30 C
Phnom Penh

បន្ទាប់ពី​រង់ចាំ​ដ៏​យូរ គ្រួសារ​ជាច្រើន​មកពី​សំបុក​ចាប​រើ​ចូល​លំនៅ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ច័ន្ទ ប្រជាជន​ប្រហែល​១០​គ្រួសារ​បាន​ចូល​រស់​នៅ​ក្នុង​ផ្ទះ​ថ្មី​របស់​ខ្លួន នៅ​ទីតាំង​ថ្មី​មួយ​កន្លែង នៅ​ជាយ​ក្រុង​ភ្នំពេញ ជិត​មួយ​ទសវត្សរ៍​បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ​ពី​កណ្តាល​ក្រុង រួម​ជាមួយ​ប្រជាជន​ជិត​១.០០០​គ្រួសារ​ផ្សេងទៀត និង​បាន​ចំណាយ​ពេល​បី​ឆ្នាំ​កន្លង​មកនេះ​រស់​នៅ​ក្នុង​ភាព​កខ្វក់​តាម​បណ្តោយ​លូ​ទឹក​សម្អុយ។

សហគមន៍​សំបុក​ចាប​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការ​មន​នៅ​ខែ​មិថុនា​ឆ្នាំ​២០០៦ ហើយ​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​លើ​ដី​ភក់​ល្បាប់​ទំហំ​១,៥​ហិកតា នៅ​ចម្ងាយ​ប្រហែល​២០​គីឡូ​ម៉ែត្រ​ពី​កណ្តាល​ក្រុង ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជា​សហគមន៍​មួយ​ឈ្មោះ​ថា “សំបុក​ចាប”។ ប្រជាជន​រង​ការ​បណ្តេញ​ចេញ​១.០៣៩​គ្រួសារ​ទទួល​បាន​ការ​សន្យា​ផ្តល់​ដី​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​នៅ​ទីតាំង​ថ្មី​ក្នុង​ភូមិ​អណ្តូង សង្កាត់​គោក​រកា ប៉ុន្តែ​មាន​តែ​៥២២​គ្រួសារ​ប៉ុណ្ណោះ​បាន​ទទួល​ផ្ទះ​នោះ ដោយ​ទុក​ឲ្យ​គ្រួសារ​នៅ​សេស​សល់​តាំង​លំនៅ​លើ​មាត់​ប្រឡាយ​ទឹក​សម្អុយ។

ក្នុង​ឆ្នាំ​២០១២ សាលា​ក្រុង​និង​អង្គការ​មណ្ឌល​ផ្លាស់​ប្តូរ​និង​អភិវឌ្ឍន៍ (PCL) បាន​បើក​ការដ្ឋាន​ថ្មី​តម្លៃ​៥​លាន​ដុល្លារ នៅ​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​អ្វី​ដែល​ឥឡូវ​នេះ​ហៅ​ថា​ភូមិ​អណ្តូង​ចាស់ ដោយ​មាន​ផែនការ​សង់​ផ្ទះ ផ្លូវ ប្រព័ន្ធ​បង្ហូរទឹក និង​ទី​ប្រយោជន៍​សាធារណៈ។

ក្នុង​ពិធី​មួយ​ដែល​ចូលរួម​ជា​អធិបតី​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ប៉ា សុជាតិវង្ស អភិបាល​ក្រុង សាលា​ក្រុង​និង​អង្គការ​មណ្ឌល​ផ្លាស់​ប្តូរ​និង​អភិវឌ្ឍន៍ កាលពី​ថ្ងៃ​ច័ន្ទ​បាន​ចាប់​ផ្តើម​គម្រោង​សំណង់​ថ្មី​លើ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​គម្រោង​អភិវឌ្ឍន៍​ទីតាំង​ទំហំ​២,៧​ហិកតា។

លោក ស ខេង បាន​មាន​ប្រសាសន៍​នៅ​ពិធី​នោះ​ថា “[យើង]​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាជន ដែល​តាំង​លំនៅ​ថ្មី​ក្នុង​អគារ​បណ្តោះ​អាសន្ន​នៅ​ជិត​ប្រឡាយ​ទឹក​សម្អុយ​និង​ច្រាំង​ទន្លេ”។ លោក​បាន​មាន​ប្រសាសន៍​ថា គម្រោង “ស្ថាបនា​ក្រុង” រួម​នេះ បាន​ឆ្លុះ​បញ្ចាំង​ការ​ប្តេជ្ញា​របស់​សាលា​ក្រុង និង​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​​ពី​ការ​អភិវឌ្ឍន៍​យ៉ាង​លឿន​របស់​ប្រទេស​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា “សហគមន៍​ភូមិ​អណ្តូង [ថ្មី] ជា​សហគមន៍​គំរូ​ល្អ​មួយ”។

ក្នុង​សុន្ទរកថា​ផ្ទាល់​របស់​លោក លោក សុជាតិវង្ស បាន​មាន​ប្រសាសន៍​ថា ប្រឡាយ​ទឹក​សម្អុយ​នៅ​ភូមិ​អណ្តូង​ចាស់ នឹង​ក្លាយ​ជា​អនុស្សាវរីយ៍​មួយ​សម្រាប់​ប្រជាជន​៥១៧​គ្រួសារ​ដែល​បាន​ដក​ចេញ​ពី​ការ​ព្រមព្រៀង​តាំង​លំនៅ​ថ្មី​ឆ្នាំ​២០០៦។

សាលា​ក្រុង​ភ្នំពេញ​…​ត្រូវ​ទិញ​ដី​២,៧​ហិកតា​ដើម្បី​សង់​ផ្ទះ ហើយ​តម្លៃ​ត្រូវ​បែងចែក​ដោយ​អង្គការ​មណ្ឌល​ផ្លាស់​ប្តូរ​និង​អភិវឌ្ឍន៍”។ លោក​បាន​ពន្យល់​ថា ផ្ទះ​៤៥០​ខ្នង​ត្រូវ​បាន​សាងសង់​លើ​ទីតាំង​ថ្មី​នេះ​តាំងពី​ឆ្នាំ​២០១២ ប៉ុន្តែ មិន​ទាន់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់​រហូត​ដល់​ឥឡូវ​នេះ។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលាក្រុង បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ដែល​រស់នៅ​តាម​បណ្តោយ​លូ​ទឹក​សម្អុយ បាន​ចូល​នៅ​ក្នុង​ផ្ទះ​ថ្មី​របស់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ។

លោក​បាន​មាន​ប្រសាសន៍​ថា “ថ្ងៃ​នេះ ប្រជាជន​ប្រហែល​១០​គ្រួសារ​បាន​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ទាំង​នោះ ហើយ​យើង​នឹង​អនុញ្ញាត​ឲ្យ [អ្នក​នៅ​សល់] ចូល​នៅ​ជា​ជំហានៗ ពីព្រោះ ផ្ទះ​ជាច្រើន​មិន​ទាន់​ហើយ​រួច​រាល់​នៅ​ឡើយ”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស