30 C
Phnom Penh

ពលរដ្ឋជាច្រើន​គ្រួសារនៅ​សៀមរាប មិនត្រូវ​បានរាប់​បញ្ចូល​ក្នុង​កិច្ចព្រម​ព្រៀង ដីធ្លីដែល​លោក ហ៊ុន សែន ​បានរៀបចំដោយ​ផ្ទាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​២៥​​​គ្រួសារ​​​ដែល​​​គិត​​​ថា ខ្លួន​​​ត្រូវ​​​បាន​​​រាប់​​​បញ្ចូល​​​​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​រៀប​​​ចំ​​​​​​ដោយ​​​ផ្ទាល​​​់កាល​​​ពីខែ​មុន ​​​ដើម្បី​​​ដោះ​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​មួយ​​​ដែល​​​​បាន​អូស​​​បន្លាយ​​​អស់​​រាប់​ទសវត្សរ៍​​មក​ហើយ​​នោះ ត្រូវ​​​បាន​​​ជូន​​​ដំណឹង​​​ផ្ទុយ​​​ពី​​​នេះ​​​ស្រឡះ​​​ដោយ​​​នឹកស្មាន​មិន​​ដល់​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ នៅពេល​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​​​​ចុះ​ទៅ​​​រារាំង​​​​គម្រោង​​​​ធ្វើ​​​ពិធី​​​អប​​​អរ​​​របស់​​​ពួក​​គាត់​​​​​​​។

ខណៈ​​​​កំពុង​​ធ្វើ​​​ទស្សនកិច្ច​​​នៅ​​​ក្រុង​​​សៀម​​​រាប ​​​ដើម្បី​​​ចូល​​​រួម​អប​អរ​សាទរ​​​​ក្នុង​​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ប្រពៃណីជាតិ​​​កាល​​​ពីខែ​​​មុន​​​ លោក​​​ ហ៊ុន សែន បាន​​​ប្រកាស​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​១.០០០ គ្រួសារ​នៅ​​​ក្នុង​​សង្កាត់​ស្លក្រាម និង​​​សង្កាត់​​​​អំពិល នឹង​​​ទទួល​​​បាន​​​ដី​​​ដែល​​​ពួក​​​គាត់​​​ឈ្លោះ​ដណ្តើម​គ្នា​ជា​​​មួយ​​​អាជ្ញាធរ​​​អប្សរា​​​ជា​​យូរ​មក​ហើយ​​​។ វិវាទ​​​ដី​​​ធ្លី​​​នេះ​​​បាន​​​កើត​​​ឡើង​​​​តាំង​ពី​​​ឆ្នាំ​​​១៩៩៥​​​មក​​​​​ម្លេ៉ះ នៅ​​​ពេល​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​​​​បាន​​​ប្រគល់​​​​​​តំបន់​​​នេះ​​​​​ឲ្យ​ទៅ​អាជ្ញាធរ​​​អប្សរា​​​ដែល​​​គ្រប់​​​គ្រង​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​ សម្រាប់​​​ធ្វើ​​​ជា​​​កន្លែង​​​ទេសចរណ៍​​​។

អនុក្រឹត្យ​​​ចំនួន​ពីរ​ត្រូវ​​​​​​​បាន​​​​​​ចេញ​មិនយូរ​ប៉ុន្មាន​ក្រោយ​​​ពី​​​ការ​​​ប្រកាស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ដោយ​អនុក្រឹត្យ​​​មួយ​​​​ប្រកាស​ផ្តល់​​​ដី​​​ទំហំ​​​១១៥ហិកតា​​​​​​ឲ្យ​​​ទៅ​​​គ្រួសារ​​​​​​ក្នុង​​សង្កាត់​​​​ស្លក្រាម​​​ ហើយ​​​​អនុ​ក្រឹត​មួយ​ទៀត​ប្រកាស​​​​ផ្តល់​​​ដី​​​​​​​ទំហំ​១១១ហិកតា​​​​​​​​​​​​​ឲ្យ​ទៅ​​​គ្រួសារ​​​​​​​​ក្នុង​​​សង្កាត់​​​​អំពិល​​​។

ប្រជាពលរដ្ឋ​​​ទាំង​​​២៥​​​គ្រួសារ​​​ក្នុង​សង្កាត់​ស្លក្រាម​ ​​​​​​និយាយ​​​ថា ពួក​​​គាត់ជឿ​​​ថា ខ្លួន​​​ត្រូវ​​​​ទទួល​​​បាន​​​មួយ​​​ចំណែក​​​នៃ​​​ដី​​​ទំហំ​​​១១១ហិកតា​​​ ហើយ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​អង្គារ​​​បាន​​​ចាប់​​​ផ្តើម​​​​​​ដំឡើង​​​តង់​​​នៅ​​​លើ​​​ទី​​​តាំង​​​ផ្ទះ​​​ចាស់​​​របស់​​​ពួក​​​គាត់​​​ដែល​​​អាជ្ញាធរ​​​បាន​​​បំផ្លាញ​កាល​​​ពី​​​ខែ​​​កុម្ភៈ

ដើម្បី​​​អប​​​អរ​​​សាទរ។

អ្នកស្រី ចាន់ សូលីដា ដែល​​​​​រំពឹង​ថា​នឹង​ទទួល​បាន​ដី​​​នឹង​គេ​ដែរ បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញ​​​ថា “យើង​​​គ្រាន់​​​តែ​​​ត្រៀម​​​ធ្វើ​​​ពិធី​អបអរ​សាទរ​​​​​​ចំពោះ​ការ​​​ទទួល​​​បាន​​​ដី​​​ និង​​​ដើម្បី​​​ថ្លែង​​​អំណរ​​​គុណ​​​សម្តេច ហ៊ុន សែន បុណ្ណោះ​។ ប៉ុន្តែ នៅ​​​​​ម៉ោង​​​ប្រហែល​​​៦​​​ៈ៣០ នាទី​ល្ងាច​​​​ម្សិលមិញ អាជ្ញាធរ​​​ប្រហែល​​​១០០នាក់​​​បាន​​​មក​​​ឃាត់​​​ពួក​​​យើង​​​។ អាជ្ញាធរ​​​បានយក​អ្វី​​​ៗចេញ​​​​ទាំង​​​អស់​​​ ពីព្រោះ​​​​​ពួក​​​គេ​​​អះ​​​អាង​​​ថា យើង​​​កាន់​​​កាប់​​​ដី​​​របស់​​​អាជ្ញាធរ​​​អប្សរា។ ប៉ុន្តែ យើង​​​មិន​​​អាច​​​ទទួលយក​​​បាន​​​ទេ ព្រោះយើង​​​​​​រស់​​​នៅ​​​លើ​​​ដី​​​នេះ​​​តាំង​​​​​ពីឆ្នាំ​​​១៩៩៣​​​មក​​​ម្លេ៉ះ”។

អ្នកស្រី​​​​​​និយាយ​​​ថា លោក សូ ផ្លាតុង អភិបាល​​​​ក្រុង​សៀម​​​រាប ​គឺ​ជា​​អ្នក​​​​​​​ដឹក​​​នាំ​កម្លាំង​នគរបាល​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ សន្តិសុខរបស​​​់អាជ្ញាធរ​​​អប្សរា​​​ និង​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​មួយ​​​គ្រឿង​​ចុះ​ទៅ​​​​​​ហាម​ឃាត់​ពិធី​នេះ​។

​អ្នក​ស្រី យិុន សុគន្ធា ​​​និយាយ​​​ថា “យើង​​​​នឹង​មិន​​​បោះ​​​បង់​​​ដី​​​នេះ​​​​​​​​ឡើយ​ ពីព្រោ​​ះដី​​​នេះជា​កម្ម​សិទ្ធិ​​​​របស់​​​យើង​​​។ សម្តេច ហ៊ុន​​​ សែន បាន​​​​ប្រគល់ដី​​​នេះមក​ឲ្យ​​​​យើង​​​ ដូច្នេះ​​​ហេតុ​​អី​បាន​​​ជា​​​អាជ្ញាធរ​​​និយាយ​​​ថា​​​យើង​​​រស់​​​នៅ​​​ទីនេះ​​​ខុស​​​ច្បាប់​​​ទៅវិញ​?”។

ទាំង​​​លោក ប៊ុន ណារិទ្ធ អគ្គនាយក​​​អាជ្ញាធរ​​​អប្សរា​​​ និង​​​លោក ឃឹម ប៊ុនសុង អភិបាល​​​ខេត្ត​​​​សៀម​​​រាប​​​ មិនអាច​​​ទាក​​​់ទង​​​សុំ​​​ការ​​បំភ្លឺ​បាន​ទេ​ជុំ​វិញ​បញ្ហា​នេះ​។

លោក​​​ស្រី​​​ ចៅ ស៊ុន​​​កិរិយា​​​ អ្នក​​​នាំ​​​ពាក្យ​​​អាជ្ញាធរ​​​អប្សរា​​​បាន​​​បញ្ជាក់​​​ថា អាជ្ញាធរ​​​​ពិតជា​​បាន​​​ចុះ​ទៅ​រារាំង​​​ពិធី​​​របស់​​​​អ្នក​ភូមិ​ពិត​មែន​​។ “យើង​​​បាន​​​បញ្ឈប់​​​ពិធីរ​​​បស់​​​ពួក​គាត់ ពីព្រោះ​​​ពួក​​​គាត់​ធ្វើ​ដោយ​​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ពី​​​​​​អាជ្ញាធរ”។ លោកស្រី​​​ក៏​បាន​បញ្ជាក់​ដែរ​​​​ថា គ្រួសារ​​​មួយ​​​ចំនួន​​​ក្នុង​​​សង្កាត់​​​​អំពិល​​​​​​ ទទួល​​​បាន​​​ដី​​​ក្រោម​​​កិច្ច​​​ព្រម​​​ព្រៀងដែល​​​​រៀប​​​ចំ​ឡើង​ដោយ​​​លោក​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ប៉ុន្តែ មាន​ប្រសាសន៍​​​​ថា លោក​​​ស្រី​​​មិន​​​ដឹងពី​​​​សេចក្តី​​​លម្អិត​​​ទេ​​​។

លោក​ស្រី​​​​បាន​​មាន​ប្រសាស៍​​​ទៀត​​​ថា “ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌មាន​​​អំពី​​​សុន្ទរកថា​របស់​​​​សម្តេច
[ លោក ហ៊ុន សែន] ​ដែល​លើក​ឡើង​ពី​ករណី​នេះ ប៉ុន្តែ​​​​ខ្ញុំ​មិន​​​ដឹងពី​​​​សេចក្តី​​​លម្អិត​​​ទេ​​”។

លោក ប៊ុន ថារិទ្ធ ​​អភិបាល​​​រង​​​ខេត្ត​​​​សៀម​រាប បាន​​​ចោទ​​​ប្រកាន់​​​ប្រជា​​​ពល​​​រដ្ឋ​​​​ទាំង​​​​២៥​​​គ្រួសារ​​​នេះ​​ថា​​​​រស់​​​នៅ​​​លើ​​​ដី​​​នេះ​​​​ដោយ​គ្មាន​​​ការ​​​អនុញ្ញាត។ លោក​​​បាន​​​លើក​​​ឡើង​​​ថា “ពួក​គាត់​​​​​ជា​​​ជន​​​អនាធិបតេយ្យ​​​ដែល​​​បាន​​​ចាប់​​​យក​​​ដី​របស់​​​​អាជ្ញាធរ​​​អប្សរា​​​ ពីព្រោះ​​ពួកគាត់​គ្មាន​​​ឯកសារ​​​គ្រប់​​​គ្រាន់​​​” ដើម្បី​​​​បង្ហាញ​ថា​​​ការ​​​អះអាង​​​របស់​​​ពួក​​​គាត់​​​​ជាការពិត​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោកស្រី ឈុយ វន្ថា មន្ត្រី​​​ឃ្លាំ​​​មើល​​​​​​របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ ប្រចាំ​​​​​ខេត្តសៀមរាប បា​​​ន​​​​មាន​ប្រសាសន៍​​​​ថា លោក​ស្រី​​​ជឿ​​​ថា​​​ លោក​​​ ហ៊ុន សែន ​​មាន​​បំណង​ចង់​​​​​រាប់​​​បញ្ចូល​​​ប្រជា​​​ពលរដ្ឋ​​​ទាំង​២៥​​​គ្រួសារ​​​នេះ​​​ទៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​លោក​​​បាន​​​

រៀប​​​ចំ​​​​​។ លោកស្រី​​​បាន​​​​បន្តថា “អាជ្ញាធរ​​​គួរ​​​តែ​​​​ផ្តល់​​​​ដី​​​ដល់​​​ប្រជា​​​ពលរដ្ឋ​​​ទាំង​​​២៥គ្រួសារ​​​នោះ ​ពីព្រោះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​សម្រេច​​​កាត់​​​ដី​​​​នោះ​ [ចេញ​​​ពី​​​អាជ្ញាធរ​​​អប្សរា] ​​​ឲ្យ​ទៅ​ពួក​​​គាត់​​​រួច​ហើយ​”៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស