31 C
Phnom Penh

​មន្ត្រី​​​​ខ្មែរ​​​ក្រហម​​​អះ​​​អាង​​​ថា ខ្លួន​ធ្លាប់​​​​​​បាន​​​​លាក់​​​​​​ទុក​​​ស្រូវ​​​អង្ករ​​​​​​សម្រាប់​​​ផ្គត់​​​ផ្គង់​​​ប្រជា​​​ជន​​​ក្នុ​​​ងឃុ​​​ំ​​​របស់ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពី​ម្សិល​មិញ អតីត​​​មន្ត្រី​​​ឃុំ​​​ម្នាក់​​​​​​បាន​​​អះ​​​អាង​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ថា ​គាត់​ធ្លាប់​បាន​​​លាក់​​​ទុក​​​ស្រូវ​​​អង្ករ​​​ល្មើស​​​នឹង​បទ​​​បញ្ជា​​​​របស់​ថ្នាក់​​​លើ ដើម្បី​ទុក​សម្រាប់​​​​ឲ្យ​​​ប្រជា​​​ជន​​​ក្នុង​​​ឃុំ​​​របស់​​​គាត់​​​​​​មាន​​​ហូប​​​ចុក​​​គ្រប់​​​គ្រាន់នៅ​​​ពេល​​​​​​​​​ខ្វះ​​​ស្បៀង​​​​​​។

​​​ផ្ដល់​​​សក្ខីកម្ម​​​​​តាម​​​វីដេអូ​​​ខុន​​​​​​ហ្វឺរិន​​​ពីខេត្ត​​​បាត់​​​ដំបង​​​ អ្នក​​​ស្រី​​​ ឃឹម បឿន ដែល​​​បាន​​​ក្លាយ​​​ជា​​​មេឃុំ​​​ជាង​​​ទង​​ ក្នុង​​​ស្រុក​​​តាំង​​​កក់​​​ ខេត្ត​​​តាកែវ​​​​នៅ​ឆ្នាំ​​​១៩៧៣​​​ បាន​​​អួត​​​សរសើរ​​​ខ្លួន​​​ឯង​​​ថាជា​​​មនុស្ស​​​ “ល្អ” មាន​​​ចិត្ត​​​​​ធម៌​​​។

យោង​តាម​ចម្លើយ​​​ដែល​​​អតីត​​​កម្មាភិបាល​ខ្មែរ​ក្រហម​​​​រូប​​​នេះ​​​បាន​​​ឆ្លើយ​​​ប្រាប់​​​ការិយាល័យ​​​របស់​​​សហ​​​ចៅ​​​ក្រម​​​​​​​​​​​​សើុប​​​សួរ​​​ ចៅក្រម​​​ ហ្សង់​​​ម៉ាក ឡឺវែញ​​​ (Jean-Marc Lavergne) បាន​​​សួរ​​​ថា តើ​អ្នក​ស្រី​​​​ឃឹម បឿន ធ្លាប់​​​បាន​​​ល្មើស​​​ការ​​​ណែនាំ​​ដែល​​​អ្នក​​​ស្រី​​​បាន​​​ទទួល​​​ពី​​​ថ្នាក់​​​លើ​​​ដែរ​​​ឬ​​​ទេ​​​។

អ្នកស្រី​​​ ឃឹម បឿន បាន​​​និយាយ​​​ថា “វាជាការ​​​ពិត​​​ ខ្ញុំ​​​​ធ្លាប់​បាន​​​លាក់​​​ទុក​​​ស្រូវ​​​អង្ករ​​​មួយ​​​ចំនួន​​​​​​។ ខ្ញុំ​​​ធ្វើ​​​បែប​​​នេះ​​​ដើម្បី​​​ប្រជា​​​ជន​​​របស់​​​ខ្ញុំ​​​​​​ ហើយ​​​ខ្ញុំ​​​បាន​​​លាក់​​​ទុក​​​តែ​​​ពីរ​​​បី​​​ដង​​​ប៉ុណ្ណោះ​​​ ហើយ​​​ភាគ​​​ច្រើន​​​ខ្ញុ​​ំ​​​លាក់​​​ទុក​​​នៅ​​​ក្នុង​​​វត្ត​​​”។

នៅ​​​ពេល​​​សួរ​​​ថា តើ​មាន​​​​ប្រជាជន​​​ស្លាប់​​​ដោយ​​​សារ​​​ការ​​​ខ្វះ​​​ស្បៀង​​​ដែរ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​អ្នកស្រី ឃឹម បឿន បាន​​​និយាយ​​​ថា​​​ “វា​​​ប្រហែល​​​ជា​​​​បាន​កើត​​​ឡើង​​​​​” ប៉ុន្តែនៅ​​​ពេល​​​សង្កត​​​់​​​ធ្ងន់​​​លើ​​​បញ្ហា​​​នេះ​​​ គាត់​បែរ​​ជា​​​​អះ​​​អាង​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​ស្លាប់​​​ដោយសារ​​​ការ​​​អត់​​​ឃ្លាន​​​​​​​ទេ​នៅ​​​ក្នុង​​​ឃុំ​​​របស់​​​គាត់​​។

អ្នក​​​ស្រី​​​បាន​​​ប្រាប់​​​ចៅ​​​ក្រម​​​ថា “ជា​​​ការ​​​ពិត​​​ ប្រជា​​​ជន​​​នៅ​​​ក្នុង​​​ឃុំ​​​របស់​​​ខ្ញុំ​​​ក៏​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​ដែរ​​​ ប៉ុន្តែ គ្មាន​​​នរណា​​​ម្នាក់​​​ស្លាប់​​​ដោយសារ​​​ការ​​​អត់​​​ឃ្លាន​​​ទេ​​​នៅ​​​ក្នុង​​​ឃុ​​ំ​​​របស់​​​ខ្ញុំ​​​ ទោះ​​​បី​​​ជា​​​ពេល​​​ខ្លះ​​​ការ​​​ផ្គត់​​ផ្គង់​​​ស្បៀង​​​មិន​​​គ្រប់​​​គ្រាន់​​ក៏​ដោយ​​​”។

ភាគ​​​ច្រើន​​​ៃន​​​សវនាការ​​​កាល​​​ពីម្សិលមិញ ត្រូវ​​​បាន​​​លៃ​​​ទុក​សម្រាប់​មេធាវី​​​ការ​​​ពារ​សួរ​ដេញ​ដោល​អ្នកស្រី​​​ ឃឹម បឿន ដែល​​​បាន​​​បង្ហាញ​​​មុខ​​ជា​ថ្ងៃ​​​ទី​​​២​​​ក្នុង​​​នាម​​​ជា​​​សាក្សី​​​ម្នាក់​​​នៅ​​​ក្នុង​​​ដំណាក់​​​កាល​​​ទី​​​២​​​នៃការ​​​កាត់​​​ក្តី​​​អតីត​​​មេដឹក​​​នាំ​​​របប​​​ខ្មែរ​​​ក្រហម​​ ខៀវ សំផន និង​​​ នួន ជា ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ឧក្រិដ្ឋ​​​កម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​អំឡុង​​​របប​​​ ប៉ុល ពត​​​។

លោក វីកទ័រ កូប៉េ (Victor Koppe) មេធាវី​​​អន្តរជាតិ​​​តំណាង​​​ឲ្យ នួន ជា បាន​​​ព្យាយាម​​​អាន​​​ចម្លើយ​​​សារភាព​​​របស់​​​ ជូ ជេត អតីត​​​មេបញ្ជាការ​​​ភូមិ​​​ភាគ​​​បស្ចិមដែល​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តំណែង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៧៨ ហើយ​​​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​សន្តិសុខ​​​ទួល​​​ស្លែង​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។

ក្រោ​​​យ​ពី​មាន​​​​​ការ​ជំទាស់​​​​ពី​អយ្យការ​​​ អង្គ​​​ជំនុំជម្រះ​​​បាន​​​សម្រេច​​​ថា សំណួរ​​​ទាំង​​​អស់​​ដែល​ផ្អែក​​​លើ​​​ចម្លើយទទួល​បាន​​​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​​​​នៅ​​​ក្នុង​​​សាល​​​សវនាការ​​​​​​​​​។ យោង​​​តាម​​​លោក និល ណុន ប្រធាន​​​អង្គ​​​ជំនុំ​​​ជម្រះ​​​នៅ​​​សាលា​​​ក្តីខ្មែរ​​​ក្រហម​​​ បាន​​​ឲ្យដ​​​ឹង​​​ថា សេចក្តីសម្រេច​​​​ជា​លាយ​​​លក្ខ​ណ៍​​អក្សរ​​​មួយ​​​លើ​​​បម្រាម​​​នេះ​​​​នឹង​ត្រូវ​​​ចេញ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​។

សាក្សី​​​ថ្មី​​​ម្នាក់​​​​​​នឹង​​ផ្តល់​សក្ខី​កម្ម នៅ​​​ពេល​​​សវនាការ​​​​​បន្ត​​​នៅ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស