30 C
Phnom Penh

គម្លាត​ជីវិត​រស់នៅ​នៃ​ក្មេង​ទីក្រុង​ស្ថិត​ក្នុង​បណ្តា​ប្រទេស​អន់​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​តាម​តំបន់​ក្រុង​របស់​ប្រទេស​កម្ពុជា កុមារ​ក្រីក្រ​មុន​មាន​អាយុ​៥​ឆ្នាំ ទំនង​ជា​ស្លាប់​៤,៧​ដង​ច្រើន​ជាង​កុមារ​មាន​ឪពុក​ម្តាយ​ធូរធារ ធ្វើ​ឲ្យ​ប្រទេស​នេះ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មាន “គម្លាត​ជីវិត​រស់​នៅ​ធំ​បំផុត” លើ​ពិភព​លោក។

ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ របាយការណ៍​ស្តីពី “ស្ថានភាព​ម្តាយ​លើ​ពិភព​លោក” ប្រចាំ​ឆ្នាំ​លើក​ទី​១៦ របស់​អង្គការ Save the Children ដែល​ដាក់​លំដាប់​ថ្នាក់​ល្អ​បំផុត​និង​អាក្រក់​បំផុត​សម្រាប់​ម្តាយ បាន​ផ្តោត​លើ​ការ​ខិតខំ​ពុះពារ ដែល​ម្តាយ​កំពុង​ប្រឈម​ក្នុង​ការ​មើល​ថែរក្សា​កូនៗ​របស់​ខ្លួន នៅ​ពេល​មាន​ការ​អភិវឌ្ឍ​ក្រុង​កាន់តែ​ខ្លាំង​ឡើង។

ផ្អែក​លើ​ពិន្ទុ​ដាក់​លើ​ប្រាំ​ប្រភេទ គឺ​សុខ​ភាព​ម្តាយ សុខុមាលភាព​កុមារ ស្ថានភាព​អប់រំ ស្ថានភាព​សេដ្ឋកិច្ច និង​ស្ថានភាព​នយោបាយ ប្រទេស​កម្ពុជា​ជាប់​លំដាប់​១៣២​ក្នុង​ចំណោម​១៧៩​ប្រទេស​ដែល​គេ​សិក្សា។

យោង​តាម​របាយការណ៍​នេះ​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​គម្លាត​ជីវិត​រស់​នៅ​ក្នុង​ក្រុង​របស់​ប្រទេស​កម្ពុជា​កំពុង​រួម​តូច ដោយ​អត្រា​មរណ​ប្រមាណ​ចំពោះ​ក្មេងៗ​មកពី​គ្រួសារ​ក្រីក្រ ថយ​ពាក់​កណ្តាល​នៃ​ចំនួន​ដែល​ពួកគេ​មាន​កាលពី​១០​មុន។

របាយការណ៍​ក៏​បាន​លើក​ឡើង​ដែរ​ថា ក្រុង​ភ្នំពេញ​មាន​អត្រា​មរណភាព​កុមារ​ទាប​បំផុត​ជាង​ក្រុង​ណា​ទាំងអស់​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​នេះ គឺ​មរណ​ភាព​១៨​ក្នុង​កំណើត​រស់​១.០០០ ជា​តួលេខ​ដែល​បាន​ធ្លាក់​ចុះ​ជិត​ពីរ​ភាគ​បី នៅ​រវាង​ឆ្នាំ​២០០០​និង​២០១០។

យោង​តាម​លោក រ៉ានចាន ពូ​ឌីយ៉ាល នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​អង្គការ Save the Children បាន​ឲ្យ​ដឹង​ថា អត្រា​មរណ​ប្រមាណ​ខ្ពស់​ជាង​នេះ​ក្នុង​ចំណោម​កុមារ​ក្រីក្រ គឺ​មួយ​ផ្នែក​ដោយសារតែ​លទ្ធភាព​ទទួល​បាន​ការ​ថែរក្សា​សុខភាព​តិចតួច​របស់​គ្រួសារ​ពួកគេ។

លោក ពូឌីយ៉ាល បាន​និយាយ​ថា “បញ្ហា​គឺ​ថា កុមារ​ក្រីក្រ​នៅ​ទីក្រុង​រស់​នៅ​តាម​តំបន់​ក្រីក្រ ហើយ​មិន​មាន​ការ​ថែរក្សា​សុខភាព​នៅ​ទីនោះ​ទេ។ ស្ថានភាព​រស់នៅ​មិន​ល្អ ហើយ​ជា​លទ្ធផល អត្រា​មរណភាព​នៃ​កុមារ​ក្រីក្រ​នៅ​ទីក្រុង​គឺ​ខ្ពស់​ជាង​ឆ្ងាយ​ធៀប​នឹង​កុមារ​នៅ​គ្រួសារ​ថ្នាក់​កណ្តាល”។

លោក​បាន​បន្ថែម​ថា “ពេល​ដែល​ខ្ញុំ​បាន​ទៅ​គ្លីនីក​ជាច្រើន​នៅ​នេះ ខ្ញុំ​មើល​ឃើញ​ថា សេវា​មិន​មែន​មិន​យក​ប្រាក់​ទេ ពួកគេ​ត្រូវ​បង់​ប្រាក់ ហើយ​នេះ​ជា​ឧបសគ្គ​ពេល​ដែល​គេ​គ្មាន​លទ្ធភាព​បង់​ប្រាក់”។

អ្នក​ស្រី លី ចាន់សុផា ជា​ស្ត្រី​ដែល​ប្រកប​មុខរបរ​លក់​បារី សូដា និង​អាវភ្លៀង នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ខណ្ឌ​៧​មករា​នៅ​ក្រុង​ភ្នំពេញ បាន​លើក​ឡើង​ថា ប្រព័ន្ធ​សុខាភិបាល​សាធារណ​ត្រូវ​បង់​ប្រាក់។

អ្នក​ស្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា “នៅ​មន្ទីរ​ពេទ្យ​កុមារ គេ​ឲ្យ​យើង​បង់​ប្រាក់។ ខ្ញុំ​បាន​ចំណាយ​១,៥​ដុល្លារ ដើម្បី​ទិញ​ប័ណ្ណ​ព្យាបាល ហើយ​បន្ទាប់មក ខ្ញុំ​ត្រូវ​ឲ្យ​លុយ​ពេទ្យ​ថ្លៃ​ការ​ពិនិត្យ​ព្យាបាល​ផង​ដែរ”។

បើ​ទោះ​ជា​មន្ទីរ​ពេទ្យ​មិន​តម្រូវ​ឲ្យ​យើង​បង់​ប្រាក់​ក៏​ដោយ ក៏​ខ្ញុំ​អាច​យល់​តាម​រយៈ​កាយវិការ​របស់​ពួកគេ​ថា ពួកគេ​ចង់​ឲ្យ​ខ្ញុំ​បង់​លុយ​ដែរ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស