អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា បានចេញបទបញ្ជាឲ្យមន្ត្រីគណបក្សកាន់អំណាចតាមដានមន្ត្រីគណបក្សសង្គ្រោះជាតិដើម្បីធ្វើសេចក្ដីរាយការណ៍ នៅពេលពួកគេប្រើពាក្យដូចជា” អាយ៉ងយួន” ឬ “កុម្មុយនិស្តផ្ដាច់ការ” ដើម្បីរៀបរាប់ពីមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពាក្យប្រមាថដែលអគ្គលេខាធិការរូបនេះលើកឡើងថាប៉ះពាល់ដល់ភាពរីកចម្រើនផ្នែកនយោបាយក្នុងពេលបច្ចុប្បន្ន។
លោក សាយ ឈុំ អគ្គលេខាធិការ គណបក្សប្រជាជនកម្ពុជាត្រូវបានចាត់តាំងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ ឲ្យតាមដានពាក្យអុជអាលផ្នែកនយោបាយណាមួយដែលចេញពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានវាយប្រហារលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះដែលចាត់ទុករដ្ឋាភិបាលថា ជារដ្ឋាភិបាល”កុម្មុយនិស្ត”កាលពីខែមុននោះ។
នៅក្នុងលិខិតមួយកាលពីថ្ងៃអង្គារ លោក សាយ ឈុំ បានចេញបទបញ្ជាឲ្យមានការដាក់ពង្រាយមន្ត្រីគណបក្សប្រជាជនដើម្បីធានាឲ្យបានថា គណបក្សសង្គ្រោះជាតិអនុវត្តតាម”វប្បធម៌នៃការសន្ទនា” ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងលោក ហ៊ុន សែន។
លោក សាយ ឈុំ បានសរសេរថា “បន្ទាប់ពីកិច្ចការបច្ចុប្បន្នដែលគណបក្សទាំងពីរ[គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ] កំពុងជំរុញឲ្យមានការអនុវត្តវប្បធម៌នៃការសន្ទនា នៅមានមេដឹកនាំគណបក្សសង្គ្រោះមួយចំនួន ជាពិសេសលោក កឹម សុខា ដែលបន្តវាយប្រហារនិងប្រមាថគណបក្សនិងមេដឹកនាំគណបក្សប្រជាជនកម្ពុជានៅតាមវេទិកានានាក្នុងផ្លូវមិនសមរម្យ និងប្រឆាំងនឹងវប្បធម៌នៃការសន្ទនាដែលគណបក្សប្រជាជនកម្ពុជាមិនអាចទទួលបាន”។
លិខិតនេះមានខ្លឹមសារបន្តថា”បន្ថែមពីលើនេះទៅទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់បន្ថែមថា វប្បធម៌នៃការសន្ទនាតម្រូវឲ្យមានការស្មោះត្រង់និងគោរពគ្នាទៅវិញទៅមក ហើយគ្មានការប្រមាថនិងគំរាម និង[តម្រូវឲ្យគណបក្ស] ឲ្យតម្លៃគ្នាទៅវិញទៅមកផងដែរ”។
លិខិតនេះមានខ្លឹមសារបន្ថែមទៀតថា “ផ្អែកលើបញ្ហានេះ គណៈកម្មការកណ្តាលបានស្នើឲ្យប្រធានក្រុមប្រឹក្សាបក្សតាមបណ្តាខេត្ត និងរាជធានីចាត់តាំងមន្ត្រីរបស់យើងដើម្បីតាមដាន ស្តាប់ និងកត់ត្រាឲ្យបានច្បាស់អំពីការរំលោភបំពានដោយបន្តប្រមាថ និងវាយប្រហារគណបក្ស និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា”។
លោក សាយ ឈុំ បានស្នើឲ្យមន្ត្រីបក្សកត់ត្រា ជាពិសេស “ការប្រើប្រាស់ពាក្យថា ក្បាលយួនខ្លួនខ្មែរ កុម្មុយនិស្តផ្តាច់ការ អាយ៉ងយួន ជនក្បត់ជាតិ ជនលក់ជាតិ មេដឹកនាំចោរ និងការប្រើពាក្យប្រមាថផ្សេងៗទៀតបែបនេះ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា លិខិតរបស់លោក សាយ ឈុំ គឺមានបំណងចង់ឲ្យគណបក្សប្រឆាំងអនុវត្តតាមវប្បធម៌នៃការសន្ទនា បន្ទាប់ពីការវាយប្រហារជាសារធារណៈរបស់លោក កឹម សុខា លើគណបក្សកាន់អំណាចកាលពីសប្តាហ៍មុន។
លោកបានមានប្រសាសន៍ថា “តាមពិតពាក់ព័ន្ធនឹងការអនុវត្ត មកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជាចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមបានអនុវត្តបានយ៉ាងល្អ ប៉ុន្តែ គណបក្សដៃគូធ្វើមិនសូវបានល្អទេ។ មេដឹកនាំនិយាយល្អ ប៉ុន្តែ អនុប្រធាន និងមន្ត្រីថ្នាក់ទាបមួយចំនួននិយាយមិនគប្បី ហើយមិនអនុវត្តតាមវប្បធម៌នៃការសន្ទនាឲ្យបានត្រឹមត្រូវឡើយ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោកមិនខ្វាយខ្វល់អំពីគណបក្សប្រជាជនកម្ពុជា ដែលចេញបទបញ្ជាឲ្យមន្ត្រីរបស់ខ្លួនតាមដានគណបក្សប្រឆាំងនោះឡើយ ប្រសិនបើវាធ្វើឲ្យវប្បធម៌នៃការសន្ទនាថ្មីប្រសើរឡើងនោះ។
លោកបានមានប្រសាសន៍ថា “យើងគាំទ្ររាល់គំនិតផ្តួចផ្តើមដែលលើកកម្ពស់វប្បធម៌នៃការសន្ទនាគ្រប់លំដាប់ថ្នាក់ទាំងអស់ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ហើយយើងបានពិភាក្សាក្នុងចំណោមមេដឹកនាំគណបក្សសង្គ្រោះជាតិរួចហើយ ដើម្បីធ្វើសេចក្តីព្រាងក្រមសីលធម៌ក្នុងការគាំទ្រវប្បធម៌នៃការសន្ទនានេះ”។
លោក យឹម សុវណ្ណ បានបន្ថែមថា គណបក្សសង្គ្រោះជាតិបានប្ដេជ្ញារួចហើយក្នុងការបញ្ចប់ការប្រើពាក្យថា “យួន” ដែលគណបក្សប្រឆាំងធ្លាប់ប្រើជាយូរមកហើយ ដើម្បីវាយប្រហារលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានៅពេលចោទប្រកាន់ពួកគេថា ជាអាយ៉ងហាណូយ។
លោកបានមានប្រសាសន៍បន្ថែមថា “ពាក្យនោះយើងបានបោះបង់ចោលរួចហើយ យើងមិនចង់និយាយពាក្យនេះទៀតទេ។ យើងក៏មិនចង់ប្រើពាក្យហិង្សាណាមួយ ឬពាក្យជេរប្រមាថ ឬពាក្យអាក្រក់ណាមួយដែលមិនមែនជាគំរូល្អសម្រាប់ពលរដ្ឋខ្មែរ និងក្មេងជំនាន់ក្រោយដែរ”។
នៅក្នុងសុន្ទរកថាមួយកាលពីខែមីនា លោក ហ៊ុន សែន បានគំរាមប្រើកម្លាំងយោធាលើលោក កឹម សុខា ឬចាប់លោកដាក់ពន្ធនាគារ ហើយក៏បានគំរាមម្តងហើយម្តងទៀតដកលោកចេញពីតំណែងជាអនុប្រធានរដ្ឋសភាផងដែរ។
ប៉ុន្តែ លោក យឹម សុវណ្ណ បានលើកឡើងកាលពីម្សិលមិញថា លោកមិនព្រួយបារម្ភខ្លាចក្រែងគណបក្សប្រជាជនកម្ពុជាអាចរំលោភបំពាន “វប្បធម៌នៃការសន្ទនា” ដើម្បីបង្ខំឲ្យគណបក្សប្រឆាំងមិនហានធ្វើអ្វីនោះឡើយ។
តែចំពោះ លោក ម៉ៃ ឌីន សមាជិកគណបក្សសង្គ្រោះជាតិ ដែលមានតួនាទីជាជំទប់ឃុំឡាបានសៀក ខេត្តរតនគិរីវិញ បានលើកឡើងថា លោកព្រួយបារម្ភខ្លាចក្រែងបទបញ្ជាលោក សាយ ឈុំ នេះអាចធ្វើឲ្យមន្ត្រីថ្នាក់ទាបរបស់គណបក្សសង្គ្រោះជាតិមិនហ៊ាននិយាយស្ដីអ្វីឡើយ។
លោកបាននិយាយថា “សម្រាប់អ្នកទាំងនោះដែលប្រមាថគណបក្សផ្សេង នោះគឺជាបញ្ហាបុគ្គលមិនមែនជាជំហររបស់បក្សឡើយ។ នៅពេលមានអ្វីមិនត្រឹមត្រូវ យើងរិះគន់ [គណបក្សប្រជាជនកម្ពុជា] ហើយខ្ញុំសង្ឃឹមថា ការរិះគន់នេះនឹងមិនត្រូវបានគេយកមកបកស្រាយថាជាការប្រមាថនោះឡើយ”។
ទោះជាយ៉ាងណា លោក ឡៅ ប៊ុន្នី សមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីជាមេឃុំមួយនៅខេត្តកំពតបានលើកឡើងថា លោកគាំទ្រការអំពាវនាវរបស់លោក សាយ ឈុំ ហើយនឹងធ្វើការយ៉ាងសកម្មដើម្បីប្រមូលផ្ដុំរបាយការណ៍នៃការធ្វើមិនត្រឹមត្រូវរបស់គណបក្សសង្គ្រោះជាតិ។
លោកបាននិយាយថា “ខ្ញុំបានកត់សម្គាល់ឃើញថា មានមន្ត្រី និងសមាជិកគណបក្សសង្គ្រោះជាតិជាច្រើន ដែលនៅតែបន្តប្រមាថមេដឹកនាំគណបក្សប្រជាជនកម្ពុជាតាមរយៈបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុកជាដើម”។
លោកបាននិយាយបន្តថា “ខ្ញុំនឹងចាត់តាំងមន្ត្រីរបស់ខ្ញុំដើម្បីតាមដានអ្នកទាំងនោះដែលពូកែខាងប្រើពាក្យប្រមាថមេដឹកនាំរបស់យើងតាមហ្វេសប៊ុក ហើយធ្វើរបាយការណ៍ជូនថ្នាក់លើ”៕ស៊ុយឈាង