31 C
Phnom Penh

អ្នក​​​កាប់ឈើ​​​ជន​​​ជាតិ​​​វៀតណាមចំនួន​​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ ប្រាំនាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យដឹង​ថា បុរស​ជន​ជាតិ​វៀត​ណាម​​​បី​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​ខេត្ត​ក្រចេះ​ ខណៈ​ពួក​​គេ​​ព្យាយាម​ដឹក​​​ឈើ​ប្រណីត​ខុស​ច្បាប់​​ទៅ​កាន់​ប្រទេស​វៀត​ណាម ​ត្រូវ​បាន​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​​ជា​បណ្ដោះ​អាសន្ន​​កាល​ពី​ម្សិល​មិញ​ ខណៈ​បុរស​ជន​ជាតិ​វៀតណាម​​​ចំនួន​ប្រាំ​នាក់​បន្ថែម​ទៀត​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​ អំឡុង​ការ​ឆ្មក់​ចូល​កន្លែង​កាប់​ឈើ​ខុស​ច្បាប់​មួយ​​កន្លែង​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។​

កង​រាជ​អាវុធហត្ថ​និង​មន្ត្រី​គយ​មួយ​ក្រុម​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​កាប់​ឈើ​ខុស​ច្បាប់​ទាំង​បី​នាក់​នេះ​កាលពី​ថ្ងៃ​សៅរ៍​ ខណៈ​​ក្បួន​​​រថ​យន្ត​ដែល​ពួក​គេ​ជិះ​បាន​ឆ្លង​កាត់​ច្រក​ព្រំ​ដែន​មួយ​នៅ​ក្នុង​ស្រុក​ស្នួល​ ដោយ​មាន​សេចក្ដី​រាយការណ៍ ថា មាន​ការ​បាញ់​តទល់​គ្នា​ទៀត​ផង។

យោង​តាម​លោក​ ទី​ សុវិនថាល់​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិល​មិញ​ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​មាត្រា​៩៦និង​៩៨​នៃ​ច្បាប់​ព្រៃឈើ​។​

លោក​ បាន​មាន​ប្រសាសន៍​ថា​ “​ពួកគេ​ប្រឈម​នឹង​ការ​​ជាប់​​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​និង​ពិន័យ​​​ជា​ប្រាក់​ចន្លោះ​ពី​១០លាន​ទៅ​១០០លាន​រៀល​[២.៥០០ដុល្លារ​ទៅ​២៥.០០០​ដុល្លារ​]​ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស​កំហុស​”។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​​ ក្បួន​រថ​យន្ត​របស់​ពួកគេ​​មាន​រថ​យន្ត​ធន់​ធំ​ចំនួន​១៧​គ្រឿង​ដែល​ដឹក​សុទ្ធ​តែ​ឈើ​ប្រណីត​ ហើយ​ថា​ក្រុម​​​ជួញ​ដូរ​ឈើ​បាន​បាញ់​ទៅលើ​ក្រុម​កង​រាជ​អាវុធ​ហត្ថ​ពិសេស​ ហើយ​មន្ត្រី​គយ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​ចាប់​ខ្លួន​ក្រោយ​ការ​ស៊ើប​អង្កេត​លើ​ការ​ដឹក​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នេះ​។​​​​​​​​​​​​​​​​​​​

ជន​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ទាំង​​​បី​​​នាក់​​​នេះ​​​ ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា បាន​​​ដឹក​​​ឈើ​​​ប្រណីត​​​លេខ​​​១​​​ជាង​​​១៩​​​មែ៉ត្រ​​​គូប​​​។

លោក​​​ សុវិនថាល់  បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា នឹង​​​មាន​​​ការ​​​សើុប​​​អង្កេត​​​លើ​​​នគរ​​​បាល​​​ និង​​​ទាហាន​​​ព្រំដែន​​​បន្ថែម​​​ទៀត​​​ក្រែង​​​លោ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​នេះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ជូន​​​ [អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​] ប្រសិន​​​​​​បើ​​​យើង​​​រក​​​ឃើញ​​​ករណី​​​មិន​​​ប្រក្រតី​​​ណា​​​មួយ​​​ទាក់​​​ទិន​​​នឹង​​​មន្ត្រី​​​ទាំង​​​នោះ​​​”។

ឧត្តមសេនីយ៍​​​ត្រី ខេង​​​ ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​​​​បាន​​​បដិសេធ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា គ្មាន​​​ការ​​​បាញ់​​​ប្រហារ​​​កើត​​​ឡើង​​​ទេ​​​នៅ​​​ច្រក​​​ព្រំដែន​​​ ប៉ុន្តែ មន្ត្រី​​​មូល​​​ដ្ឋាន​​​ចំនួន​​​ពី​​​រ​​​នាក់​​​បាន​​​លើក​​​ឡើង​​​​​​ថា ពួកគេ​​​សុទ្ធ​​​តែ​​​បាន​​​ឭស្នូរ​​​កាំភ្លើង​​​ និង​​​បាន​​​ឃើញ​​​សម្បក​​​គ្រាប់​​​។

ឧត្តម​​​សេនីយ៍​​​ត្រី​​​ ខេង​​​ ទីតូ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​។

កាល​​​ពី​​​​​​ថ្ងៃ​​​ច័ន្ទ កង​​​រាជ​​​ធាវុធ​​​ហត្ថ​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​ឆ្មក់​​​ចូល​​​កន្លែង​​​​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ មួយ​​​កន្លែង​​​នៅ​​​ក្នុង​​​ស្រុក​​​កែវ​​​សីមា​​​ ដែល​​​មាន​​​ព្រំដែន​​​ជាប់​​​ស្រុក​​​ស្នួល​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​ខេត្ត​​​ក្រចេះ ហើយ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ចំនួន​​​ប្រាំ​​​នាក់​​​ នេះ​​​បើ​​​យើង​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​ក្រុម​​​មន្ត្រី​​​។

​​​លោក ចេង សុរិយា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា កន្លែង​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ស្ថិត​​​នៅ​​​ក្នុង​​​​​​តំបន់​​​ព្រៃ​​​ការ​​​ពារ​​​សីមា​​​ ហើយ​​​ថា ជន​​​សង្ស័យ​​​យ៉ាង​​​តិច​​​ចំនួន​​​១៥​​​នាក់​​​បាន​​​គេច​​​ខ្លួន​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ព្រោះ​​​ពួកគេ​​​កាប់​​​ឈើក្នុង​​​ទឹក​​​ដី​​​របស់​​​យើង​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា រណារ​​​អា​​​រ​​​ឈើ​​​ចំនួន​​​ប្រាំ​​​បី​​​គ្រឿង​​​​​​​​​​​​​​​​​​​​​ ​​​គ្រាប់​​​អាកា​​​-៤៧​​​មួយ​​​បង់​​​ និង​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ពី​​​ក្រុម​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​កំពុង​​​តាម​​​ស្វែង​​​រក​​​​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​​​​ឡើយ​​​”។

ព្រំដែន​​​វៀតណាម​​​ដែល​​​ជាប់​​​ខេត្ត​​​ក្រចេះ និង​​​មណ្ឌល​​​គិរី​​​ គឺ​​​ជា​​​កន្លែង​​​មាន​​​សកម្មភាព​​​​​​កាប់​​​ឈើខុស​​​ច្បាប់​​​កើត​​​ឡើង​​​យ៉ាង​​​ច្រើន​​​ ដែល​​​ជា​​​រឿយ​​​ៗ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​ជាតិ​​​វៀតណាម។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​កាល​​​ពី​​​ម្សិលមិញ ថា​​​តើ​​​ជន​​​បរទេស​​​អាច​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ចូល​​​មក​​​កាប់​​​ឈើ​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ដោយ​​​សេរី​​​ ហើយ​​​បន្ទាប់​​​មក​​​ដឹក​​​ឈើ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀតណាម​​​វិញ​​​ដោយ​​​របៀប​​​ណា​​​នោះ​​​ លោក ចឹង សុចន្ថា ប្រធាន​​​រដ្ឋបាល​​​សាលា​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​កំពុង​​​តែ​​​​​​តាម​​​ដាន​​​នៅ​​​ក្នុង​​​សំណួរ​​​នេះ​​​ហើយ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “អភិបាល​​​ខេត្ត​​​​​​កំពុង​​​តាម​​​ដាន​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​បញ្ហា​​​នេះ​​​។ យើង​​​ដឹង​​​ថា ជន​​​ជាតិ​​​វៀតណាម​​​កំពុង​​​​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែន​​​តាម​​​រយៈ​​​ច្រក​​​ព្រំដែន​​​មួយ​​​ចំនួន​​​ ហើយ​​​យើង​​​កំពុង​​​តែ​​​ផ្តោត​​​លើ​​​បញ្ហា​​​នេះ​”។

លោក​​​ សុចន្ថា បាន​​​លើក​​​ឡើង​​​​​​ទៀត​​​ថា នគរ​​​បាល​​​ ឬ​​​ទាហាន​​ព្រំដែន​​​ណា​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​​​​រក​​​ឃើញ​​​ថា ឃុប​​​ឃិត​​​ជា​​​មួយ​​​អ្នក​​​កាប់​​​ឈើ​​​នឹង​​​ប្រឈម​​​ការ​​​ដាក់​​​ទោស​​​ទណ្ឌ​​​​​​។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “យើង​​​​​​មិន​​​ធ្វេស​​​ប្រហែល​​​អំពី​​​បញ្ហា​​​នេះ​​​ឡើយ​​​។

យើង​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​អ្នក​​​កាប់​​​ឈើ​​​ទាំង​​​នោះ​​​បាន​​​ចូល​​​មក​​​ខេត្ត​​​របស់​​​យើង​​​ដោយសារ​​​មាន​​​ការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​ ឬ​​​ក៏​​​អត់​​​​​​ ប៉ុន្តែ ប្រសិន​​​បើ​​​ [មន្ត្រី​​​ធ្វើ​​​ខុស​​​ច្បាប់​​​]​​​​​​​​​​​​ ពួក​​​គេ​​​ដាច់​​​ខាត​​​ត្រូវ​​​ប្រឈម​​​ចំពោះ​​​មុខ​​​ច្បាប់​​​”៕ ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស