29 C
Phnom Penh

សេចក្តី​​​ព្រាង​​​យ៉ាង​​​អាថ៌កំបាំង​​​​​​នៃ​​​ច្បាប់​​​ស្តីពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ ធ្លាក់​​​ដល់​​​ដៃ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ហើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តី​​​ព្រាង​​​ចុង​​​ក្រោយ​​​​​​នៃ​​​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​ដើម្បី​​​គ្រប់​​​គ្រង​​​ការ​​​ងារ​​​​​​ក្នុង​​​វិស័យ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដ៏​​​រឹង​​​មាំ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ធ្លាក់​​​ដល់​​​ដៃ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ហើយ​​​ ដោយ​​​រារាំង​​​​មិន​ឲ្យ​មាន​កិច្ច​​​ប្រជុំ​​​ជា​​​សាធារណៈ​​​ណា​​​មួយ​​​បន្ថែម​​​ទៀត​​​លើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ឡើយ យ៉ាង​​​ហោច​​​ណាស់​​​រហូត​​​ដល់​​​វា​​​ធ្លាក់​​​ដល់​​​ដៃ​​​រដ្ឋ​​​សភា​​​។

អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នានា​​​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​នេះ​​​បំពាន​​​សិទ្ធិ​​​សេរីភាព​​​នៃ​​​ការ​​​ជួប​​​ជុំ​​​របស់​​​ខ្លួន ហើយ​​​ព្រួយ​​​បារម្ភ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​អាច​​នឹង​​​ប្រើ​​​ប្រាស់​​​មាត្រា​​​​​​ជាក់​​​លាក់​​​ និង​​​កថាខណ្ឌ​​​ដែល​​​មាន​​​ចែង​​​មិន​​​ច្បាស់​​​លាស់​​​ ដើម្បី​​​​​​​តាម​ចាប់​ខ្លួន​ក្រុម​​​​ដែល​​​រិះគន់​​​រដ្ឋាភិបាល​​​។

ទោះ​​​ជាយ៉ាង​​​ណា ពួក​​​គេ​​​មិន​​​ទាន់​​​បាន​​​ឃើញ​​​សេចក្តី​​​ព្រាង​​​ច្បាប់​ថ្មី​​​​នៅ​​​ឡើយ​​​ទេ ចាប់​​​តាំង​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​អញ្ជើញ​​​ពួក​​​គេឲ្យ​​​​​​ចូល​​​រួម​​​សិក្ខា​​​សាលា​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១មក​​​ ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​ក្រសួង​​​ជួប​ប្រជុំ​​​​ជា​​​មួយ​​​ពួក​​​គេ​​​ម្តង​​​ទៀត​​​ មុន​​​ពេល​​​​​​​​​សំណៅ​សេច​ក្តី​ព្រាង​ច្បាប់​​​​បច្ចុប្បន្ន​​​ត្រូវ​​​បាន​​​កែប្រែ​​​​បន្ថែម​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កាល​​​ពី​​​ម្សិលមិញ លោក ផៃ ស៊ីផាន​​​ អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​បាន​​​ចេញ​ផុត​​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​​​ហើយ​​​ ហើយ​​​ជា​​​ផ្លូវ​​​ការ​​​វា​កំពុង​​​​ស្ថិត​​​នៅ​​​ក្នុង​​​ដៃ​​​របស់​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​។ លោក​​​បាន​​​បញ្ជាក់​​​​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​នេះ​​បាន​​​​​​​ទៅ​​​ដល់​​​ដៃ​ការិយាល័យ​​​​​​រដ្ឋបាល​​​របស់​​​ក្រុម​​​ឧត្តម​​​ក្រុមប្រឹក្សា​​​នៃ​​​អង្គ​​​ចៅក្រម​​​ហើយ។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​ប្រាប់​​​ខ្ញុំ​​​ថា វា​​​នៅ​​​ទី​​​នេះ​​​ ហើយ​​​កំពុង​​​​​​ត្រូវ​​​បាន​​​ត្រួត​​​ពិនិត្យ​​​”។ លោក ផៃ ស៊ីផាន​​​ បាន​​​មាន​​​ប្រសាសន៍​​ទៀត​​​ថា ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ទំនង​​​ជា​​​មិន​​​ពិភាក្សាអំពីច្បាប់​​​នេះ​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ប្រចាំ​​​សប្តាហ៍​​​របស់ខ​​​្លួន​​​នៅ​​​ថ្ងៃ​​​នេះ​​​ទេ​​​ ប៉ុន្តែ អាច​​​នឹង​​​លើក​​​យក​​​ទៅ​​​ពិភាក្សា​នៅសប្តាហ៍​ក្រោយ​​​​ដើម្បី​​​បំពេញ​​​​​​តាម​បំណង​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន ដែល​​​ចង់​​​ឲ្យ​​​អនុម័ត​​​ច្បាប់​​​នេះ​​​ត្រឹម​​​ដំណាច់​​​ខែ​​​នេះ។

លោក​​​បាន​​​លើក​​​ឡើង​​​​​​​​​​​​បន្ថែម​​​ទៀត​​​ថា អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ទំនង​​​ជា​​​មិន​​​បាន​​​មើល​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ទេ ខណៈ​​​វា​​​ស្ថិត​​​ក្នុង​​​ដៃ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី។ លោក​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​មិន​​​គិត​​​ថា​​​យើង​​​នឹង​​​ត្រូវ​​​ជួប​​​ប្រជុំ​​​ជា​​​មួយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នោះ​​​ទេ​​​។ ពេល​​​នេះ​​​វា​​​ជា​​​របស់​​​រដ្ឋាភិបាល​​​​ហើយ។ នៅ​​​ពេល​​​វា​​​ធ្លាក់​​​ដល់​​​ដៃ​​​រដ្ឋសភា​​​ ពេល​​​នោះ​​​គេ​​​នឹង​​​មាន​​​ឱកាស​​​ពិនិត្យ​​​មើល​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នោះ​​​”។

នៅ​​​ឯសន្និសីទកាសែត​​​មួយ​​​កាល​​​ពី​​​ថ្ងៃច​​​័ន្ទ​​​ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​ថា​​​ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និ​ង​​​សមាគម​​​ជាង​​​៣០០​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ញត្តិ​​​មួយ​​​ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យ​​​រដ្ឋាភិបាល​​​បន្ត​​​ជួប​​​ប្រជុំ​​​ជា​​​មួយ​​​ខ្លួន​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ មុន​​​ពេល​​​អនុម័ត​​​។

ក្នុង​​​ចំណោម​​​ក្តី​​​ប្រារម្ភ​​​​​​ចម្បង​​​របស់​​​ពួក​​​គេ​​​​​​ ចំពោះ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ចុង​​​ក្រោយ​​​ដែល​​​ខ្លួន​​​​បាន​​​មើល​​​ឃើញ​​​គឺ​​​ត្រង់​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នោះ​​​ខ្វះ​​​ហេតុផល​​​ច្បាស់​​​លាស់​​ និង​ខ្លីៗដើម្បី​​​ពន្យល់​​​ពី​​​មូល​​​ហេតុ​​​ដែល​​​រដ្ឋាភិបាល​​​អាច​​​បដិសេធ​​​មិន​​​ចុះ​​​បញ្ជី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បាន និងដែល​​​​អនុញ្ញាត​​​ឲ្យ​​​ក្រសួង​​​ការ​​​បរទេស​​​បិទ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​អន្តរជាតិ​​​ណា​​​មួយ​​​ដែល​​​ “ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​សន្តិសុខ​​​ជាតិ​​​ ការ​​​ឯក​ភាព​​​​ជាតិ​​​ ​​​ វប្បធម៌​​​ ទំនៀម​​​ទម្លាប់​​​ និង​​​ប្រពៃណី​​​”។

លោក​​​ស្រី មូរ សុខហួរ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​ប្រធាន​​​កិច្ច​​​ការសាធារណៈ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​របស់​​​លោក​​​ស្រី​​​នឹង​​​មិន​​​គាំទ្រ​​​ច្បាប់​​ស្តី​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​​នេះ​ឡើយ​​​ នៅ​​​ពេល​​​វា​​​ទៅ​​​ដល់​​​រដ្ឋសភា​​​ ប្រសិន​​​បើ​​​មើល​​​ទៅ​​​​វា​ដូច​​​សំណៅ​សេចក្តី​ព្រាង​ច្បាប់​ចាស់​​​​ដែល​​​ក្រសួង​​​មហាផ្ទៃ​​​ធ្លាប់​​​បាន​​​បញ្ចេញ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​។

លោក​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”យើង​​​នឹង​​​មិន​​​គាំទ្រ​​​អ្វី​​​ដែល​​​ប្រឆាំង​​​តួនាទី​​​ និង​​​កិច្ចការ​​​​​​របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ឡើយ​​​។ ប្រសិន​​​បើ​​​ច្បាប់​​​នេះ​​​រារាំង​​​ការ​​​ងារ​​​របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​អាច​​​គាំទ្រវា​​​បាន​​​ទេ ពីព្រោះ​​​ពួក​​​គេ​​​​​​មាន​​​តួនាទី​​​ដែល​​​ត្រូវ​​​ដើរ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​​​​ដើរ​​​តួនាទី​​​យ៉ាង​​​ធំធេង​​​នៅ​​​ក្នុង​​​ការ​​​អភិវឌ្ឍ​​​ប្រទេស”។

លោក​​​ស្រីបាន​​​បញ្ជាក់​​​ថា នៅ​​​ពេល​​​ច្បាប់​​​នេះទៅដល់​​​រដ្ឋសភា​​​ លោក​​​ស្រី​​​សង្ឃឹម​​​ថា មិន​​​ថា វាធ្លាក់​​​ដល់​​​ដៃ​​​គណៈកម្មការ​​​ណា​​មួយ​​​ឡើយ​​​ ពោល​​​គឺ​​​​វា​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ដើម្បី​​​ពិភាក្សា​​​ជាមួយ​​​អង្គការ​​​មិ​​​ន​​​មែន​​​រដ្ឋាភិបាល​​​នានា​​​ ហើយ​​​ប្រសិន​​​បើ​​​​​​ចាំបាច់​​​ត្រូវ​​​ពន្យារ​​​ពេល​​​បោះ​​​ឆ្នោត​​​អនុម័ត។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀតថា  “រឿង​​​េនះ​​​ប៉ះពាល់​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​ពីព្រោះអង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និង​​​សមាគម​​​មាន​​​នៅ​​​គ្រប​​​់​​​ទី​​​កន្លែង​​​”។

ការ​​​ប៉ាន់​​​ប្រមាណ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​​​​បង្ហាញ​​​ថា អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​ធ្វើ​​​សកម្មភាព​​​សកម្ម​​​មាន​​​ចំនួន​​​១.០០០​​​ ដោយ​​​អង្គការ​​​ទាំង​​​នោះ​​​បាន​​​ចំណាយ​​​លើស​​​ពី​​​៦០០​​​លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ៗ​​​ទៅ​​​លើ​​​ការ​​​ជួួយ​​​​​​អភិវឌ្ឍ​​​ប្រទេស​​​កម្ពុជា​​​។​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក ហ៊ុន សែន ទំនង​​​ជា​​​ប្រញាប់​​​ប្រញាល់​​​ចង់​គ្រប់​​​គ្រង​​​វិស័យ​​​នេះ​​​ឲ្យ​​​កាន់​​​តែ​​​ស្អិត​​​។

កាល​​​ពីខែ​​​មុន​​​ បន្ទាប់​​​ពី​​​បាន​​​ពន្យារ​​​ពេល​​​ពិនិត្យ​​​ពិចារណា​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​នៅ​​​​​​ក្នុង​​​ឆ្នាំ​​​២០១២ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ចង់​​​ឃើញ​​​ច្បាប់​​​នេះ​​​ត្រូវ​​​ អនុម័ត​​​ត្រឹម​​​ដំណាច់​​​ខែ​​​ឧសភា​​​​ទោះ​​បី​ជា​​មាន​​​ ឬគ្មាន​​​ការ​​​គាំទ្រ​​​ពីគណបក្ស​​​សង្គ្រោះ​​​ជាតិ​ក៏​ដោយ​។ ជាមួយ​​​នឹង​​​អាសនៈ​​​ភាគ​​​ច្រើន​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​រដ្ឋសភា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​អាច​​​អនុម័ត​​​ច្បាប់​​​នេះ​​​ដោយ​​​ខ្លួន​​​ឯង​​​បាន​​​​​​។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីខែ​​​មេសា​​​ថា “មិន​​​ថា​​​អ្នកណា​​​គាំទ្រ​​​ទេ សំឡេង​​​នៅក្នុង​​រដ្ឋសភា​​​៥០បូក​​​មួយ​​​ គឺ​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ការ​​​អនុម័ត”។ នៅ​​​ពេល​​​នោះ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​កម្ពុជា​​​ត្រូវ​​​ការ​​​ច្បាប់​​​នេះ​​​​​​ដើម្បី​​​ធានា​​​ថា អង្គការ​​​ភេរវកម្ម​​​​​​នានា​​​ដូច​​​ជា​​​អាល​់កៃដា​​​ជាដើម​​​ មិន​​​ប្រើ​​​ប្រាស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ជា​​​លេស​​​លាក់​​​បាំង​​​ដើម្បី​​​បញ្ជូន​​​ប្រាក់​​​របស់​​​ពួក​​​គេ​​​ចូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដើម្បី​​​គោល​​​បំណង​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ឡើយ​​​ ។

អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នានា​​​បាន​​​លើក​​​ឡើង​​​ថា ប្រទេស​​​កម្ពុជា​​​មាន​​​ច្បាប់​​​ដែល​​​ខ្លួន​​​ត្រូវ​​​ការ​​​ដើម្បី​​​​​​តាម​​​ស្វែង​​​រក​​​ហិរញ្ញប្បទាន​​​ភេរវកម្ម​​​រួច​​​ទៅ​​​ហើយ​​​ ហើយ​​​ថា វិធាន​​​ដែល​​​តម្រូវ​​​ឲ្យ​​​ធ្វើ​​​របាយការណ៍​​​ហិរញ្ញវត្ថុ​​​នៅ​​​ក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ នឹង​​​មិន​​​បាន​​​ផល​​​ឡើយ​​​៕ សុខុម​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស