មន្ត្រីក្រសួងមហាផ្ទៃម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃនឹងសហការជាមួយនគរបាលវៀតណាមស្វែងរកប្រភពកាំភ្លើងដែលជនជាតិចិនម្នាក់បានប៉ុនប៉ងជួញដូរពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។
ទីភ្នាក់ងារព័ត៌មាន Thanh Nien របស់វៀតណាមបានរាយការណ៍កាលពីថ្ងៃអង្គារថា លោក លៀន សៅមីង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមីនា នៅក្នុងខេត្ត តៃនិញ ដែលនៅជាប់ព្រំប្រទល់ខេត្តស្វាយរៀង និងខេត្តកំពង់ចាមនៃប្រទេសកម្ពុជា ខណៈដែលបុរសរូបនេះបានត្រៀមទទួលកាំភ្លើងខ្លីពីរដើមម៉ាក Beretta ដែលគាត់បានបង់ប្រាក់សម្ងាត់ដើម្បីជួញដូរឆ្លងព្រំដែន។
យោងតាមរបាយការណ៍ព័ត៌មាននេះបានឲ្យដឹងថា លោក លៀន បានមកជួបអ្នកចែកចាយអាវុធនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ ខែមីនា ហើយបានទិញកាំភ្លើងខ្លីទាំងពីរដើមនេះក្នុងតម្លៃ១.០០០ដុល្លារក្នុងមួយដើមជាមួយនឹងគ្រាប់តម្លៃ៤០០ដុល្លារក្នុងបំណងយកទៅលក់ក្នុងប្រទេសវៀតណាមយកចំណេញ។ការជួញដូរកាំភ្លើងគឺខុសច្បាប់ក្នុងប្រទេសកម្ពុជា។
លោក ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “យើងចាំបាច់ត្រូវស៊ើបអង្កេតករណីនេះ។ ខ្ញុំនឹងទាក់ទងនគរបាលវៀតណាម ហើយយើងនឹងសហការដើម្បីស្វែងរកអ្នកលក់កាំភ្លើងនៅក្នុងប្រទេសកម្ពុជា”។
ឧត្តមសេនីយ៍ទោ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា នគរបាលកម្ពុជាមិនដឹងពីការចាប់ខ្លួននេះមុនពេលអ្នកយកព័ត៌មានជូនដំណឹងកាលពីម្សិលមិញឡើយ។
ទីភ្នាក់ងារព័ត៌មាន Thanh Nien បានរាយការណ៍ថា លោក លៀន បានមករស់នៅក្នុងទីក្រុងហូជីមីញតាំងពីឆ្នាំ២០០១មកម៉្លេះ ក្រោមឈ្មោះថា ត្រាញ់ ធៀនមីញ ដែលតាមចោទថា គាត់បានរត់គេចខ្លួនបន្ទាប់ពីប្រព្រឹត្តអំពើមនុស្សឃាតនៅក្នុងខេត្តគ័ងដុង ភាគខាងត្បូងប្រទេសចិន។
យោងតាមទីភ្នាក់ងារព័ត៌មាននេះបានឲ្យដឹងថា នៅក្នុងប្រទេសវៀតណាម គាត់ប្រឈមការចោទប្រកាន់ពីបទជួញដូរអាវុធ និងប្រឈមការជាប់ពន្ធនាគារពី៥ទៅ១២ឆ្នាំ ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព។
ស្ថានទូតវៀតណាមប្រចាំរាជធានីភ្នំពេញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕សារុន