38 C
Phnom Penh

ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ជួល​អតីត​មន្ត្រី​ប៉ូលិស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ព័ត៌មាន​បង្ហោះ​តាម​វិបសាយ​ប៉ូលិស​ជាតិ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​សប្តាហ៍​មុន​បានស្នើ ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ជ្រើស​យក​មន្ត្រី​នគរបាល​ចូលនិវត្តន៍​បម្រើ​ការពា​រ​សន្តិសុខ​ឯកជន។

លោក ស ខេង ដែល​ផ្តល់​ប័ណ្ណ​សរសើរ​ដល់​ក្រុមហ៊ុន​សន្តិសុខ​មួយ​ចំនួន ក្នុង​ពិធី​មួយ​នៅ​ភោជនីយដ្ឋានទន្លេ​បាសាក់​២ ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​សន្តិសុខ​គួរ​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​មន្ត្រី​កងកម្លាំង​និវត្តជន​ចូល​បម្រើ​ការងារ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ពួកគេ​ប្រសើរ​ឡើង”។

លោក ខេង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ​ថា “ការ​ជ្រើសរើស​កម្លាំង​ដែល​ចូល​និវត្តន៍​ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត ដើម្បី​ឲ្យ​គាត់​មាន​លទ្ធភាព​បង្កើន​ចំណូល​ចិញ្ចឹម​ជីវភាព​ក្នុង​គ្រួសារ​ផង និង​មាន​ឱកាស​យក​បទ​ពិសោធ​ន៍​ដែល​មាន​ស្រាប់​របស់​គាត់​បន្ត​ចូលរួម​ធ្វើ​ការងារ​សន្តិសុខ​ឯកជន​ផង”។

ព័ត៌មាន​ក៏​លើកឡើង​ដែរ​ថា លោក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន​ចំនួន​១៥៦​ក្រុមហ៊ុន ក្នុង​នោះ​មាន​៩៤​ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

ពេល​ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ លោក​ឧត្តម​សេនីយ៍ ស៊ីណា​រិ​ទ្ធ បាន​បដិសេធ​ការ​មាន​កិច្ច​ព្រមព្រៀង​បែប​នេះ ក៏​ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ នគរបាល​ជាតិ​នឹង​ជួប​ជាមួយ​ក្រុមហ៊ុន​សន្តិសុខ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ជ្រើសរើស​មនុស្ស​ចូល​បម្រើ​ការងារ។

លោក ស៊ីណារិទ្ធ មាន​ប្រសាសន៍​ថា “យើង​មិន​មាន​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ទាក់ទិន​នឹង​ការ​ជ្រើសរើស​មន្ត្រី​ប៉ូលិស​ទេ”។

លោក​មាន​ប្រសាសន៍​ថា “ថ្ងៃ​ស្អែក យើង​នឹង​សួរ​ក្រុមហ៊ុន​ឲ្យ​ឆ្លើយ។ ពួកគេ​ត្រូវ​ពិចារណា​មុន​ពេល​ពួកគេ​ឆ្លើយ​នឹង​ផែនការ​របស់​យើង នឹង​ប្រាប់ ថា​តើ​ពួកគេ​នឹង​ទទួល​យក​[មន្ត្រី​ចូល​និវត្តន៍]​បុ៉ន្មាន​នាក់”។ ឧត្តម​សេនីយ៍​ឯក ស៊ីណារិទ្ធ បាន​បញ្ជាក់​ដែរ​ថា លោក ខេង “បាន​ស្នើ” ឲ្យ​ក្រុមហ៊ុន​នានា​ជ្រើសរើស​មន្ត្រី​ចូល​និវត្តន៍​ក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តែ​ត្រូវ​ធ្វើ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត។

លោក​បាន​មាន​ប្រសាសន៍​អំពី​មន្ត្រី​ចូល​និវត្តន៍​ថា “ពួកគេ​មួយ​ចំនួន​ត្រូវការ​ការងារ។ វា​នឹង​ជួយ​ពួកគេ​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ពួកគេ”។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​សន្តិសុខ​ជាច្រើន ដែល​ក្រសួង​ចេញ​ឲ្យ មាន​និយាយ​អំពី​ការ​ជួល​ប៉ូលិស​ចូល​និវត្តន៍។

លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ការ​ចែង​ក្នុង​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​នីមួយៗ​ថា ពួកគេ​ត្រូវ​ជ្រើសរើស​យក​ប៉ូលិស​ចូល​និវត្តន៍”។ លោក​បាន​បន្ថែម​ថា មន្ត្រី​ចូល​និវត្តន៍​ដើរ​តួនាទី​ដ៏​មាន​តម្លៃ​ក្នុង​ក្រុមហ៊ុន​សន្តិសុខ​ជាច្រើន។

“មន្ត្រី​មួយ​ចំនួន​បណ្តុះ​បណ្តាល​ពួកគេ​នូវ​របៀប​តម្រង់​ជួរ កាន់​អាវុធ ការពារ និង ចាប់​ខ្លួន”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស