28 C
Phnom Penh

អគ្គស្នង​​​ការ​នគរ​បាល​ជាតិ​​​​ថា ត្រូវ​​​តែបញ្ចប់​​​វប្បធម៌​​​និទណ្ឌភាព​​​សម្រាប់​​​កូន​​​ចៅ​​​​របស់​អ្នក​​​មាន​​​ស្តុក​​​ស្ដម្ភ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ នេត សាវឿន អគ្គស្នងការ​​​នគរបាល​​​ជាតិ ​​​​​​មាន​​​ប្រសាសន៍កាល​​​ពីម្សិលមិញ​​​ថា​ នគរបាល​​​​ និង​​​តុលាការ​​​​គួរតែ​​​ឈប់​ផ្តល់​សិទ្ធិ​​ពិសេស​​​ដល់​​​​​​កូន​​​ៗចរិត​មិនល្អ​​​របស់​​​អ្នក​​​មាន​​​ស្ដុកស្ដម្ភ និង​​​អ្នក​​​មាន​​​អំណាច ហើយ​​​បន្ត​​​ធ្វើ​ការងារ​កែ​​​លម្អ​​​ពន្ធនាគារ​​​ដើម្បី​​​លុប​​​​បំបាត់​ថ្នាំ​​​ញៀន​​​ និង​​​បទ​​​ល្មើស​​​។

ថ្លែង​​​នៅ​​​ឯសន្និសីទ​​​បិទ​​​ទ្វារ​​​មួយ​​​នៅ​​​សណ្ឋាគារ​​​កាំបូឌីយ៉ា​​​ណា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ នាយ​​​​ឧត្តម​​​សេនីយ៍ នេត សាវឿន បាន​​​មានប្រសាសន៍​​​ថា ពេល​​​នេះ​​​និទណ្ឌភាព​​​លែង​​​មាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទៀត​​​ហើយ​​​​​​​​​។

ខណៈពេល​អង្គុយ​​​អែប​​​​​​លោក សៅ សុខា អគ្គមេបញ្ជាការ​​​កង​​​រាជអាវុធហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ ​​​និង​​​លោក អង្គ វង្សវឌ្ឍនា ​​​រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិធម៌ លោក នេត សាវឿន បាន​​​មានប្រសាសន៍​​​ថា “ចាប់​​​ពី​​​ពេល​​​នេះ​​​ទៅ ​​​នៅ​​​ពេល​​​មាន​​​ការ​​​បាញ់​​​បោះ​​​ ឈប់​​​សួរ​​​ថា ‘ជាកូន​​​អ្នក​​​ណា?’ ហើយ​​​ត្រូវ​​​​បញ្ជូន​ពួក​គេទៅ​ដាក់​​​គុក​។ បើ​​​​​​មិន​​​ទាន់​​​​​ចាប់​​​ខ្លួន​បាន​​​​ ចាំបាច់​​​ត្រូវ​​​តែ​​​ចាប់ខ្លួន​​​ពួក​​​គេ​ឲ្យ​បាន​​​​។ មិន​​​ចាំ​​​បាច់​​​រាយការណ៍​​​ថា ជា​​​កូន​​​របស់​​​អ្នក​​​ណា​​​ ឬ​​​ចៅ​​​របស់​​​ឧកញ៉ា​​​ណា​​​ឡើយ។ កុំ​​​និយាយ​​​ពីរឿង​​​នេះ​​​។ ពួកគេ​​​​​​ស្មើ​​​គ្នា​​​ក្នុង​​​សង្គម​​​ និង​ចំពោះ​មុខ​​​​ច្បាប់។ បែប​នេះ​​​​​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ស្ងប់​​​ចិត្ត​​​”។

អំឡុង​​​សន្និសីទ​​​ដែល​​​មាន​​​ឈ្មោះ​​​ថា “ការ​​​ពង្រឹង​​​សមត្ថភាព​​​តុលាការ​​​ និង​​​នគរ​​​បាល​​​យុត្តិធម៌​​​ដើម្បី​​​អនុវត្ត​​​ច្បាប់​​​ទប់ស្កាត់​​​ និង​​​បង្ក្រាប​​​បទ​​​ល្មើស​​​ព្រហ្មទណ្ឌ” នាយ​​​ឧត្តមសេនីយ៍ នេត សាវឿន​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​អំពី​​​បញ្ហា​​​ជន​​​ល្មើស​​​តូច​​​តាច​​​ដែល​ត្រូវ​​​​​ទទួល​​​ទោស​​​ជាប់​​​ពន្ធនាការ​​​រយៈ​​​ពេល​​​យូរ​​​ ហើយ​​​​​​ធ្វើ​​​ឲ្យ​​​ជីវិត​​​របស់​​​ពួក​​​គេ​​​ធ្លាក់​​​ចូល​​​ទៅ​​​ក្នុង​​​បទល្មើស​​​កាន់​​​តែ​​​
ធ្ងន់​​​ធ្ងរ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ពេល​​​ខ្លះ ​​​នៅ​​​ពេល​​​អ្នក​​​ទោស​​​ចូល​​​ក្នុង​​​ពន្ធនាគារ​​​ ពួក​​​គេ​​​ចូល​​​ចិត្ត​​​ហាត់​​​ក្បាច់​​​គុន​​​ ហើយ​​​បន្ទាប់​​​ពី​​​ពួកគេ​​​ត្រូវ​​​បាន​ដោ​​​ះលែង​​​​​​ ក្បាច់​​​គុន​​​របស់​​​ពួក​​​គេ​​​​ក៏​ប្រសើ​​​រ​​​ឡើង​​​។ កាល​​​ពី​​​មុន​​​ ពួក​​​គេ​​​ប្រព្រឹត្ត​​​អំពើ​​​ចោរកម្ម​​​តូច​​​តាច​​​ ប៉ុន្តែ បន្ទាប់​​​ពី​​​ជាប់​​​ពន្ធនាគារ​​​ជាមួយ​​​​ក្រុម​ចោរ​​​ប្លន់​​​ដែល​​​មាន​​​លុយ​​​ច្រើន​​​ ពួកគេ​នឹង​​​​ប្រព្រឹត្ត​​បទ​​​ល្មើស​​​កាន់​​​តែ​​​ច្រើន”។

នាយ​​​ឧត្តម​​​សេនីយ៍​​​ នេត សាវឿន បាន​​​បន្ត​​​​ត្អូញត្អែរអំពី​​​ការ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​នានា​​​ទូទាំង​​​ប្រទេស​​​​កម្ពុជា ដែល​​​លោក​​​មាន​​​ប្រសាសន៍​​​ថាដោយសារ​​​វិធីសាស្ត្រ​​​​​​ជួញ​​​ដូរ​​​​ថ្មី​ រួម​​​ទាំង​​​​ការ​ឆ្លៀត​ឱកាស​នៅ​ពេល​ទៅ​សួរ​សុខ​ទុក្ខ​​​​អ្នក​​​ទោស​​​ផង​​​ដែរ​​​។

លោក​បាន​​​​ថ្លែង​​​ថា “ពួក​​​គេ​​​ជា​​​សង្សារ​​​ ហើយ​​​នារី​នោះ​​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​មិត្ត​​​ប្រុស​​​របស់​​​នាង ហើយ​​​យើង​​​គ្មាន​​​កញ្ចក់​​​មុខ​​​ពីរ​​​ដូច​​​នៅ​​​ក្នុង​​​ប្រទេស​​​ដទៃ​​​ទៀត​​ទេ​​​ និង​សូម្បី​តុ​​​តូច​​​មួយ​​​បំបែក​​​ពួក​​​គេ​​​ ​ធ្វើ​ឲ្យ​ពួក​​​គេ​​​​​​អាច​​​ថើប​​​គ្នា​​​បាន​​​។ នៅ​​​ក្នុង​​​សម័យ​​​ថ្មី​​​នេះ​​​ ពួកគេ​​​ថើប​​បឺត​​​មាត់​​​​គ្នា​​ ហើយ​​​នៅ​​​ពេល​​​ពួក​​​គេ​​​​​បឺត​​​មាត់​​​​គ្នា​ ថ្នាំញៀនដែល​​​​នៅ​​​ក្នុង​​​មាត់​​​របស់​​​នារី​​​នោះត្រូវ​​បាន​រុញ​បញ្ចូល​​​​​​ទៅ​​​ក្នុង​​​មាត់​របស់​សង្សា​រនាង​ ហើយ​​​សូម្បី​​​​​កាមេរ៉ា​​​​​​​​​​ក៏​​​មើល​​​​មិន​ឃើញ​ដែរ​​​​។ ពេល​​​នេះ​​​នៅ​​​តាម​​ពន្ធ​នាគារ​​​​នានា គេ​​​​ចង់​​បញ្ឈប់​​​សកម្មភាព​បឺត​​​មាត់​​​គ្នា​នេះ​”។

លោក អង្គ វង្សវឌ្ឍនា រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិធម៌​​​បាន​​​មានប្រសាសន៍​​អំឡុង​សន្និសីទ​​​នេះ​​​ថា
ក្តី​​​បារម្ភ​​​មួយទៀត​​​​​​ដែល​​​ប្រព័ន្ធ​​​តុលាការ​​​កំពុង​​​ប្រឈម គឺការ​​​បាត់​​​បង់​​​សំណំុ​​​រឿង​​​ដែល​​​លោក​​​​លើក​ឡើង​ថាបាន​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​បន្ត​ជាប់ឃុំ​ទាំង​មិន​​ដែល​ប្រឈម​​​មុខ​នឹង​សវនាការ​ជំនុំ​ជម្រះ​​ទោស​​​​។

លោក​​​បាន​​​លើក​​​ឡើង​​​អំ​ពី​​យុវជន​វ័យ​​​ក្មេង​​​ម្នាក់​​​ដែល​​​​កំពុង​​ជាប់​ឃុំ​​​​ក្នុង​​​ពន្ធនាគារ​​​មក​​​ធ្វើ​​​ជា​​​ឧទាហរណ៍​​​ថា “ខ្ញុំ​​​បាន​​​សង្កេត​​​ឃើញ​​​​​សំណុំ​​​រឿង​​​ប្រាំ ឬប្រាំ​​​មួយ​​​ដែល​​​មិន​ធ្លាប់​​​​បាន​​​ឆ្លង​​​កាត់​​​សវនាការជំនុំ​ជម្រះ​​​​ ហើយ​​​មនុស្ស​​​កំពុង​​​ជាប់​​​ពន្ធនាការ​​​នៅ​​​ឡើយ​​​។ គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​​ពេល​​គាត់​​មាន​អាយុ​​​១៥​​​ឆ្នាំ ហើយ​​​ពេល​​​នេះ​​​គាត់​​​មាន​​​អាយុ​​​១៨​​​ឆ្នាំ​។ ​​​គាត់​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​នៅ​​​ឡើយ​​​ ដោយ​​​សារ​​​តែ​​​យើង​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​សំណុំ​​​រឿង​​​នេះ​​​ឲ្យ​​​គាត់​​​ ហើយ​​​គាត់ក៏​​​​​​​​​​​បន្ត​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ។ ពន្ធនាគារ​​​យល់​​​ថា រឿង​​​នេះ​​​មាន​​​ការ​​​លំបាក​​​ដោយសារ​​​តែ​​​ពួក​​​គេ​​​មិន​​​ដឹង​​​ថា ត្រូវ​​​ធ្វើ​​​យ៉ាង​​​ណា​​​​​​ ពីព្រោះ​​​គ្មាន​​​សំណុំ​​​រឿង។​ [នៅ​ក្នុង​​ពន្ធនាគារ] គាត់​​​មិន​​​​​​ដែល​​​មាន​​​បញ្ហា​​​ទេ ប៉ុន្តែ​​​ ត្រង់​​​ថា​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ខុស​​​ ឬ​​​​ក៏​អត់​​​នោះ​​​​​​ គឺ​​​មិន​​​​​​ច្បាស់​​​​​ទេ”។
ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក អង្គ វង្សវឌ្ឍនា បាន​​​មានប្រសាសន៍​​​ថា លោក​​​​​​នៅ​​​តែ​​​រក​​​មិន​​​ឃើញ​​​ហេតុ​​​ផល​​សម​ស្រប​ដែលយល់ថា​​គួរ​​​​តែ​ដោះ​​​លែង​​​យុវជន​​​រូប​​​នោះ​​​ ពីព្រោះ​​​លើក​​​ក្រោយ​​​វា​​​អាច​​​ធ្វើ​​​ឲ្យ​​​យុវជន​​​នោះ​​​ជាប់​​​ពន្ធនាគារ​​​​​​ពីបទ​​​មនុស្ស​​​ឃាតក៏​អាច​ថា​បាន​​​។ លោក​​​បាន​​​បន្ត​​​ថា “គេ​​​ស្នើ​​​សុំ​​​ឲ្យ​​​យើង​​​ដោះ​​​លែង​​​យុវជន​​​នោះ​​​ ប៉ុន្តែ បន្ទាប់​​​ពី​​​ការ​​​ដោះ​​​លែង ​​​សំណុំ​​​រឿង​​​ប្រហែល​​​ជា​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា​​​ រូប​​​គេ​​​គឺ​​​ជា​​​ឃាត​​​ករ ដូច្នេះ​​​​​ខ្ញុំ​​​នឹង​​​ខុស​​​ ហើយ​​​យើង​​​មិន​​​អាច​​​ដោះ​​​លែង​គេ​​​បាន​​​ទេ​​​”៕ សុខុម​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស