ក្រុមមន្ត្រីក្រសួងមហាផ្ទៃបានជួបប្រជុំគ្នាក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាគ្នាអំពីសន្តិសុខសម្រាប់អ្នកវិនិយោគនិងទេសចរបរទេស ដោយប្រធានអន្តោប្រវេសន៍របស់ប្រទេសនេះលើកឡើងថា មានការចាត់វិធានការជាច្រើនដែរ ដើម្បីធានាថា ជនបរទេសមិននាំបញ្ហាមកប្រទេសកម្ពុជា។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ក្រុមមន្ត្រីថា ឧក្រិដ្ឋកម្មបានធ្វើឲ្យការវិនិយោគនិងទេសចរណ៍ដ៏មានសក្តានុពលញញើតមិនហ៊ានចូល និងបានអំពាវនាវឲ្យពួកគេទប់ទល់នឹងនិន្នាការនេះ។
លោកបានមានប្រសាសន៍ថា “ការឆក់ប្លន់…និងអំពើហិង្សាក្នុងចំណោមអ្នកស្រុកមានផលប៉ះពាល់ខ្លាំងដល់នយោបាយវិនិយោគនិងទេសចរណ៍។ ឧក្រិដ្ឋកម្មមួយចំនួនបានកើតឡើងចំពោះជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ខ្លះបាត់បង់ជីវិត និងខ្លះរងរបួស ឬបាត់បង់ទ្រព្យសម្បត្តិ ប្រាក់កាស និងឯកសារធ្វើដំណើរ”។
លោក ស ខេង បានមានប្រសាសន៍ថា “ដើម្បីរួមចំណែកដល់ការទាក់ទាញអ្នកវិនិយោគនិងទេសចរបរទេសមកវិនិយោគ ឬធ្វើទស្សនកិច្ចប្រទេសកម្ពុជា…យើងត្រូវខិតខំធ្វើយ៉ាងណាឲ្យសង្គមទាំងមូលមានសុវត្ថិភាព ជាពិសេស អ្នកវិនិយោគនិងទេសចរ ដើម្បីឲ្យសកម្មភាពរបស់ពួកគេដំណើរការដោយរលួននិងស្របច្បាប់ដោយគ្មានការរំខាន។
ផែនការដាក់ចេញនៅកិច្ចប្រជុំនោះអំពាវនាវឲ្យមានការផ្សព្វផ្សាយលេខទូរស័ព្ទសម្រាប់ការទាក់ទងបន្ទាន់ ដែលជនបរទេសអាចទូរស័ព្ទហៅ ប្រសិនបើពួកគេត្រូវការជំនួយចាំបាច់ សហប្រតិបត្តិការល្អប្រសើរជាមួយក្រុមហ៊ុន ដែលផ្តល់សេវាភ្ញៀវទេសចរ និងរឹតបន្តឹងការគ្រប់គ្រងក្រុមហ៊ុន ឬ បុគ្គល ដែលផ្តល់ការដឹកជញ្ជូនភ្ញៀវទេសចរ។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា វិធានការជាច្រើនក៏ត្រូវបានចាត់ឡើងដែរដើម្បីធានាថា ឧក្រិដ្ឋជនបរទេសនឹងមិនអាចធ្វើប្រតិបត្តិការក្នុងប្រទេសនេះបានទេ។
លោកឧត្តមសេនីយ៍ ផល បានមានប្រសាសន៍ថា “ឧក្រិដ្ឋកម្មដែលកើតឡើងចំពោះអ្នកវិនិយោគនិងទេសចរបរទេសកើតចេញពីប្រជាជនរបស់យើង ប៉ុន្តែមួយផ្នែកកើតចេញពីជនបរទេស ដែលមកពីក្រៅស្រុក”។ លោកបានបន្ថែមថា ក្រុងព្រះសីហនុ ក្រុងសៀមរាប និងក្រុងភ្នំពេញ ជាកន្លែងសំខាន់បំផុតសម្រាប់ឧក្រិដ្ឋកម្មក្នុងចំណោមជនបរទេស។
លោកឧត្តមសេនីយ៍ ផល បានមានប្រសាសន៍ថា “មានក្រុមហ៊ុនច្រើនដេញជើងគ្នា បណ្តាលឲ្យមានរបួសទាំងសងខាង និងបង្កគ្រោះថ្នាក់ចរាចរណ៍ទៅវិញទៅមក។ យើងបានរកឃើញថា មានជនបរទេសជាច្រើនដែលមិនគោរពច្បាប់កម្ពុជាយើង”។
លោកឧត្តមសេនីយ៍ ផល មានប្រសាសន៍ទៀតថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដាក់បញ្ចូលជនបរទេសជាង៣.០០០នាក់ក្នុង “បញ្ជីខ្មៅ” ដើម្បីបញ្ជាក់ថា ពួកគេត្រូវជាប់សង្ស័យជាឧក្រិដ្ឋជន និងកត់សម្គាល់ឃើញថា ជនបរទេសមួយចំនួនជាប់ពាក់ព័ន្ធក្នុងអង្គការចាត់តាំងឧក្រិដ្ឋកម្មអន្តរជាតិ ចំណែកឯអ្នកផ្សេងទៀតបានរត់ពន្ធទំនិញឆ្លងព្រំដែន។
លោកបានមានប្រសាសន៍ថា “បញ្ជីខ្មៅនេះ ចំពោះយើង គឺដើម្បីតាមដានជនបរទេសដែលរស់នៅក្រៅប្រទេសនិងក្នុងប្រទេស ដើម្បីចាត់វិធានការទៅតាមច្បាប់កម្ពុជា”៕ និត