41.3 C
Phnom Penh

ផ្ទុះ​គ្រាប់​មីន​បណ្តាល​ឲ្យ​កសិករ​ក្នុង​ខេត្ត​បាត់​ដំបង​ម្នាក់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ កសិករ​ម្នាក់នៅក្នុង​ខេត្ត​បាត់​ដំបង​បានស្លាប់​​ភ្លាម​ៗ​កាលពី​រសៀល​ថ្ងៃ​អង្គារ​នៅពេល​ត្រាក់ទ័រ​ដែលគាត់​កំពុង​បើក​​បានកិន​គ្រាប់មីន​ចាស់​មួយ​គ្រាប់។

លោក ជា ឈី នាយ​ប៉ុស្តិ៍​ឃុំ​បានមាន​ប្រសាសន៍ថា លោក សន ស៊ីម អាយុ​៣៦ឆ្នាំ​ដែល​ធ្វើការ​ជាកូន​ឈ្នួល​ឲ្យ​ម្ចាស់ដីបាន​ភ្ជួរ​ដី​ដាំពោត​នៅក្នុង​ឃុំ​ពេជ្រចិន្តា​ ស្រុក​ភ្នំព្រឹក នៅពេល​គ្រោះ​ថ្នាក់នេះ​បាន​កើត​ឡើង បណ្តាល​ឲ្យ​ត្រាក់ទ័រ​ដាច់​ជាពីរ​ ហើយ​អ្នក​បើក​បរ​ផ្លោង​ចេញ​ពី​ត្រាក់​ទ័រ។

លោក​បាន​មាន​ប្រសាសន៍ថា ដីស្រែនេះ​ត្រូវបាន​ធ្វើ​រយៈពេល​យ៉ាង​តិច​ប្រាំមួយ​ឆ្នាំមក​ហើយ​​ដោយ​​​មិន​មាន​គ្រោះ​ថ្នាក់អ្វីទេ ប៉ុន្តែ បាន​កត់​សម្គាល់ថា ពួកឧទ្ទាមខ្មែរ​ក្រហម បាន​ដាក់​មីន​នៅ​ក្នុង​តំបន់នេះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ បន្ទាប់ពី​របប​នេះ​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​កង​ទ័ព​វៀត​ណាម។

ដោយ​សំដៅ​ដល់​ការ​ផ្ទុះ​នោះ​លោក​បានមាន​ប្រសាសន៍ថា “​វា​កើត​ឡើង​ជារឿយ​ៗ ពីព្រោះតំបន់នេះ​​ធ្លាប់ស្ថិតក្រោម​ការ​កាន់កាប់របស់ខ្មែរ​ក្រហម។ ពួកគេ​ដាក់មីន​ដើម្បី​រារាំង​កង​ទ័ព​វៀត​ណាម​កុំឲ្យ​រុល​ចូល​មក”។

លោក ឈិន សុភិន មេភូមិ​​អូរតាសុក​បានមាន​ប្រសាសន៍ថា ​មជ្ឈមណ្ឌលសកម្មភាព​កំចាត់​មីន​កម្ពុជា​ ដែលជាស្ថានប័ន​ដោះមីន​របស់រដ្ឋាភិបាល​បាន​ដោះមីន​ក្នុង​តំបន់​មួយ​ចំនួន​ហើយ ប៉ុន្តែ​​មិន​មែនតំបន់​ជាក់់លាក់​ដែល​បានផ្ទុះកាលពី​ថ្ងៃអង្គារ​ទេ។

លោក​បាន​មានប្រសាសន៍ថា លោក សន ស៊ីម បាន​ស្លាប់ចោល​ប្រពន្ធ​ និង​កូនពីរនាក់ ដែល​កូន​ច្បង​អាយុ​៥ឆ្នាំ។

គ្រោះ​ថ្នាក់កាលពី​ថ្ងៃអង្គារ​​កើត​ឡើង​បន្ទាប់ពី​​ការ​ស្លាប់​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំម្នាក់​កាលពី​ថ្ងៃសៅរ៍នៅក្នុង​ខេត្ត​ព្រះវិហារ​ នៅពេល​ក្មេងប្រុស​នេះ​ និង​ទាហាន​ម្នាក់​បានទម្លាក់​គ្រាប់​កាំភ្លើង​ផ្លោង​ចាស់មួយគ្រាប់​​​ដែល​ពួកគេ​បាន​ប្រទះឃើញ​ខណៈ​ដើរ​រក​អុស​ក្នុង​ព្រៃ។ ទាហាន​រូបនេះ​និង​កុមារពីរនាក់ទៀត​​ក៏រ​ង​របួស​ធ្ងន់​ផងដែរ។

យោង​តាម​ទិន្នន័យ​ថ្មី​បំផុត​របស់​អាជ្ញាធរ​សកម្មភាព​កំចាត់មីន​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា យុទ្ធ​ភណ្ឌមិនទាន់​ផ្ទុះ​​បាន​បណ្តាល​ឲ្យ​មនុស្សស្លាប់និង​​របួស​២៧នាក់​កាលពី​ខែមករា និង​ខែកុម្ភៈ។ ក្នុង​ចំណោម​នោះ​ មនុស្ស​៦នាក​់បាន​ស្លាប់ បីរនាក់​ត្រូវ​បាន​កាត់​អវយវៈ និង​នៅសល់ពីនោះ​រង​របួស​ស្រាល។

តួលេខ​រយៈពេល​ពីរខែគឺថយចុះ​​ពីរយៈពេលដូចគ្នានេះ​កាលពី​ឆ្នាំមុន​ នៅពេល​គ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះ​​បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់ឬរបួស​៤០នាក់។

បើ​ទោះ​ជា​មានការ​ថយចុះ​បន្តបន្ទាប់​រយៈពេល​ជាច្រើន​ឆ្នាំក៏ដោយ ក៏​ចំនួន​អ្នកស្លាប់និង​របួស​បាន​កើន​ឡើង​ប្រហែល​១ភាគ៣ក្នុង​ឆ្នាំ​២០១៤​ដល់ ១៥៤នាក់។
មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីន​កម្ពុជា បាន​បន្ទោស​ការ​កើន​ឡើង​នេះ​មួយ​ផ្នែក​ដោយ​សារ​ការ​​ផ្លាស់​ទៅ​ប្រើ​គ្រឿង​ចក្រ​សម្រាប់ធ្វើកសិកម្ម​ ដែល​ទំនង​ជាធ្វើ​ឲ្យ​គ្រាប​់មីន​កប់ក្នុងដី​ផ្ទុះ​។

ចាប់តាំងពីការ​ដួលរលំ​នៃរបប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​មក គ្រាប់មីន និង​យុទ្ធភណ្ឌមិន​ទាន់ផ្ទុះបានធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ឬ​​របួស​ច្រើន​ជាង​​៦៤.០០០នាក់​នៅទូទាំង​ប្រទេស ដែល​ភាគច្រើន​នៃពួកគាត់​រស់នៅ​តាមព្រំដែន​ថៃ​ដែល​ជា​​កន្លែង​សម្បូរ​គ្រាប់មីននៅឡើយ​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស