លោក រ៉ុង ឈុន មេដឹកនាំសហជីពដែលត្រូវបានជ្រើសរើសដោយគណបក្សប្រឆាំងឲ្យធ្វើជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប.) កាលពីម្សិលមិញត្រូវបានប្រធានស្ថាប័នថ្មីនេះប្រាប់ឲ្យប្រឹងប្រែងធ្វើការបន្ថែមទៀតដើម្បីរក្សាអព្យាក្រឹតភាពបន្ទាប់ពីលោកត្រូវបានគេឃើញនិយាយជាមួយសមាជិកសភាគណបក្សសង្គ្រោះជាតិនៅទីសាធារណៈកាលពីសប្តាហ៍មុន។
កិច្ចប្រជុំរបស់គ.ជ.ប.ត្រូវបានធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន ត្រូវបានបន្ទោសដោយលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចំពោះការនិយាយជាមួយសមាជិកសភាអំឡុងការហែក្បួនដែលលោកបានចូលរួមនៅក្នុងរាជធានីភ្នំពេញដើម្បីអបអរទិវាពលកម្មអន្តរជាតិកាលពីថ្ងៃសុក្រ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំដែលធ្វើឡើងនៅការិយាល័យគ.ជ.ប.នៅក្នុងក្រសួងមហាផ្ទៃថា លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.បានដាស់តឿនសហសេវិករបស់លោកឲ្យរក្សាអព្យាក្រឹតភាព។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា “លោកបានដាស់តឿនសមាជិកគ.ជ.ប.ទាំងអស់ឲ្យយកចិត្តទុកដាក់នៅពេលធ្វើអ្វីមួយ ឲ្យមានការប្រុងប្រយ័ត្នដើម្បីចៀសវាងមតិសាធារណៈដែលអាចប៉ះពាល់ដល់ឯករាជភាព និងអព្យាក្រឹតភាពរបស់គ.ជ.ប.”។
លោកបានបន្ថែមថា “សមាជិកគ.ជ.ប.ទាំងអស់បានប្តេជ្ញាប្រឹងប្រែងអនុវត្តច្បាប់ វិធាន និងនីតិវិធីបោះឆ្នោតឲ្យបានត្រឹមត្រូវដើម្បីធានាឯករាជភាពនិងអព្យាក្រឹតភាពរបស់គ.ជ.ប.”។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា លោក រ៉ុង ឈុន នឹងមិនប្រឈមការដាក់ទោសទណ្ឌចំពោះការចូលរួមព្រឹត្តិការណ៍កាលពីសប្តាហ៍មុនទេ ហើយលោកបានបន្ថែមថា គ.ជ.ប.មិនមានច្បាប់ណាមួយដែលហាមឃាត់សកម្មភាពបែបនេះទេ។
លោក ហង្ស ពុទ្ធា ដែលក៏ជាសមាជិកអព្យាក្រឹតរបស់គ.ជ.ប.ម្នាក់គត់នោះបានបដិសេធមិនឆ្លើយសំណួរណាមួយបន្ថែមឡើយ។
លោក រ៉ុង ឈុន អតីតមន្ត្រីសមាគមគ្រូបង្រៀនដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងនោះ បានមានប្រសាសន៍តាមទូរស័ព្ទបន្ទាប់ពីកិច្ចប្រជុំថា លោកមិនត្រូវបានបន្ទោសដោយសហសេវិករបស់លោកទេ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “មិនមានការស្តីបន្ទោស ឬអ្វីមួយដូចជាការសរសេរលិខិតនោះឡើយ វាគ្រាន់តែជាការដាស់តឿនប៉ុណ្ណោះ”។ លោកបានបន្ថែមថា ទោះយ៉ាងណា លោកនឹងមិនបដិសេធចំពោះការទៅចូលរួមព្រឹត្តិការណ៍ស្រដៀងគ្នានេះទៀតនោះឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនអាចនិយាយអ្វីមួយមុនបានទេ”។
លោក ស៊ិក ប៊ុនហុក អតីតសមាជិកសភាគណបក្សប្រជាជនកម្ពុជាដែលជាសមាជិកសំខាន់នៃក្រុមចរចារបស់គណបក្សនេះអំឡុងការចរចាស្តីពីកំណែទម្រង់ការបោះឆ្នោតដែរនោះ បានបញ្ជាក់ថា លោក រ៉ុង ឈុន មិនត្រូវបានស្តីបន្ទោសផ្លូវការទេ។
លោកបានមានប្រសាសន៍ថា “យើងគ្រាន់តែពន្យល់ពីចំណុចដែលគាត់ខ្វះខាតដើម្បីឲ្យគាត់កែតម្រូវអាកប្បកិរិយារបស់គាត់តែប៉ុណ្ណោះ។ វាមិនមែនជាការត្រឹមត្រូវទេ ដែលគាត់បានទៅចូលរួម [ការហែក្បួនកាលពីថ្ងៃសុក្រ] នោះ ពីព្រោះគាត់លែងជាមេដឹកនាំសហជីពទៀតហើយ”។
គ.ជ.ប.ថ្មីត្រូវបានបង្កើតឡើងកាលពីដើមខែមុន រយៈពេល៩ខែបន្ទាប់ពីត្រូវបានសន្យាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារបស់គណបក្សសង្គ្រោះជាតិក្រោយការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់គ.ជ.ប.ចាស់ដែលមានសមាជិកលើសលប់ដោយគណបក្សប្រជាជនកម្ពុជានោះថា បានជួយរៀបចំលទ្ធផលការបោះឆ្នោតកាលពីឆ្នាំ២០១៣។ គ.ជ.ប. ថ្មីនេះមានសមាជិកបួនរូបម្ខាងជ្រើសរើសដោយគណបក្សនីមួយៗ ព្រមទាំងលោក ហង្ស ពុទ្ធា ដើម្បីទប់ស្កាត់វិវាទបែបនេះនៅពេលអនាគត៕ សារុន