លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រអ្នកប្រដាល់ហ្វីលីពីន ម៉ាន្នី ប៉ាកគីអាវ យ៉ាងពេញទំហឹងកាលពីម្សិលមិញ ដោយបានចំណាយពេលប្រហែល១៥នាទី និយាយអំពីភាពអយុត្តិធម៌នៃការសម្រេចជាឯកច្ឆន្ទកាលពីយប់ថ្ងៃសៅរ៍ ក្នុងការដាក់ពិន្ទុឲ្យអ្នកប្រដាល់អាមេរិក ផ្លយ មេវ៉េដឺ ឈ្នះក្នុងអ្វីដែលគេចាត់ទុកថាជា “ការប្រកួតប្រចាំសតវត្សរ៍”។
លោកនាយករដ្ឋមន្ត្រី ដែលជាអ្នកគាំទ្រខាងវិស័យកីឡាយ៉ាងខ្លាំងនោះបានលើកឡើងថា ផ្លយ មេវ៉េដឺ បានឈ្នះការប្រកួតគឺដោយសារតែការប្រកួតនេះធ្វើឡើងនៅទឹកដីអាមេរិក ហើយចៅក្រមអាមេរិកជាអ្នកដាក់ពិន្ទុ ដោយលោកគូសបញ្ជាក់ថា ម៉ាន្នី ប៉ាកគីអាវ វាយចេញបានច្រើនជាងគូប្រកួតរបស់លោក។
លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៥៥ក្នុងខេត្តពោធិ៍សាត់ថា “ម្សិលមិញ រកពិន្ទុដាក់ឲ្យអា ផ្លយ អត់ឃើញទេ យើងអ្នកមើល ប៉ុន្តែ អាប៊ីតទាំងបីឯកច្ឆន្ទឲ្យអា ផ្លយ ឈ្នះ”។
លោកបានមានប្រសាសន៍បន្ថែមថា “សូមផ្តាំទៅអាប៊ីតរបស់អាមេរិក សូមធ្វើការពន្យល់ មូលហេតុអ្វីបានជាអា ផ្លយ ឈ្នះ។ អា ផ្លយ គិតតែពីរត់ ហើយរង ហើយគេច ប៉ាកគីអាវ ចូលវៃ៉រហូត វ៉ៃខ្ទុបនឹងខ្សែរិញ”។
លោក ហ៊ុន សែន បានលើកឡើងថា លោកបានភ្នាល់៥.០០០ដុល្លារក្នុងការប្រកួតនេះ ប៉ុន្តែថា លោកនឹងមិនឲ្យប្រាក់ដែលចាញ់េនះទេ ដើម្បីតវ៉ាចំពោះសេចក្តីសម្រេចនេះ។
លោកបានមានប្រសាសន៍ថា “ឥឡូវបើគិតតាមការភ្នាល់ពីម្សិល ខ្ញុំត្រូវជំពាក់លោកឯង តែអញមិនឲ្យ”។ លោកបានលើកឡើងទៀតថា ប្រសិនបើមានការប្រកួតម្តងទៀតរវាងអ្នកប្រដាល់ទាំងពីរនាក់នេះគួរតែធ្វើឡើងនៅប្រទេសចិនដើម្បីជៀសវាងរងឥទ្ធិពលរបស់អាមេរិក។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ទេមិននឹកស្មានអាមេរិកកាំងអន់ដល់ប៉ុណ្ណឹង ខ្ញុំទើបតែស្គាល់អាមេរិកច្បាស់នៅពេលនេះហើយ។ អាប៊ីតបានសម្រេចជាឯកច្ឆន្ទឲ្យអ្នកឈ្នះក្លាយជាអ្នកចាញ់”។
លោកនាយករដ្ឋមន្ត្រី ដែលនិយាយលួងលោមកុំឲ្យពលរដ្ឋហ្វីលីពីនមានការតូចចិត្តនោះបានលើកឡើងថា មានតែផ្លូវតែម្យ៉ាងគត់ដែលចៅក្រមផ្តល់ពិន្ទុឲ្យ ម៉ាន្នី ប៉ាកគីអាវ ឈ្នះគឺលុះត្រាតែ ម៉ាន្នី ប៉ាកគីអាវ វាយ ផ្លយ មេវ៉េដឺ ឲ្យស្លាប់នៅលើរិញ។
លោកបានមានប្រសាសន៍ថា “ឥឡូវខ្ញុំបានឭសម្តីរបស់បងប្អូនប្រជាពលរដ្ឋហ្វីលីពីនដែលចង់ឲ្យមានការប្រកួតម្តងទៀត”។ លោកបានមានប្រសាសន៍បន្ថែមថា “ទៅវ៉ៃលើដីគេ ចាំតែគេឲ្យយើងឈ្នះតើ ទាល់តែវ៉ៃអា ផ្លយ ងាប់ទើបគេឲ្យយើងឈ្នះ”។
អំឡុងការប្រកួតដែលជាព្រឹត្តិការណ៍រកប្រាក់បានច្រើនបំផុតក្នុងប្រវត្តិនៃការប្រដាល់ ដោយប្រាក់ចំណូលត្រូវបានគេរំពឹងថា អាចលើសពី៤០០លានដុល្លារទៅទៀតនោះ លោក ហ៊ុន សែន បានលើកឡើងថា លោកកំពុងចូលរួមពិធីមង្គលការរបស់សាច់ញាតិនៃលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
លោកនាយករដ្ឋមន្ត្រីបានរៀបរាប់អំពីកិច្ចសន្ទនាជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយចំនួននៅក្នុងពិធីមង្គលការ ក្នុងនោះរួមមានដូចជាលោកឧបនាយករដ្ឋមន្ត្រី សុខ អាន លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញជាដើម។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ដល់ទឹកទី១០ ខ្ញុំនិយាយទៅបង ហេង សំរិន និយាយទៅនែបង ឯក សំអុល ថា ម៉ោងនេះហើយ បើអា ផ្លយ វ៉ៃ ប៉ាកគីអាវ មិនដួលទេ បានសេចក្តីថា ចាញ់ពិន្ទុហើយ។ ពេលហ្នឹង សុខ អាន ថា ប្រយ័ត្នហាស៎ អា ផ្លយ លេងតែទឹកចុងក្រោយហ្នឹងហាស៎”។
តែទោះជាយ៉ាងណា ទាំង ម៉ាន្នី ប៉ាកគីអាវ ទាំង ផ្លយ មេវ៉េដឺ មិនបានធ្វើឲ្យនាទីចុងក្រោយនេះមានការរន្ធត់ឡើយដោយអ្នកប្រដាល់អាមេរិកបានព្យាយាមគេចយ៉ាងឆាប់រហ័សពីកណ្តាប់ដៃដែលមិនអាចស្មានទុកបានរបស់គ្រូប្រកួតហ្វីលីពីនរបស់ខ្លួន។
មិនមែនតែលោក ហ៊ុន សែន ម្នាក់ឯងទេ ដែលមានការខកចិត្តក្រោយការប្រកួតដែលគេរង់ចាំជាយូរមកហើយ ដោយ ផ្លយ មេវ៉េដឺ ទទួលរងការរិះគន់ដោយសារវិធីសាស្ត្របម្លាស់ទីយ៉ាងឆាប់រហ័ស និងការវាយកណ្ដាប់ដៃឆ្វេងចំៗដើម្បីយកឈ្នះ ម៉ាន្នី ប៉ាកគីអាវ។
ប៉ុន្មាននាទីក្រោយការប្រកួតបានបញ្ចប់អ្នកប្រដាល់ហ្វីលីពីនរូបនេះបានលើកឡើងថា លទ្ធផលមិនយុត្តិធម៌ទេ ទោះបីជា ផ្លយ មេវ៉េដឺ វាយចេញចំគោលដៅបាន១៤៨កណ្តាប់ដៃបើធៀបទៅនឹង ម៉ាន្នី ប៉ាកគីអាវ វាយចំគោលដៅបាន៨១កណ្តាប់ដៃក៏ដោយ។
ម៉ាន្នី ប៉ាកគីអាវ បាននិយាយនៅក្នុងកិច្ចសម្ភាសក្រោយការប្រកួតថា “ខ្ញុំគិតថា ខ្ញុំឈ្នះការប្រកួតនេះ។គាត់ [ផ្លយ មេវ៉េដឺ] មិនបានធ្វើអ្វីទាល់តែសោះ”។
លោក ហ៊ុន សែន បាននិយាយលួងលោម ម៉ាន្នី ប៉ាកគីអាវ កាលពីម្សិលមិញថា ការចាញ់នេះមិនមែនជាកំហុសរបស់ ប៉ាកគីអាវ ទេ។
លោកបានមានប្រសាសន៍ថា “សូម ប៉ាកគីអាវ កុំតូចចិត្ត ហ្នឹងជារឿងអាយុត្តិធម៌របស់អាប៊ីត។ ប្រសិនខ្ញុំជាអា ផ្លយ ខ្ញុំនឹងចាត់ទុក [ការប្រកួត] នេះថាស្មើ”៕ ស៊ុយឈាង