លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាគណបក្សប្រឆាំង និងក្រុមអ្នកភូមិក្នុងខេត្តត្បូងឃ្មុំ បន្ទាប់ពីលោកបានផ្ញើលិខិតជូនលោក ហេង សំរិន ប្រធានរដ្ឋសភានៅសប្តាហ៍នេះដោយអះអាងថា ដីមួយផ្នែកដែលប្រជាជនខ្មែរកំពុងធ្វើស្រែចម្ការនោះ តាមពិតជារបស់វៀតណាម។
លោក ហោ ណាំហុង បានសរសេរលិខិតមួយច្បាប់ឆ្លើយតបទៅនឹងសំណើរបស់សមាជិកសភាគណបក្សសង្គ្រោះជាតិសុំជំនួយពីរដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ពីកសិករក្នុងឃុំជាំ ស្រុកមេមត់ថា ទាហានវៀតណាមបីនាក់ក្នុងចំណោមទាហានវៀតណាម៦នាក់ដែលបានយកថ្នាំសម្លាប់សត្វល្អិតបាញ់លើដំណាំរបស់ពួកគាត់កាលពីថ្ងៃទី១៩ ខែមេសា។
បើទោះជាកសិករទាំងនេះអះអាងថា ពួកគាត់បានធ្វើស្រែចម្ការលើដីនេះច្រើនទសវត្សរ៍មកហើយក៏ដោយ ក៏លោក ហោ ណាំហុង បានមានប្រសាសន៍ថា ដំណាំទាំងនេះបានដាំឆ្លងបង្គោលព្រំដែនដែលត្រូវបានកែប្រែជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់រវាងប្រទេសពីរ។
លោក ហោ ណាំហុង បានសរសេរនៅក្នុងលិខិតចុះកាលបរិច្ឆេទថ្ងៃច័ន្ទថា “ថ្មីៗនេះ ក្នុងឆ្នាំ២០១៥ ប្រជាពលរដ្ឋរបស់យើងបានដាំដំណាំលើផ្ទៃដីទំហំ១៦,៦ ហិកតាលើដីវៀតណាមដែលបានបណ្តាលឲ្យវៀតណាមប្រតិកម្មដោយការបាញ់សម្លាប់សត្វល្អិតលើដំណាំរបស់កសិករយើង”។
ការវាយតម្លៃរបស់លោក ហោ ណាំហុង កាលពីម្សិលមិញត្រូវបានច្រានចោលដោយលោក ម៉ៅ មុន្នីវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលកាលពីពេលថ្មីៗនេះបានទៅកាន់តំបន់នោះនៅក្នុងឃុំជាំ ហើយបានមានប្រសាសន៍ថា លោកប្រហែលកោះហៅរូបគាត់ឲ្យឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការរដ្ឋសភា។
លោក មុន្នីវណ្ណ បានមានប្រសាសន៍ថា “ខ្ញុំគិតថា ការបកស្រាយរបស់លោក ហោ ណាំហុងគឺផ្អែកលើផែនទីឆ្នាំ១៩៨២ ឬ១៩៨៣ប៉ុណ្ណោះដែលត្រូវបានច្រានចោលដោយកិច្ចព្រមព្រៀងសន្តិភាពក្រុងបា៉ារីស ពីព្រោះផែនទីនេះត្រូវបានគូរខណៈដែលវៀតណាម បានគ្រប់គ្រងប្រទេសរបស់យើង”។
លោក គី ទេត អាយុ៤៧ឆ្នាំ ជាកសិករដែលអះអាងថា លោកបានធ្វើស្រែចម្ការលើដីនេះចាប់តាំងពីឆ្នាំ១៩៨២មកបានមាននិយាយថា លោកនិងអ្នកភូមិប្រហែល១០០នាក់ទៀតបានឃើញក្រុមនេះបំផ្លាញដំណាំ ហើយឃាត់ខ្លួនបានទាហានបីនាក់។
លោក ទេត បាននិយាយថា “ទាហានវៀតណាមបីនាក់ស្ពាយធុងថ្នាំគីមីបីធុងរត់គេចខ្លួន ប៉ុន្តែយើងឃាត់ខ្លួនពួកគេបានបីនាក់រយៈពេលជាងមួយម៉ោង”។ លោកបានបន្ថែមថា នគរបាលមូលដ្ឋានបានបញ្ចុះបញ្ចូលក្រុមអ្នកភូមិអនុញ្ញាតឲ្យទាហានប្រដាប់អាវុធទាំងនេះរួចខ្លួន ដោយសន្យាជួយដោះស្រាយបញ្ហានេះ។
លោក ទេត បានសម្តែងការរិះគន់ជុំវិញលិខិតរបស់លោក ហោ ណាំហុង ដោយនិយាយថា “លោកសន្និដ្ឋានទាំងងងឹតងងល់” ថា ដីនេះជារបស់វៀតណាម។
អ្នកភូមិម្នាក់ទៀតឈ្មោះ អឹុម ឃ្លោក ដែលមានដីទំហំ២ហិកតាដាំពោត សណ្តែក និងស្រូវត្រូវបានបំផ្លាញនោះ ក៏បានរិះគន់លិខិតនេះដែរ។
លោកបានមានប្រសាសន៍ថា “ការបកស្រាយរបស់លោក ហោ ណាំហុង ថា ដីរបស់យើងស្ថិតនៅលើដីរបស់វៀតណាមនោះ ដូចជាគាត់ចាក់សម្លាប់ខ្ញុំអ៊ីចឹង…។ យើងបានធ្វើស្រែចម្ការលើដីនេះមុននិងក្រោយការដួលរលំនៃរបបខ្មែរក្រហមម៉្លេះ វាជាដីរបស់ខ្ញុំ មិនមែនជាដីរបស់វៀតណាមទេ”។
លោកបានបន្ថែមថា “ប្រហែលជាដោយសារដំណាំដែលត្រូវបានបំផ្លាញនេះ មិនមែនជារបស់គាត់ បានជាគាត់និយាយបែបនេះ”។
លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា វាមិនច្បាស់ថា
តើដីដែលមានវិវាទនេះជារបស់ប្រទេសណានោះ ដោយសារមិនទាន់មានការបោះបង្គោលព្រំដែន។
លោកបានមានប្រសាសន៍ថា “ចន្លោះបង្គោលព្រំដែនលេខ៩៤ និង៩៥ មិនមានការបោះបង្គោលព្រំដែនបណ្តោះអាសន្នទេ។ ជួនកាលនេះក៏ជាមូលហេតុដែលតាមចោទថា កសិករវៀតណាមដាំដំណាំនៅលើដីរបស់យើងផងដែរ”។
គេមិនអាចទាក់ទងលោក ហោ ណាំហុង ដើម្បីសុំអត្ថាធិប្បាយបានទេ៕សារុន