សកម្មជន ម្នាក់ដែលធ្វើការឲ្យអង្គការសិទ្ធិមនុស្សអាដហុកក្នុងខេត្តមណ្ឌល គិរី បាននិយាយកាលពីថ្ងៃអង្គារថា អភិបាលស្រុកបានគំរាមថានឹងចាប់ខ្លួនបុគ្គលិកអង្គការសិទ្ធិមនុស្ស អាដហុក ប្រសិនបើពួកគេធ្វើសិក្ខាសាលាតាមគ្រោងទុក ស្តីពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅសប្តាហ៍ក្រោយ។
លោក សុខ រដ្ឋា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកនៅខេត្តនេះ បាននិយាយថា មន្ត្រីផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី បានដាក់លិខិតមួយច្បាប់អំពីសិក្ខាសាលានេះទៅលោក ស៊ុន វណ្ណវុឌ្ឍន៍ អភិបាលស្រុក កែវ សីម៉ា កាលពីថ្ងៃច័ន្ទ។
លោក រដ្ឋា បាននិយាយថា “នៅពេលមន្ត្រីរបស់យើងនាំលិខិតនោះទៅឲ្យគាត់កាលពីម្សិលមិញ គាត់បានប្រកែកមិន [អនុញ្ញាតឲ្យយើងធ្វើសិក្ខាសាលានេះ] និងបានសួរយើងថា៖ តើអង្គការរបស់លោកចេះច្បាប់ទេ?”។
“គាត់ បានអះអាងថា លិខិតជូនដំណឹងរបស់យើងមិនមែនជាកិច្ចការសង្គមស៊ីវិលទេ ប៉ុន្តែវាជាកិច្ចការគណបក្សនយោបាយ។ គាត់បានគំរាមយើងថា ប្រសិនបើយើងធ្វើ [បើកសិក្ខាសាលា] នៅថ្ងៃទី១១និង១២ខែឧសភា គាត់នឹងបញ្ជាកម្លាំង [ប៉ូលិស] ដាក់ខ្នោះយើង”។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពីថ្ងៃអង្គារ លោក វណ្ណវុឌ្ឍន៍ បានដាក់ទូរស័ព្ទចុះមិននិយាយជាមួយអ្នកកាសែត។
លោក រដ្ឋា បានរិះគន់ការគំរាមកំហែងនោះ។ លោកបាននិយាយថា “នេះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីព្រោះរដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋកម្ពុជាទាំងអស់មានសិទ្ធិចូលរួមការប្រជុំ ឬ សិក្ខាសាលាបណ្តុះបណ្តាល”។
លោក រដ្ឋា បាននិយាយថា អង្គការអាដហុក នៅតែមានគម្រោងរៀបចំធ្វើសិក្ខាសាលាតាមការគ្រោងទុកដដែល៕ និត