28.4 C
Phnom Penh

នគរបាល​ខេត្ត​ពោធិ៍សាត់​​ស្វែង​រក​កសិករ​ដាំកញ្ឆាម្នាក់ដែលរត់​គេច​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​បាន​និយាយ​កាលពីម្សិល​មិញ​ថា នគរបាល​ខេត្ត​ពោធិ៍​សាត់​កំពុង​ស្វែង​រក​កសិករ​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដាំកញ្ឆា​ជិត​៨.០០០ដើម​នៅក្នុង​ស្រុ​ក​ភ្នំក្រវាញ ដែល​អាជ្ញាធរ​បាន​ដុត​បំផ្លាញ​កាល​ពី​ថ្ងៃច័ន្ទ។

លោក សារុន ចន្ធី ស្នង​ការ​នគរបាល​ខេត្ត​ពោធិ៍​សាត់​​បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​ស្វែង​រក​កសិករ​រូបនេះ។ យើង​ស្គាល់​ឈ្មោះ​និង​សាវតារ​​របស់ជន​នេះហើយ ហើយ​យើង​បាន​ស្នើសុំ​​ដីកា​ពីតុលាការ​ដើម្បី​ចាប់ខ្លួន​បុរស​រូបនេះ”។

ឧត្តម​សេនីយ៍ត្រី ចន្ធី បានមាន​ប្រសាសន៍ថា កសិករ​រូបនេះ​បាន​ដាំ​កញ្ឆា​ចំនួន​៧.៦៣៧​ដើម​នៅ​លើ​ផ្ទៃដី​ទំហំ​កន្លះហិកតាដែលគាត់​បាន​ជួល​ពី​បុរស​ម្នាក់ទៀត។

លោក វង្ស សាវ៉េត អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​បានមាន​ប្រសាសន៍ថា មន្ត្រីស្រុក​និង​សន្តិ​សុខ​មូលដ្ឋាន​៣៧នាក់​​បាន​ឆ្មក់ចូល​ចម្ការនេះ​បន្ទាប់ពី​ម្ចាស់ដី​​ឈ្មោះ សួន អេង អាយុ​៥៥​ឆ្នាំ​​បាន​ប្តឹង​នគរបាល​​​។

ដោយ​កំណត់អត្ត​សញ្ញាណកសិករ​ដែលរត់គេ​ចខ្លួន​រូបនេះថា​ឈ្មោះ​​ អ៊ុង អេង នោះ លោក​បាន​មាន​ប្រសាសន៍ថា “​ជន​សង្ស័យ​រូបនេះ​មក​ពី​ខេត្ត​កណ្តាល ហើយ​គាត់​បាន​ជួល​ដីនេះ​ដើម្បី​ដាំ​ដំឡូង​មីនិង​ម្ទេស​ ប៉ុន្តែ​គាត់​បែរជាដាំកញ្ឆាទៅ​វិញ”។

ឧត្តម​សេនីយ៍ត្រី ចន្ធី បានមាន​ប្រសាសន៍ថា លោក អេង បាន​រត់​គេច​ខ្លួន​​នៅពេល​នគរ​បាល​មក​ដល់កាលពី​ថ្ងៃច័ន្ទ។

លោក​បានមាន​ប្រសាសន៍ថា​ “​នៅពេល​នគរបាល​មក​ដល់​ទីនោះ​ គាត់​បាន​រត់​គេចខ្លួន​បាត់​ទៅហើយ ពីព្រោះគាត់​ដឹង​ពី​ការ​ឆ្មក់ចូល​នេះ​ជាមុន”៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស