31 C
Phnom Penh

រដ្ឋាភិបាល​​ត្រូវបាន​ជំរុញ​ឲ្យបន្ត​ចរចា​​ជុំ​វិញ​សេចក្តី​​ព្រាង​​​ច្បាប់​ស្តីពី​​​​អង្គការ​​មិនមែន​​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​​ជាង​៣០០​កំពុង​​ខិត​ខំ​ព្យាយាម​ជា​លើកចុង​​ក្រោយ​បង្អស់​​ដើម្បី​នាំ​រដ្ឋាភិបាល​ចូល​តុ​ចរចា​ និង​​​ជជែក​គ្នា​ឡើង​​​វិញ​​​អំពី​សេចក្តី​ព្រាង​ច្បាប់​មួយ​​​ដែល​​ខ្លួន​​​ព្រួយ​បារម្ភ​ថា អាច​នឹង​ត្រូវ​បាន​ប្រើ​​ប្រាស់​ដើម្បីបង្ក្រាប​អ្នក​​ប្រឆាំង​ និង​ដែល​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សង្ឃឹម​ថា​នឹង​ត្រូវ​អនុម័ត​យ៉ាង​លឿន​នៅ​ក្នុង​ខែ​​នេះ។

សេចក្តី​ព្រាង​ច្បាប់ស្តីពីសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​តម្រូវ​ឲ្យ​អង្គការ និងសមាគម​​នានា​ចុះ​បញ្ជី​ជា​មួយ​រដ្ឋាភិបាល ហើយ​​ដាក់ជូនរបាយ​ការណ៍ទៀងទាត់​ពាក់​ព័ន្ធ​សកម្ម​ភាព និង​​ហិរញ្ញ​​វត្ថុ​របស់​ខ្លួន។

ប៉ុន្តែ​អង្គ​ការ​​មិនមែន​រដ្ឋាភិបាល​ជា​ច្រើន​​​​ព្រួយ​បារម្ភ​ថា ច្បាប់​នេះ​នឹង​ត្រូវ​​បាន​ប្រើ​ប្រាស់​ដើម្បី​បំបិទ​មាត់​​ក្រុម​ដែល​ប្រឆាំង​គោល​នយោបាយ ឬ​ការ​អនុ​វត្ត​​របស់​រដ្ឋាភិបាល ខណៈ​​​​ពួកគេ​​​បាន​រង​ការ​គំរាម​កំហែង​រួច​ទៅ​ហើយ​ដោយសារតែ​​ច្បាប់​បោះ​ឆ្នោតទើប​​​ធ្វើ​វិសោធន​កម្ម​្មថ្មីដែល​​​ហាម​ប្រាមពួក​គេ​មិនឲ្យ “ប្រមាថ” ឬបង្ហាញ​ “ការ​លម្អៀង” ទៅ​រក​​គណបក្ស​នយោ​បាយ​​អំឡុង​យុទ្ធនាការ​​ឃោស​នា​​បោះ​ឆ្នោត​។

​នៅ​ឯ​សន្និសីទ​កាសែត​មួយ​កាល​ពី​ម្សិល​មិញ​​ក្នុង​រាជ​ធានី​ភ្នំពេញ ​អង្គការ​ទាំង​​នេះ​បាន​លើក​ឡើង​​ថា ច្បាប់ស្តីពី​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​​​នេះ​រំលោភ​​សិទ្ធិ​សេរី​ភាព​​នៃ​ការ​ជួប​ជុំ​របស់​ពួក​គេ​​ដែលមាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាលពន្យារ​ពេល​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​នេះដែល​លោក​ ហ៊ុន សែន បានទុក​ចោលកាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​ត្រូវ​បាន​សើរើ​ឡើង​វិញ​​កាល​​ពី​ខែ​មុន។ ​គិត​​មកត្រឹម​ថ្ងៃ​ព្រហស្បតិ៍ មាន​អង្គ​ការ​​មិនមែន​រដ្ឋាភិបាល​សរុប​ចំនួន ៣២០ ​បាន​ចុះ​ហត្ថ​លេខា​​លើ​ញត្តិ​​មួយ​ផ្ញើ​ជូន​​ទៅ​រដ្ឋាភិបាល។​

លោក សួន ប៊ុនសាក់ ប្រធានលេខាធិការដ្ឋាន នៃ​គណៈ​កម្មាធិការ​​ប្រព្រឹត្ត​កម្ម​​ការពារ​សិទ្ធិ​​មនុស្ស​កម្ពុជា ហៅ​​​កាត់​ថា CHRAC ​បានមាន​ប្រសាសន៍​ថា “សូម​ផ្អាក​វា​សិន ហើយ​ត្រឡប់ចូល​មកតុចរចាវិញ។ យើង​ចង់​​ប្រើ​សិទ្ធិ​ដែល​ត្រូវបាន​ធានា​ដោយ​​រដ្ឋ​ធម្មនុញ្ញលើ​ការ​​ចូល​រួម​ជា​​សាធារណៈ​។ យើង​ចង់​​​ប្រើ​សិទ្ធិ​របស់​យើង​ឲ្យ​​​ស្រប​តាម​​​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ នេះ​គឺជា​រឿង​សំខាន់​បំផុត”។

លោក សឿង សារឿន ​នាយក​ប្រតិបត្តិ​នៃ​​​គណៈ​កម្មាធិការ​​សហ​ប្រតិ​បត្តិការ​​ដើម្បី​កម្ពុជា

(CCC) ​បាន​មាន​ប្រសាសន៍​ថា លិខិត​មួយ​ច្បាប់​ដែល​​អង្គ​ការ​មិនមែន​​រដ្ឋាភិបាល​ទាំង​នេះ​បាន​ផ្ញើ​ទៅ​​កាន់​ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល​​​កាល​ពី​ប្រហែល​មួយ​ខែ​មុន​​​ដើម្បី​ស្នើ​សុំ​​ឲ្យ​មានការ​ចរចា​បន្ថែម​ទៀត​នោះ​​ ​គ្មាន​ការ​ឆ្លើយ​តប​​ទេ។

លោក អំ សំអាត ប្រធាន​បច្ចេក​ទេស​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​នៅ​អង្គ​ការ​​​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​​ថា “យើង​ចង់​បាន​​ច្បាប់​នេះ ប៉ុន្តែ​​ចង់ធ្វើ​ឲ្យ​ប្រាកដ​ថា ​ច្បាប់​​នេះ​ការ​ពារ និង​​លើក​កម្ពស់​សិទ្ធិរបស់​ប្រជាជន​ក្នុង​ការ​ចូល​រួម​ក្នុង​សង្គម”។

អង្គ​ការ​មិនមែន​រដ្ឋាភិបាល​ទាំង​​នេះ​​និយាយ​ថា ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ដែល​ខ្លួន​​​​បាន​ឃើញ​​នៅ​ឯ​សិក្ខាសាលា​មួយ​ដែល​ក្រសួង​​មហា​ផ្ទៃបាន​រៀប​ចំឡើង​​កាល​ពី​ឆ្នាំ​២០១១ នឹង​​មាន​ខ្លឹម​សារ​ផ្ទុយ​ពី​នេះ។

​ក្នុង​ចំណោម​ការ​ព្រួយ​បារម្ភធំៗ​របស់​ពួក​គេ​​​ក្រៅពី​ការ​មិ​ន​បាន​​មើលចំណុច​​ដែល​​រដ្ឋាភិបាល​បាន​កែ​ប្រែ​មុន​ពេល​​សេក្តី​ព្រាង​​ច្បាប់​នេះ​​ត្រូវបាន​អនុម័ត​នោះ​ គឺ​ការដែល​ច្បាប់​នេះ​មិន​មាន​​​បង្ហាញ​​ពី​ហេតុ​ផល​ច្បាស់​លាស់​ដែល​រដ្ឋាភិបាល​ត្រូវ​​បាន​​អនុញ្ញាតឲ្យ​ប្រើ​ប្រាស់​ដើម្បី​ច្រាន​ចោល​​​ការ​ដាក់​ពាក្យ​ស្នើសុំ​​របស់​អង្គ​ការ​មិនមែន​រដ្ឋាភិបាល។

ពួក​គេ​និយាយថា មូលហេតុ​ដែល​រដ្ឋាភិបាល​អាច​បិទ​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​បាន គឺ​​​មិន​​​ច្បាស់​​​លាស់​​​ទាល់​​​តែ​​​សោះ​​​​។ ឧទាហរណ៍​ សេចក្តី​ព្រាង​ច្បាប់​​​នេះ​​ចែង​ថា ​ក្រសួង​ការបរទេស​អាច​​លុប​ចោល​​បាន​​នូវ​អនុស្សនរណៈ​នៃ​ការ​យោគ​យល់ (MoU) ចាំ​បាច់​របស់​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​​អន្តរជាតិ​​ណា​​​មួយ​​​ដែល “ធ្វើ​សកម្មភាព​​បណ្តាល​ឲ្យ​បាត់​បង់​​សន្តិភាព ស្ថិរភាព និង​​សណ្តាប់ធ្នាប់​សាធារណៈ​ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ វប្បធម៌​ ទំនៀម​ទម្លាប់ និង​ប្រពៃណី​ក្នុង​សង្គម​ជាតិ​ខ្មែរ”។

អង្គ​ការមិនមែន​រដ្ឋាភិ​បាល​នានា​និយាយ​ថា ​ជា​ញឹក​ញាប់​ រដ្ឋាភិ​បាល​​បាន​ប្រើ​ប្រាស់ភាសា​មិន​ច្បាស់​លាស់​បែប​នេះដើម្បី​ដេញ​ជើង​​អ្នក​រិះគន់​​របស់​ខ្លួន​កាល​ពី​មុន ​ហើយថា ច្បាប់​នេះ​​នឹង​​ផ្តល់​​​ការ​​ការពារ​​តាម​ផ្លូវ​ច្បាប់រឹត​តែ​ខ្លាំង​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​​​ឱកាស​​​ធ្វើ​បែប​នោះ​ទៀត​។​

សម្រាប់​សហ​គមន៍​កសិក​រ​ក្រៅ​ផ្លូវ​ការ​តូចៗ​​ទូទាំង​ប្រទេស ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​នេះ​មិន​រាប់​បញ្ចូល​​បទ​ប្បញ្ញត្តិ​​មុនៗ​ដែល​បាន​តម្រូវ​ឲ្យ​ពួក​គេ​ចុះ​​បញ្ជី​ជា​មួយ​រដ្ឋាភិបាល​ដែរ​​​នោះ​​​​ឡើយ។ ប៉ុន្តែ​​ច្បាប់​​​នេះ​​​នៅ​តែ​​ដាក់​កំហិត​សកម្មភាពរបស់​ពួកគេ​​​នៅ​​​ក្នុង​​​​សហគមន៍​​​ខ្លួន​​​ដែល​ពួកគេ​​បារម្ភ​​ខ្លាច​បញ្ចប់​​បណ្តាញ​ណាមួយ​​​ក្នុង​ចំណោម​បណ្តាញ​ដែល​សហ​គមន៍​​ទាំង​នោះ​បាន​​​បង្កើតឡើង​​។ ពួកគេ​​​ព្រួយ​​​បារម្ភថា សូម្បី​​​តែ​​​សមាគម​​​តូច​​​ៗ​​​ដែល​​​ត្រូវ​​​ចុះបញ្ជី ​​​ប្រហែល​​​ជា​​​ជួប​​​ការ​​​លំបាក​​​​​ចំពោះ​​​បញ្ហា​​បច្ចេកទេស​​​រៀបចំ​តាក់​តែង​លក្ខន្តិកៈ​ ឬ​​​សរសេរ​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​ស្តី​​​ពីស​​​កម្មភាព​​ និង​​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​។

លោក ថេង​​​ សាវឿន អ្នក​​​ស​​​ម្រប​​​សម្រួល​​​នៅ​​​សម្ព័ន្ធ​​​សហគមន៍​​​កសិករ​​​កម្ពុជា ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​ចុះ​​​បញ្ជី​​​បាន​​​ទេ ពីព្រោះ​​​សមត្ថភាព​​​របស់​​​យើង​​​ក្នុង​​​ការ​​​បង្កើត​​​លក្ខន្តិកៈ​​​នៅ​​​មាន​​​កម្រិត​​​។ សេរីភាព​​​របស់​​​យើង​​​គឺ​​​ដូច​​​​​​ជាអាហារ​​​អ៊ីចឹង​​​។ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​អនុវត្ត​​​ច្បាប់​​​នេះ​​មាន​​​ន័យ​​​ថា យើង​​​គ្មាន​​​អាហារ​​​ទទួល​​​ទាន​​​ទេ”។

បណ្តា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​អន្តរជាតិ​​​ក៏​​​លើក​​​ឡើ​​​ងដែរ​​​ថា ការ​​​រឹត​​​បន្តឹង​​​ផ្នែក​​​ថវិកា​​​​​​ដែល​​​ពួកគេ​​​មាន​​​សម្រាប់​​​​​​ចំណាយ​​​លើ​​​ប្រាក់​​​ខែ​​​ និង​​​ការ​​​ចំណាយ​​លើ​​​ការិយា​ល័យ​​​ឲ្យ​​​មក​​​នៅ​​​ត្រឹម​​​២៥​​​ភាគ​​​រយ​​​ អាច​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​ងារ​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​
ការ​​​ងារ​​​សំខាន់​​​ៗ​​​​​​របស់​​​ពួក​​​គេ​​​។

លោក​ស្រី សារ៉ា សីុត (Sarah Sitts) នាយក​​​អង្គការ​​​ NGO Pact ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ច្បាប់​​​នេះ​​​បង្ខំ​​​ឲ្យ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បិទ​​​ទ្វារ​​​ ឬ​កាត់​បន្ថយ​សកម្ម​ភាព​​ “ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ រាប់​​​លាន​​​​​​នាក់​​​អាច​​​រង​​​ផល​​​ប៉ះពាល់​​​នៅ​​​ក្នុង​​​គ្រប់​​​វិស័យ​​​ទាំ​​​ងអស់​​​ចាប់​​​ពី​​​សុខាភិបាល​​​ អប់​​​រំ រហូត​ដល់​ជីវភាព​​​រស់​​​នៅ​​​ បរិស្ថាន​​​ និង​​​អភិបាល​​​កិច្ច​​​ល្អ​​​”។

ការ​​​ស្ទាប​ស្ទង់​មួយ​ទៅ​​​លើ​​​​​​​​​​វិស័យ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​ធ្វើ​ឡើង​ដោយ​ CCC ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​បាន​​​រក​​​ឃើញ​​​ថា សមាគម និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ដែល​ធ្វើ​សកម្ម​ភាព​យ៉ាង​​​​សកម្ម​​​ប្រហែល​​​១.១០០​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​​​ចំណាយ​​​រហូត​​​ដល់ទៅ​​​៧០០លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​​​​ទៅ​លើ​​​ការ​​​អភិវឌ្ឍ​​​ប្រទេស​​​កម្ពុជា​​​​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ខែ​​​មុន​​​ថា លោក​​​ចង់​​​ឃើញ​​​​​​​​​​​​​​​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​នេះ​​​បញ្ជូន​​​ទៅ​​​ដល់​​​ដៃ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ត្រឹម​​​ដំណាច់​​​ខែ​​​ឧសភា ហើយ​​​បញ្ជូន​​​ទៅ​​​រដ្ឋ​​​សភា​​​ដើម្បី​​​អនុម័ត​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ខៀវ សុគ័ក​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​មានប្រ​សាសន៍​​កាល​ពី​ម្សិលមិញ​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​ដាក់​​ជូន​​​ទៅ​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​​​​តាំង​​​ពី​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១៣​​​មក​​​ម្លេ៉ះ​​​ នៅ​​​ពេល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឈ្នះ​​​​ការ​បោះ​ឆ្នោត​​​​ក្នុង​​​អាណត្តិទី​​​៥។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាប់​​​នេះ​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ទីស្តីការ​​​គណៈ​​​រដ្ឋមន្ត្រី​​​រួច​ហើយ​តាំង​​​ពី​​​អាណត្តិទី​​​៤​​​នៃ​​​រដ្ឋាភិបាល​​​មក​​​ម្លេ៉ះ​​​” មុន​​​ពេល​​​ផ្តាច់​​​ទូរស័ព្ទ។

ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​កំពុង​​​រង់​​​ចា​​​ំ​​​ច្បាប់​​​ចម្លង​​នៃ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​​​​នៅឡើយ​​​។ លោក​​​​​​ថ្លែង​​​ថា “យើង​​​មិន​​​​ទាន់​ទទួល​​​បាន​​​អ្វី​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​នៅ​​​ឡើយ​​​ទេ”។

លោក​​​បាន​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក​​​រំពឹង​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​​នឹង​ធ្លាក់​ដល់​​​​​ដៃ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ក្នុង​​​រយៈ​​​ពេល​​​​មួយ​សប្តាហ៍​នេះ​ ហើយ​​​​ថា នៅ​​​ពេល​បញ្ជូន​​​ទៅ​​​ដល់​​​​ទីស្តី​ការគណៈ​រដ្ឋ​មន្ត្រី​ហើយ​នោះ ច្បាស់​​​ណាស់​​​ថា​​​នឹ​​​ងមាន​​​កិច្ច​​​ប្រជុំ​​​បន្ថែម​​​ទៀត​​​ស្តី​​​អំពី​​​ច្បាប់​​​នេះ​​​​​​ជាមួយ​បណ្តា​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ថា “វា​​​មិន​​​បាន​​​​​​កែ​​​ប្រែ​​​ច្រើន​​​ទេ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​ប្រាកដ​​​ឡើយ​​​”៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស