34 C
Phnom Penh

នគរបាល​ទេសចរណ៍​ធ្វើការ​ពេល​យប់​ដើម្បី​បង្ក្រាប​បទ​ល្មើស​តូចតាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ច័ន្ទ ភោជនីយដ្ឋាន​ត្រី​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ក្នុង​ខណ្ឌ​ដូនដេញ ក្រុង​ភ្នំពេញ បាន​បិទ​សម្រាប់​ថ្ងៃ​បុណ្យ​វិសាខ​បូជា។ ក្នុង​ភាព​ងងឹត មើល​សឹងតែ​មិន​ឃើញ​ក្រុម​ប៉ូលិស​ទេសចរណ៍​មាន​កាន់​អាវុធ​ជាង​២០​នាក់។

យោង​តាម​មន្ត្រី​រាជ​អាវុធហត្ថ​ម្នាក់​ដែល​គ្រប់គ្រង​ផ្លូវ​បំបែក​ជាមួយ​ផ្លូវ​លេខ​១៨៤​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​របាំង​ផ្លូវ​នេះ​ដើម្បី​ឃាត់​ឆែកឆេរ ភាគ​ច្រើន​បំផុត​សំដៅ​លើ​ក្រុម​ក្មេង​ប្រុស​ជិះ​ម៉ូតូ ដែល​ល្បី​ខាង​ឆក់​កាបូប​និង​ប្លន់​ម៉ូតូ​ខ្លាំង​ឡើង ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​ឈ្មោះ​អាក្រក់។

មន្ត្រី​ម្នាក់ ដែល​បាន​ប្រាប់​ថា​គាត់​ឈ្មោះ ចាន់ណា បាន​និយាយ​ថា “ភាគច្រើន​បំផុត​នោះ យើង​ខ្វល់​អំពី​ក្មេង​ប្រុសៗ​ជិះ​វេស្ប៉ា ដែល​ជិះ​ក្រវែល​នៅ​ពេល​យប់​សម្លឹង​មើល​ភ្ញៀវ​ទេសចរ ដើម្បី​លួច​ឆក់​កាបូប ម៉ាស៊ីន​ថត ឬ ទូរស័ព្ទ ហើយ​ប្រហែល​មាន​កាន់​អាវុធ​ទៀត​ផង”។

“យើង​កំពុង​បង្ហាញ​ពលរដ្ឋ​ថា ប៉ូលិស​មាន​វត្តមាន ហើយ​ថា យើង​ចេញ​ល្បាត​តាម​ផ្លូវ​នៅ​ពេល​យប់ ដើម្បី​ការពារ​ភ្ញៀវ​ទេសចរ​និង​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ផុត​ពី​ឧក្រិដ្ឋកម្ម”។

កាលពី​ខែ​មីនា ប៉ូលិស​ជាតិ​បាន​ប្រកាស​ឲ្យដឹង​ថា សេចក្តី​ព្រាង​ផែនការ​មួយ​ដើម្បី​ដោះស្រាយ​ចោរកម្ម​និង​ការ​វាយ​ប្រហារ​លើ​ជន​បរទេស ត្រូវ​បាន​បញ្ជូន​ទៅ​​ស្ថានទូត​ទាំង​២៧​ក្នុង​ក្រុង​ភ្នំពេញ។ ពីរ​សប្តាហ៍​ក្រោយ​មក មាន​របាយការណ៍​មួយ​ចេញ​ដោយ​ការិយាល័យ​សន្តិសុខ​ការទូត​អាមេរិក លម្អិត​អំពី​ការ​វាយ​ប្រហារ​លើ​បុគ្គលិក​ស្ថាន​ទូត​ក្នុង​ក្រុង​ភ្នំពេញ ហើយ​ចាត់​ទុក​ស្ថានការណ៍​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស​នេះ​ថា “គួរ​ឲ្យ​ព្រួយ​បារម្ភ”។

លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ផែនការ​ថ្មី​នេះ ឥឡូវ​នេះ​កំពុង​អនុវត្ត ហើយ​ថា សន្តិសុខ​កើន​ឡើង​នឹង​ធ្វើ​ឲ្យ​ដង​ផ្លូវ​នានា​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​ទេសចរ​បរទេស និង​ធ្វើ​ឲ្យ​មុខ​មាត់​រាជធានី​ប្រសើរ​ឡើង អាច​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​បាន​ច្រើន។

ឧត្តម​សេនីយ៍​ឯក យ៉ាន បាន​និយាយ​ថា “យើង​កំពុង​ធ្វើ​ឲ្យ​កម្លាំង​ប៉ូលិស​ទេសចរណ៍​របស់​យើង​មាន​សមត្ថភាព​ប្រសើរ​ឡើង​ទូទាំង​ប្រទេស កន្លែង​ណា​ភ្ញៀវ​ទេសចរ​ទៅ​លេង​ត្រូវ​មាន​សុវត្ថិភាព​ល្អ”។

លោក​បាន​បដិសេធ​មិន​ប្រាប់​លម្អិត​អំពី​វិធានការ​ផ្សេងទៀត​ដែល​រាប់​បញ្ចូល​ក្នុង​ផែនការ​នេះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា ភ្ញៀវ​ទេសចរណ៍​មាន​អារម្មណ៍​សុវត្ថិភាព​ជាង​មុន ព្រោះ​ប៉ូលិស​នឹង​មាន​ច្រើន។

លោក​ឧត្តម​សេនីយ៍​ឯក យ៉ាន បាន​និយាយ​ថា “នៅ​ពេល​ថ្ងៃ កម្លាំង​ប៉ូលិស​ទេសចរណ៍​របស់​យើង​ប្រចាំ​ការ​១២​ម៉ោង ហើយ​ពួកគេ​នឹង​ល្បាត​តាម​ផ្លូវ​នានា​រហូត​ដល់​ពេល​អធ្រាត្រ​…​ដោយ​មាន​កិច្ច​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ផ្សេងទៀត ជា​ពិសេស​ក្នុង​តំបន់​មាន​ដូចជា​ផ្សារ​រាត្រី វត្តភ្នំ និង​មាត់​ទន្លេ”។

នៅ​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ច័ន្ទ ភ្លាម​នោះ សកម្មភាព​នៅ​កន្លែង​ឆែកឆេរ​តាម​ផ្លូវ​​លេខ​៥១​ឲ្យ​សញ្ញា​ថា ដល់​ពេល ចាន់ណា និង​សហការី​របស់​លោក​ទៅ​ផ្ទះ។ រថយន្ត​ប៉ូលិស​បាន​បើក​ចេញ ចំណែក​ក្លឹប​កម្សាន្ត​ចាប់​មាន​សកម្មភាព​រស់​រវើក។

លោក​បាន​និយាយ​ថា “ជិត​ម៉ោង​១០​យប់​ទៅ​ហើយ យើង​នៅ​ទី​នេះ​តាំង​ពី​ម៉ោង​៦។ ប៉ុន្តែ​ពី​ពេល​នេះ​ទៅ យើង​នឹង​មាន​នៅ​ទូទាំង​ក្រុង”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស