យោងតាមមន្ត្រីតុលាការបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអតីតចៅសង្កាត់ម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទបដិសេធមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីឆ្នាំ២០០៨ ជុំវិញវិវាទដីធ្លីមួយ។
លោក ភី ណុប អតីតចៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នរួចហើយក្រោយការចាប់ខ្លួនកាលពីខែធ្នូ ពីបទសង្ស័យថា បានបញ្ជាឲ្យមានការគប់គ្រាប់បែកដែលបណ្តាលឲ្យក្មេងប្រុសអាយុ១១ឆ្នាំម្នាក់បាត់បង់ជីវិត។

បន្ទាប់ពីការបើកសវនាការកាលពីថ្ងៃទី២៤ ខែមេសា លោក អីុ ថាវរៈ ចៅក្រមប្រធានចៅក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសកាលពីម្សិលមិញថា លោក ភី ណុប ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងបង្គាប់ឲ្យបង់ប្រាក់ពិន័យ៤លានរៀល។
លោកបានមានប្រសាសន៍ថា “តុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ភី ណុប អាយុ៤៦ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ក្រោមការចោទប្រកាន់ពីបទបដិសេធមិនព្រមធ្វើតាមសេចក្ដីសម្រេចរបស់តុលាការ [កំពូល]។
លោក កែវ យ៉ា មេធាវីដើមចោទម្នាក់ក្នុងចំណោមដើមចោទផ្សេងៗទៀតឈ្មោះ ង៉ូវ ឆាយស្រ៊ុន បានលើកឡើងថា កូនក្តីរបស់លោកបានដាក់ពាក្យបណ្តឹងកាលពីខែមិថុនា ជុំវិញការបន្តបដិសេធរបស់លោក ភី ណុប មិនអនុញ្ញាតឲ្យខ្លួននឹងមនុស្សពីរនាក់ផ្សេងទៀតឈ្មោះ សីុវ វួចសួន និង លីម តឺ កាន់កាប់ដីដែលមានវិវាទមួយកន្លែង។
លោក កែវ យ៉ា បានលើកឡើងទៀតថា បន្ទាប់ពីតុលាការកំពូលបានផ្តល់ដីនេះទៅឲ្យភាគីចំនួនបីកាលពីឆ្នាំ២០០៨ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីម្នាក់ និងមន្ត្រីសុរិយោដីបានបែងចែកដីមួយកន្លែងនេះទៅឲ្យភាគីទាំងបីកាលពីឆ្នាំ២០០៩។ ហេតុដូច្នេះដើមចោទបានដាក់ឯកសារសំខាន់ៗ ទៅលោក ភី ណុប ជាអ្នកដែលគេរំពឹងថា នឹងចុះហត្ថលេខាលើឯកសារទាំងនេះដើម្បីសម្រេចជាចុងក្រោយឲ្យពួកគេកាន់កាប់ដីនេះដោយស្របច្បាប់។
លោក កែវ យ៉ា បានពន្យល់ថា “ប៉ុន្តែ លោក ភី ណុប បានលើកឡើងថា ឯកសារទាំងនេះមិនត្រឹមត្រូវទេ”។
លោក អ៊ុច ស៊ីណា មេធាវីរបស់លោក ភី ណុប បានលើកឡើងថា ការផ្តន្ទាទោសកូនក្តីរបស់លោកគឺមិនយុត្តិធម៌ទេ។
លោកបានមានប្រសាសន៍ថា “កូនក្តីរបស់ខ្ញុំចង់បញ្ជាក់ឯកសារពាក់ព័ន្ធទាំងអស់ថា តើវាត្រឹមត្រូវដែរឬអត់ មុនពេលចុះហត្ថលេខា។ ប្រសិនបើគាត់ចេះតែចុះហត្ថលេខា ហើយដីនេះវាត្រួតស៊ីគ្នា ពួកគេប្រហែលជានឹងដាក់ពាក្យបណ្តឹង ហើយគាត់នឹងមានបញ្ហា ព្រោះគាត់ជាអ្នកទទួលខុសត្រូវ”។
វិវាទដីធ្លីនេះក៏សង្ស័យថា ស្ថិតនៅពីក្រោយការគ្រប់គ្រាប់បែកកាលពីខែតុលា ដែលធ្វើឲ្យកូនប្រុសរបស់អ្នករកស៊ីផ្នែកអចលនទ្រព្យម្នាក់ស្លាប់ និងមួយមនុស្សមួយចំនួនទៀតរងរបួស ខណៈពួកគេកំពុងទទួលទានអាហារពេលល្ងាចក្នុងផ្ទះរបស់ខ្លួនក្នុងសង្កាត់គោករកាផងដែរ។
កាលពីខែធ្នូ កងរាជអាវុធហត្ថបានចាប់ខ្លួនបុរសអាយុ២៧ឆ្នាំម្នាក់ពីបទគប់គ្រាប់បែកចេញពីម៉ូតូមួយគ្រឿងដែលបុរសរូបនេះជិះឆ្លងកាត់ផ្ទះជនរងគ្រោះ ហើយក្រោយមកមិនយូរប៉ុន្មាន លោក ភី ណុប ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានបញ្ជាឲ្យមានការគប់គ្រាប់បែកនេះ៕ ស៊ុយឈាង