ្រួសារនៃជនរងគ្រោះស្លាប់បីនាក់ដោយសារគ្រោះថ្នាក់ដាច់កន្ត្រកយោងនៅការដ្ឋានសំណង់មួយក្នុងក្រុងភ្នំពេញកាលពីសប្តាហ៍មុន បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានទទួលយកសំណងពីក្រុមហ៊ុនសំណង់ ហើយមិនដាក់ពាក្យបណ្តឹងទៅបូ៉លិសទេ។
បុរសបួននាក់បានជិះកន្ត្រកយោងនៅអគារខុនដូកម្ពស់១១ជាន់ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពេលនោះស្រាប់តែដាច់ខ្សែកាប ដោយបណ្តាលឲ្យពួកគេធ្លាក់ចុះក្រោមបួនជាន់។

ពីរនាក់ក្នុងចំណោមពួកគេ ជាកម្មករសំណង់ឈ្មោះ វ៉ាន់ សារឿន អាយុ១៨ឆ្នាំ និង លី ឡុង អ្នកលក់កាហ្វេ អាយុ៤១ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកម្មករម្នាក់ទៀត ឈ្មោះ មិត្ត សឿង អាយុ១៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដោយសាររបួសធ្ងន់ពេក។ មានតែ អាត ហ៊ាប ជាកម្មករសំណង់អាយុ១៨ឆ្នាំប៉ុណ្ណោះ នៅមានជីវិត។ ដៃស្តាំរបស់គាត់ដាច់ក្នុងគ្រោះថ្នាក់នោះ ហើយគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយនៅក្នុងមន្ទីរពេទ្យ។
លោក អុឹង ដារ៉ា មេប៉ុស្តិ៍នគរបាលសង្កាត់បាននិយាយថា ក្រុមហ៊ុនសំណង់បានសងសំណងដល់គ្រួសារសព និងលោក ហ៊ាប។ លោកបាននិយាយថា លោកមិនស្គាល់ឈ្មោះក្រុមហ៊ុននោះ ឬចំនួនប្រាក់សំណងប៉ុន្មានត្រូវគេបង់នោះទេ។
លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បាននិយាយថា លោកក៏មិនស្គាល់ឈ្មោះក្រុមហ៊ុននោះដែរ។ លោកបាននិយាយថា “ការដ្ឋានសំណង់បិទទ្វាររហូតទាល់តែករណីនេះត្រូវបានដោះស្រាយរួចរាល់”។
សេចក្តីប្រកាសព័ត៌មានមួយដាក់លើទំព័រហ្វេសប៊ុករបស់នាយកដ្ឋាននេះ បានឲ្យដឹងថា ម្ចាស់អគារនោះ ឈ្មោះ អុឹង ជុនកេង។
លោក ញ៉ែម អឿង អាយុ៥៨ឆ្នាំ ជាឪពុករបស់ជនរងគ្រោះ ឈ្មោះ អាត ហ៊ាប បាននិយាយកាលពីថ្ងៃអាទិត្យថា តំណាងម្នាក់របស់ក្រុមហ៊ុនសំណង់នេះបានបង់ប្រាក់៨.០០០ដុល្លារឲ្យគ្រួសារលោកកាលពីថ្ងៃសៅរ៍។
លោកបាននិយាយថា “ខ្ញុំបានសម្រេចចិត្តថា [មិនប្តឹង] ទៅប៉ូលិសទេ ពីព្រោះក្រុមហ៊ុននេះ បានផ្តល់សំណងដើម្បីចំណាយលើការព្យាបាលកូនប្រុសរបស់ខ្ញុំ៉”។
មួន ភឿក អាយុ២៩ឆ្នាំ ជាបងស្រីរបស់ មិត្ត សឿង បាននិយាយថា ក្រុមហ៊ុនបានបង់ប្រាក់ឲ្យគាត់១៥.០០០ដុល្លារ ពេលល្ងាចកាលពីគ្រោះថ្នាក់នោះ និង៧០០ដុល្លារទៀតដើម្បីចំណាយធ្វើបុណ្យសព និងសោហុ៊យដឹកជញ្ជូនសពប្អូនប្រុសរបស់នាងទៅផ្ទះនៅខេត្តកំពង់ធំ។
អ្នកស្រី កង ចន្ធូ អាយុ៤១ឆ្នាំ ជាភរិយារបស់ លី ឡុង បាននិយាយថា ក្រុមហ៊ុនបានឲ្យនាងតិចណាស់ គឺបានត្រឹមតែ១.១០០ដុល្លារទេជាសំណងសម្រាប់ការស្លាប់អ្នកលក់កាហ្វេ។
អ្នកស្រីបាននិយាយថា “[ក្រុមហ៊ុន] បាននិយាយថា ប្តីរបស់ខ្ញុំមិនមែនធ្វើការនៅការដ្ឋាននេះទេ ហើយមិនគួរស្ថិតនៅការដ្ឋាននោះឡើយ”។
សមាជិកគ្រួសារទាំងអស់បាននិយាយថា ពួកគេត្រូវបានគេប្រាប់មិនឲ្យប្រាប់ឈ្មោះក្រុមហ៊ុនសំណង់ទេ ហើយមិនមានគម្រោងដាក់ពាក្យបណ្តឹងទៅប៉ូលិសឡើយ។ សាច់ញាតិរបស់ វ៉ាន់ សារឿន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ជា ម៉េត ព្រះរាជអាជ្ញារងតុលាការក្រុង ដែលបានចុះទៅពិនិត្យការដ្ឋានសំណង់កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយកាលពីថ្ងៃអាទិត្យថា បើទោះជាគ្រួសាររបស់ជនរងគ្រោះមិនប្តឹងក៏ដោយ ក៏ការស៊ើបអង្កេតរបស់តុលាការទៅលើករណីដាច់កន្ត្រកយោងនេះនឹងបន្ត។
លោកបាននិយាយថា “យើងកំពុងស៊ើបអង្កេតនៅឡើយ។ យើងនឹងសម្រេចថាតើយើងត្រូវដាក់ការចោទប្រកាន់ ឬមិនដាក់ ថាតើវាជាឃាតកម្មអចេតនា ឬក៏អ្វីផ្សេងទៀត”៕ និត