29 C
Phnom Penh

សមាជិក​សភា​សាក​សួរ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជុំវិញ​​គម្រោង​ដ៏ធំ​របស់ក្រុមហ៊ុនចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​រយៈ​​​ពេល​​​៣ម៉ោង​​​កន្លះ​​​ជាមួយ​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​រដ្ឋសភា​​​កាល​​​ពី​​​ម្សិលមិញ លោក សាយ សំអាល់​​​ រដ្ឋ​​​មន្ត្រី ក្រសួង​​​បរិស្ថាន​​​​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ លោក​​​នឹង​​​ពិចារណា​​​អនុសាសន៍​​​​​​ដើម្បី​​​​​​ជួយ​​​ដល់​​​គ្រួសារ​​​អ្នក​​​ភូមិ​​​ដែល​​​ប្រឈម​ការ​​​​បណ្តេញ​​​ចេញ​​​ដោយ​​​គម្រោង​​​ដ៏ធំ​​របស់​ក្រុមហ៊ុន​​​ចិន​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ ប៉ុន្តែ មិន​​​បាន​​​ធ្វើការ​​​ប្តេជ្ញាចិត្ត​​​ណាមួយ​ឡើយ​​​​។

គណៈកម្មការ​​​នេះ​​​ដែល​​​មាន​​​លោក អេង ឆៃ​​​អ៊ាង សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​ជាប្រធាន​​​​បាន​​​ហៅ​​​​​​លោក​​​រដ្ឋ​​​មន្ត្រី​​​​​​​​​មក​​​សាក​​​សួរ​​​ជុំ​​​វិញ​​​គម្រោង​​​តំបន់​​​ទេសចរណ៍​​​ដែល​​​មាន​​​​​​ទឹក​​​ប្រាក់​​​៣,៨​​​ពាន់​​​លាន​​​ដុល្លារ​​​ ដែល​​​ក្រុម​​​ហ៊ុន Union Development Group របស់​​​ចិន​​​កំពុង​​​ធ្វើ​​​ការ​​​សាង​​​សង់​​​នៅ​​​កណ្តាល​​​ឧទ្យាន​​​ជាតិ​​​បទុម​​​សាគរ​​​។

ក្រុមហ៊ុន​​​នេះ​​​បាន​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ប្រហែល​​​១.០០០គ្រួសារ​​​រួច​​​ហើយ​​​ ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​នេះ ហើយ​​​អ្នក​​​ភូមិ​​​ពីរ​​​បី​​​រយ​​​​​​នាក់​​​ទៀត​​​កំពុង​​​ប្រឈម​​បញ្ហា​​​នៅឡើយ​។

បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​បិទទ្វារ​​​របស់​​​គណៈកម្មការ​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ លោក អេង ឆៃអ៊ាង
បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​បាន​​​ផ្តល់​​​ព័ត៌មាន​​​វិជ្ជមាន​​​មួយ​​​ចំនួន​​​ដល់​​​សមាជិក​​​សភា​​​អំពី​​​អ្វី​​​ដែល​​​លោក​​​ត្រូវ​​​ធ្វើ​​​ដើម្បី​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដីធ្លី​​​ដ៏អូស​​​បន្លាយ​​​នេះ ប៉ុន្តែ លោក​​​មិន​​​បាន​​​និយាយ​​​លម្អិត​​​ទេ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា គណៈកម្មការ​​​នេះ​​​មាន​​​អនុសាសន៍​​​បួន​​​ គឺ​​​ជួយ​​​ស្វែង​​​រក​​​ដី​​​ថ្មី​​​សម្រាប់​​​អ្នក​​​ភូម​​​ិ​​​៣១៨​​​គ្រួសារ​​​ ដែល​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​បណ្តេញ​​​​​នៅ​​​ឡើយ ធានា​​​ថា គ្រួសារ​​​ទាំង​​​នោះ​​​មិន​​​ត្រូវ​​​បាន​​​បង្ខ​​​ំ​​​ឲ្យចាក​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​បច្ចុប្បន្ន​​​​​​របស់​​​ពួក​​​​​​គាត់​​ សើុប​​​អង្កេត​​​របាយការណ៍​​​ពាក់​​​ព័ន្ធ​​​ការ​​​ស៊ីសំណូក និង​​​ការ​​​សន្យា​​​ផ្តល់​​​សំណង​​​ដែលមិន​បានឆ្លើយ​តប​ដល់​​​អ្នក​​​ភូមិ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​រួច​​​ហើយ និង​​​ផ្តល់​​​បញ្ជី​​​ឈ្មោះ​គ្រួសារ​​​ទាំង​​​អស់​​​ដែល​​​ត្រូវ​​​​​​ផ្តល់​​​សំណង​​​សម្រាប់​​​ដី​​​ដែល​​​ពួក​​​គាត់​​​បាន​​​បាត់​​​បង់​​​។

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ លោក សាយ​​​ សំអាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​គិត​​​អំពី​​​បញ្ហា​​​នេះ។

លោ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អំពីអនុសាសន៍​​​ដែល​​​គណៈកម្មការ​​​នេះ​​​បាន​​​ធ្វើ​​​ យើង​​​នឹង​​​សិក្សា និង​​​ពិភាក្សា​​​អំពី​​​​​​ថា តើ​​​ត្រូវ​​​​​​​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​អ្នក​​​ភូមិ​​​ដោយ​​​របៀប​​​ណា”។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​ទទួល​​​ស្គាល់​​​ថា ជួន​​​កាល​​​មាន​​​ការ​​​លំបាក​​​មែន​​​។ ប៉ុន្តែ នេះ​​​គឺ​​​ជា​​​ករណី​​​បុគ្គល​​​ វា​​​មិន​​​​​​មែន​​​ជា​​​គោល​​​នយោបាយ​​​របស់​​​យើង​​​ ដែល​​​បណ្តោយ​​​ឲ្យ​​​បញ្ហា​​​នេះ​​​កើត​​​ឡើង​​​នោះ​​​ឡើយ​​​”។

អ្នក​​​ភូមិ​​​៤៧​​​គ្រួសារ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​​​​បាន​​​ចោទ​​​សន្តិសុខ​​​ក្រុមហ៊ុន UDG ថា​​​បាន​​​ប្រើ​​​ប្រាស់​​​ល្បិចកល​​ដើម្បី​​​ព្យាយាម​​​បណ្តេញ​​​ពួក​​​គាត់​​​ចេញ​​​ពី​​​ដី​​​របស់​​ខ្លួន​។សាលាដំបូង​ខេត្ត​បាន​​​ជូន​​​ដំណឹង​​​​​​ដល់​​​ពួក​​​គាត់​​​៦០​​​ថ្ងៃ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​របស់​​ខ្លួន ដែល​​​សេចក្តី​​​ជូន​​​ដំណឹង​​​នេះ​​​បាន​​​ផុត​​​កំណត់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ។

លោក សាយ សំអាល់ បាន​​​មានប្រសាសន៍​​​ពី​​​វិវាទ​​​ដីធ្លី​​​របស់​​​អ្នក​​​ភូមិ​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​និយាយ​​​អំពី​​​បញ្ហា​​​នេះ​​​ទេ ពីព្រោះ​​​ករណី​​​នេះ​​​ស្ថិត​ក្នុង​ដៃ​​​​តុលាការ​​​។ ប៉ុន្តែ យើង​​​មិន​​​មាន​​​គោល​​​នយោបាយនៃការ​បណ្តេញ​ចេញដោយ​​​​បង្ខំ​​​ ឬ​​​ប្រើ​​​ប្រាស់​​​អំពើ​​​ហិង្សា​​​លើ​​​អ្នក​​​ភូមិ​​​ឡើយ​​​”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស