27 C
Phnom Penh

កាកបាទ​​​ក្រហម​​​កម្ពុជា​​​ទទួល​​​បាន​​​ការ​​​ជ្រោម​​​ជ្រែង​​​ពី​​​អ្នកមាន​​​សម្ព័ន្ធ​​​ភាព​​​ជាមួយ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃ​នេះ​​គឺ​ជា​ទិវា​កាកបាទ​ក្រហម​ពិភពលោក ដែល​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​រំឭក​ពី​ការ​ងារ​របស់​អង្គការ​មនុស្ស​ធម៌​ពិភពលោក​បង្កើត​ឡើង​ដោយ​ផ្ដោត​លើ​គោល​ការណ៍​នៃ​អព្យាក្រឹត​​ភាព​ផ្នែក​នយោបាយ​ ពូជសាសន៍​និង​សាសនា។

នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ព្រឹក​​​នេះ​ អ្នក​​​នយោបាយ​​​និង​​​ឧកញ៉ា​​​នឹង​​​​​​មក​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​ទីស្នាក់ការ​​​កណ្ដាល​​​របស់​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា​​​ដើម្បី​​​បរិច្ចាគ​​​ប្រាក់​​​ដល់​​​​​​​​​លោកស្រី​​​ ប៊ុន​​​ រ៉ានី​​​ ប្រធាន​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​និង​​​ជា​​​ភរិយា​​​របស់​​​លោក​​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​​​​​​​​​​​​​ ​ដោយ​​​ប្រាក់​​​ឧបត្ថម្ភ​​​រាប់​​​លាន​​​ដុល្លារ​​​នឹង​​​ចូល​​​ដល់​​​អង្គការ​​​មនុស្ស​​​ធម៌​​​នេះ ។

​​​នៅក្នុង​​​ការ​​​រៀបចំ​​​សម្រាប់​​​ឱកាស​​​នេះ ​​​បដា​​ផ្សព្វផ្សាយ​​​ដែល​​​មាន​​​អត្ថន័យ​​​ថា ​​​”ទីណា​​​មាន​​​ការ​​​ឈឺចាប់​​​​​​ ទ​​ី​​​នោះ​​​មាន​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​” ត្រូវ​​​បាន​​​គេ​​​​​​ចង​​​តាម​​​មហា​​​វិថី​​​សំខាន់​​​ៗ​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​នៅ​​​សប្តាហ៍​​​នេះ​​​។

តែ​​​ទោះជា​​​យ៉ាង​​​ណានៅក្នុង​​​​​​ព្រឹត្តិការណ៍​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​កន្លង​​​មក​​​នេះ ​​​​​​​​​គេ​​​បាន​​​មើល​​​ឃើញ​​​ថា ​​​អំណោយ​​​របស់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ គឺ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​ជួយ​​​អ្នក​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មុន​​​គេ​​​​​​​​​​​​ បន្ទាប់​​​មក​​​ទើប​​​យក​​​ទៅ​​​ជួយ​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​ ដែល​​​ជា​​​រឿយៗ​​​ តែង​​​តែ​​​មាន​​​ការ​​​ឃោស​​​នា​​​ឲ្យ​​​គណបក្ស​​​កាន​​់​​​អំណាច​​​។

​​​កាល​​​ពីខែ​​​តុលា ឆ្នាំ​​​២០១៣​​​  នៅពេល​​​រដូវ​​​ទឹក​​​ជំនន់​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​៥០.០០០​​​នាក់​​​បាត់​​​បង់​​​ផ្ទះ​​​សំបែង​​​បាន​​​ស្រក​​​ចុះ​​​ទៅវិញ​​​ លោក​​​ស្រី ប៊ុន រ៉ានី បាន​​​ថ្លែង​​​សន្ទរកថា​​​នៅ​​​ក្នុង​​​ពិធី​​​ចែក​​​អំណោយ​​​របស់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ក្នុង​​​ខេត្ត​​​ប៉ៃលិន​​​ ដោយ​​​ភ្ជាប់​​​ទំនាក់​​​ទំនង​​​របស់​​​អង្គការ​​​មនុស្ស​​​ធម៌​​​លោកស្រី​​​យ៉ាង​​​រឹង​​​មាំ​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក​​​ស្រី​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​​​​អំឡុង​​​ពេល​​​ចែក​​​អង្ករ​​​ និង​​​គ្រឿង​​​ឧបភោគ​​​បរិភោគ​​​​​​ផ្សេង​​​ៗ​​​ទៀត​​​ទៅ​​​ឲ្យ​​​ជន​​​រងគ្រោះ​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​ថា ​​​”​​​នៅ​​​ពេល​​​មាន​​​ទឹក​​​ជំនន់​​​ ឬ​​​​​​ហេតុការណ៍​​​ផ្សេងៗ​​​ណា​​​មួយ​​​ ពុក​​​ម៉ែបង​​​ប្អូន​​​កូន​​​ក្មួយ​​​​​​បាន​​​ឃើញ​​​ហើយ​​​ថា គ្មាន​​​គណបក្ស​​​ផ្សេង​​​មក​​​ជួយ​​​នោះ​​​ឡើយ​​​គឺ​​​មាន​​​តែ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​តែ​​​ប៉ុណ្ណោះ​​​ ព្រោះ​​​មន្ត្រីរាជ​​​ការ​​​ទាំង​​​អស់​​​សុទ្ធតែ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​”។

បន្ទាប់​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​បាន​​​ដកស្រង់​​​សម្តី​​​របស់​​​លោក​​​ស្រី​​​​​​ កាកបាទ​​​ក្រហម​​​កម្ពុជា​​​បាន​​​ចេញ​​​មក​​​ការ​​​ពារ​​​អព្យាក្រឹត​​​ភាព​​​របស់​​​ខ​​​្លួន​​​ ក៏​​​ដូច​​​ជា​​​លោក ផៃ​​​ ស៊ីផាន អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​​ផង​​​ដែរ​​​ ដែល​​​លើក​​​ឡើង​​​ថា លោក​​​ស្រី ប៊ុន រ៉ានី គ្រាន់​​​តែ​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​ “ក្នុង​​​នាម​​​ជា​​​បុគ្គល​​​ឯកជន​​​ក្នុង​​​សកម្មភាព​​​ឯកជន​​​ ហើយ​​​ចំណាយ​​​ថវិកា​​​ និ​​​ងធន​​​ធាន​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោកស្រី​​​ប៉ុណ្ណោះ​​​ ហេតុ​​​ដូច្នេះ​​​លោកស្រី​​​អាច​​​ធ្វើ​​​អ្វី​​​ៗ​​​បាន​​​តាម​​​​​​ចិត្ត​​​ចង់​​”។

​​​តាម​​​ពិត​​​ទៅ​​​ លោក​​​ស្រី ប៊ុន រ៉ានី ​​​បាន​​​ចំណាយ​​​ប្រាក់​​​របស់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ដែល​​​គេ​​​បរិច្ចាគ​​​ឲ្យ​​​ក្នុង​​​ចំនួន​​​ជាង​​​១៤​​​លាន​​​ដុលា្លរ​​​នៅ​​​ក្នុង​​​ថ្ងៃ​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​មិន​​​មែន​​​គ្រាន់​​​តែលោក​​​ស្រី​​​​​​​​​តែ​​​​​​ម្នាក់​​​នោះ​​​ទេ​​​ដែល​​​ជា​​​មន្ត្រី​​​​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ដែល​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​នៅ​​​ក្នុង​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​នោះ​​​​​។

លោក​​​ស្រី អានី សុខអាន​​​ ភរិយា​​​របស់​​​ឧបនាយករដ្ឋ​​​មន្ត្រី សុខ អាន​​​ គឺ​​​ជា​​​អនុប្រធាន​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ក៏​​​ដូច​​​ជា​​​លោក​​​ស្រី ឃួន សុដារី តំណា​​​ងរាស្ត្រ​​​មណ្ឌល​​​កណ្តាល​​​មក​​​ពី​​​គណបក្សប្រជា​ជន​​​កម្ពុជា​​​ផង​​​ដែរ​​​។ លោក​​​ អ៊ុំ​​​ ម៉ារ៉ា អភិបាល​​​ខេត្ត​​​ព្រះវិហារ​​​គឺ​​​ជា​​​ប្រធាន​​​​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​នៅទី​​​នោះ​​។ លោក​​​ស្រី​​​ បាន​​​ ស្រីមុំ ភរិយា​​​របស់​​​លោក អីុ ឈាន អតីត​​​អភិបាល​​​ខេត្ត​​​ប៉ៃលិន គឺ​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​ក្នុង​​​ខេត្ត​​​នេះ​​​​​​។ លោក​​​ស្រី ជឹង សុភាព ភរិយា​​​របស់​​​លោក ឡាវ ម៉េងឃិន ​​​សមាជិកព្រឹទ្ធ​​​​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​​​​ទទួល​​​បាន​​​សិទ្ធិ​​​ជួល​​​ដី​​​នៅ​​​តំបន់​​​បឹង​​​កក់​​​ក្នុង​​​រយៈ​​​ពេល​​​៩៩​​​ឆ្នាំ​​​ និង​​​ដែល​​​បរិច្ចាគ​​​ប្រាក់​​​ចំនួន​​​​​​១០០.០០០​​​ដុល្លារ​​​​​​ទៅ​​​ឲ្យ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ក៏​​​ជា​​​មន្ត្រី​​​នៅ​​​ក្នុង​​​អង្គការ​​​មនុស្ស​​​ធម៌​​​នេះ​​​ដែរ​​​។  ហើយ​​​បញ្ជី​​​ឈ្មោះ​​​គឺ​​​​​​នៅ​​​មាន​​​តទៅ​​​ទៀត​​​។

លោក​​​ស្រី មូរ សុខហួរ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្រាន់​​​តែ​​​មើល​​​សមាស​​​ភាព​​​នៃ​​​អង្គការ​​​​​​មនុស្ស​​​ធម៌​​​​​​នេះទៅ​​​​​​​​​បាន​​​ហើយ​​​។ គ្រប់​​​លំដាប់​​​ថ្នាក់​​​ទាំង​​​អស់​​​រហូត​​​ដល់​​​ថ្នាក់​​​ស្រុក​​​ ពួក​​​គេ​​​គឺ​​​សុទ្ធ​​​តែ​​​ជា​​​សមាជិក​​​គណបក្ស​​​កាន់​​​អំណាច​​​។ ហើយ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​ស្វ័យ​​​ប្រវត្តិ​​​”។

នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​កាល​​​ពីម្សិលមិញ សមាជិក​​​ និង​​​យុវជន​​​ស្ម័គ្រ​​​ចិត្ត​​​រាប់​​​រយ​​​នាក់​​​បាន​​​ប្រញាប់​​​ប្រញាល់​​​បញ្ចប់​​​ការ​​​តុប​​​តែង​​​តង់​​​សំពត់​​​ស ដែល​​​នឹង​​​ត្រៀម​​​ទទួល​​​អ្នក​​​ជំនួញ​​​ និង​​​អ្នក​​​នយោបាយ​​​នៅ​​​ទូទាំង​​​ប្រទេស​​​​​​នៅ​​​ព្រឹក​​​នេះ​​​។

ដោយ​​​អង្គុយ​​​នៅ​​​​​​ក្នុង​​​ចំណោម​​​អ្នក​​​កំពុង​​​ធ្វើ​​​ការ​​​ លោកស្រី ពុំ ចាន់​​​ទីនី អគ្គលេខាធិការ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ពី​​​សមាសភាព​​​នៃ​​​គណៈកម្មការ​​​កណ្តាល​​​ ឬ​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​​​​ជ្រើស​​​រើស​​​ប្រធាន​​​តាម​​​បណ្តា​​​ខេត្ត​​​ឡើយ​​​។

លោក​​​ស្រី​​​បាន​​​សួរ​​​ថា “ហេតុ​​​អ្វី​​​បាន​​​ជា​​​អ្នក​​​ចង់​​​ដឹង​​​ពី​​​បញ្ហា​​​នេះ​​​​​​  មិុច​​​មិន​​​សួរ​​​​​​ខ្ញុំ​​​អំពី​​​អ្វី​​​ដែល​​​គួរ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​វិញ​​​ទៅ​​​?”។

នៅ​​​ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​តាម​​​ក្រោយមក​​​​ លោក​​​ស្រី ពុំ ចាន់​​​ទីនី​​​ បាន​​​អះ​​​អាង​​​ថា កាកបាទ​​​ក្រហម​​​កម្ពុជា​​​បាន​​​ប្រកាន់​​​​​​ខ្ជាប់​​​ទៅ​​​នឹង​​​គោល​​​ការណ៍​​​ទាំង​​​ប្រាំពីរ​​​របស់​​​កាកបាទ​​​ក្រហម​​​​​​ដែល​​​រួម​​​មាន​​​ដូច​​​ជា អព្យាក្រឹត​​​ភាព​​​​​​ និង​​​ភាព​​​មិន​​​លម្អៀង​​​ផ្នែក​​​នយោបាយ​​​ជា​​​ដើម​​​។

​​​លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចា៎ យើង​​​ពិតជា​​​អនុវត្ត​​​តាម​​​គោលការណ៍​​​នៃ​​​សហព័ន្ធ​​​កាកបាទ​​​ក្រហម​​​អន្តរជាតិ [IFRC]។ ប្រសិនបើ​​​អ្នក​​​ចង់​​​ដឹង​​​អ្នក​​​អាច​​​ទៅសួរ​​​ពួកគេ​​​បាន​​​”។

លោក​​​ស្រី​​​ អានណេ ឡេគ្លើក (Anne Leclerc) ​​​ប្រធាន​​​ការិយាល័យ​​​ប្រចាំ​​​តំបន់​​​របស់​​​សហព័ន្ធ​​​កាកបាទ​​​ក្រហម​​​អន្តរជាតិ​​​​​​នៅ​​​ក្នុង​​​​​ទីក្រុង​​​បាង​​​កក ក៏​​​នឹង​​​មក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ពិធី​​​ថ្ងៃ​​​េនះ​​​ដែរ។ នៅពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក​​​ស្រី​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ព័ត៌​​​មាន​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​ដែល​​​ថា កាកបាទ​​​ក្រហម​​​កម្ពុជា​​​បំពាន​​​គោល​​​ការណ៍​​​កាកបាទ​​​ក្រហម​​​នោះ​​​បាន​​​ឭ​​​ដល់​​​ការិយាល័យ​​​របស់​​​លោក​​​ស្រី​​​។

លោក​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ដឹង​​​អំពីការ​​​យល់​​​ឃើញ​​​ដូច្នេះ​​​ នេះ​​​គឺជា​​​អ្វី​​​ដែល​​​យើង​​​ឭ​​​ជាប់​​​រហូត​​​មក​​​”។

លោកស្រី ឡេគ្លើក បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​ស្រី​​​នឹង​​​ប្រើ​​​ពិធីក្នុ​​​ងថ្ងៃ​​​នេះ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​​​​​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​ ដែល​​​ជ្រក​​​ក្រោម​​​ស្លាក​​​កាកបាទ​​​ក្រហម​​​យល់​​​អំពី​​​ត​​​ម្លៃ​​​របស់​​​អង្គការ​​​ពិភព​​​លោក​​​នេះ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ​​​”ប្រាកដ​​​ណាស់​​​ ទិវា​​​កាកបាទ​​​ក្រហម​​​ពិភព​​​លោក​​​គឺ​​​ជា​​​ឱកាស​​​មួយ​​​ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​អំពី​​​គោល​​​ការណ៍​​​របស់​​​យើង​​​ រួម​​​មាន​​​ដូច​​​ជា​​​ឯករាជ​​​ភាព ភាព​​​មិន​​​លម្អៀង និង​​​អព្យាក្រឹត​​​ភាព​​​ជា​​​ដើម។​​ គ្រប់​​​ពេល​​​វេលា​​​ទាំងអស់​​​ យើង​​​មាន​​​គោល​​​ដៅ​​​ធានា​​​ឲ្យ​​​បាន​​​ថា ការងារ​​​ [របស់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​] គឺ​​​ឯករាជ្យ​​​ និង​​​គ្មាន​​​ការ​​​រើស​​​អើង​​​”។

កាល​​​ពីខែ​​​កក្កដា ឆ្នាំ​​​២០១៤​​​ ភាព​​​តាន​​​តឹង​​​ផ្នែក​​​នយោបាយ និង​​​សង្គម​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដ៏ចម្រូង​​​ចម្រាស​​​កាល​​​ពីឆ្នាំ​​​២០១៣​​​ បាន​​​ផ្ទុះ​​​ឡើង​​​នៅ​​​ពេល​​​អ្នក​​​តវ៉ា​​​ដែល​​​គាំទ្រ​​​​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជា​​​មួយ​​​សន្តិសុខ​​​ខណ្ឌ​​​ប្រដាប់​​​ដោយ​​​ដំបង​​​ ដែល​​​ត្រូវ​​​បាន​​​​​​គេ​​​ប្រើ​​​ប្រាស់​​​រាប់​​​ខែ​​​ដើម្បី​​​​​​បង្ក្រាប​​​ដ៏ហិង្សា និង​​​បំបិទមាត់​​​ក្រុម​​​អ្នក​​​ប្រឆាំង​​​។

សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ និង​​​មន្ត្រី​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ចាប់​​​​​ខ្លួន​​​អំឡុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ ខណៈ​​​សន្តិសុខ​​​ចំនួន​​​៣៧​​​នាក់​​​ និង​​​អ្នក​​​តវ៉ា​​​មួយ​​​ចំនួន​​​បាន​​​រង​​​របួស។

កាកបាទ​​​ក្រហម​​​កម្ពុជា​​​ ដែល​​​មិន​​​បាន​​​ផ្តល់​​​ជំនួយ​​​ដល់​​​អ្នក​​​តវ៉ា​​​ជា​​​ច្រើន​​​នាក់​​​ដែល​​​រង​​​របួស ឬអ្នក​​​ដែល​​​បាត់​​​បង់​​​ជីវិត​​​ចំនួន​​​ប្រាំពី​​​រនាក់​​​​​​​​​ដោយ​​​សារ​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​របស់​​​កង​​​កម្លាំង​​​រដ្ឋាភិបាល​​​​​​នោះ​​​ បែរ​​​ជា​​​​​​​​​បានទៅ​​​​​​​​​ផ្តល់​​​ជំនួយ​​​ឲ្យ​​​កង​​​សន្តិសុខ​​​​​ក្នុង​​​ទឹក​​​ប្រាក់​​​សរុប​​​៣៥.០០០ដុល្លារទៅវិញ​​​​​​​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​គេ​​​ចោទ​​​ជា​​​សំណួរ​​​ម្តង​​​ទៀត​​​អំពី​​​អព្យាក្រឹត​​​ភាព​​​របស់​​​អង្គការ​​​មនុស្ស​​​ធម៌​​​នេះ។

លោក កែម ឡី ស្ថាបនិក​​​ក្រុម​​​​​​ខ្មែរ​​​ដើម្បីខ្មែរ​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពីម្សិលមិញ​​​ថា “ជា​អ្នកការ​​​ពារ​​​សិទ្ធិ​​​មនុស្ស នៅ​​​ពេល​​​ពួក​​​គេ​​​ជួប​​​គ្រោះ​​​មហន្តរាយ​​​ ពួក​​​គេ​​​មិន​​​ឃើញ​​​មុខ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​មក​​​ជួយ​​​ឡើយ​​​”។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ជំនួយ​​​មនុស្ស​​​ធម៌​​​​​​ស្ទើរ​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​​​​មាន​​​​​​ការ​​​ឃោសនា​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​ភ្ជាប់​​​ជាមួយ​​​”។

កាកបាទ​​​ក្រហម​​​កម្ពុជា​​​ក៏​​​មាន​​សមាជិក​​​ជា​​​​យុវជន​​​ស្ម័គ្រ​​​ចិត្ត​​​ជាង​​​៥០.០០០​​​នាក់​​​ផង​​​ដែរ​​​។ សាកល​​​វិទ្យាល័យ​​​ចំនួន​​​១៦​​​នៅក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​គឺ​​​ជា​​​កន្លែង​​​សម្រាប់​​​​​ក្លឹប​​​យុវជន​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ ដោយ​​​ធ្វើ​​​យ៉ា​​​ងណា​​​ធានា​​​ឲ្យ​​​បាន​​​ថា អង្គការ​​​នេះ​​​មាន​យុវជន​ដែល​ឆ្លាត​វាង​វៃ​បំផុត​នៅ​​​ក្នុង​​​ប្រទេស​នេះ​​​។

លោក កែម ឡី បាន​​​លើក​​​ឡើ​​​ងបន្ថែមទៀត​​​​​​ថា ខណៈ​​​កម្មវិធី​​​យុវជន​​​របស់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​មិន​​​គ្រាន់​​​តែ​​​ត្រូវ​​​បាន​​​ប្រើ​​​ជា​​​ថ្នាល​​​សម្រាប់​​​បណ្តុះ​​​បណ្តាល​​​យុវជន​​​ឲ្យ​​​មាន​​​សមត្ថភាព​​​ខ្ពស់​​​​​​ក្នុង​​​ការ​​​បម្រើ​​​ការ​​​ឲ្យ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ ការ​​​បំពេញ​​​ការ​​​ងារ​​​បាន​​​ល្អក្នុង​​​នាម​​​ជា​​​អ្នកស្ម័គ្រ​​​ចិត្ត​​​សម្រាប់​​​កាកបាទ​​​ក្រហម​​​​​​អាច​​​ជា​​​ជំហាន​​​ដំបូង​​​សម្រាប់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ឈាន​​​ចូល​​​ក្នុង​​​គណបក្ស​​​េនះ​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​បង្ហាញ​​​ពី​​​ឆន្ទៈ​​​គាំទ្រ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​នឹង​​​មើល​​​ពួក​​​គេ​​​ទុក​​​។ ប្រសិនបើ​​​ពួក​​​គេ​​​ចេះ​​​ធ្វើ​​​​​​​​​នយោបាយ​​​ទៀត​​​នោះ​​​​​​ ពួក​​​គេ​​​នឹង​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​”។

លោក ផៃ ស៊ីផាន បាន​​​ទទួល​​​ស្គាល់​​​ថា ការ​​​ស្ម័គ្រ​​​ចិត្ត​​​គឺ​​​ជា​​​សកម្ម​​​ភាព​​​ដ៏​​​មាន​​​តម្លៃ​​​ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​ថា គ្មាន​​​ទំនាក់​​​ទំនង​​​ណា​​​មួួ​​​យ​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​ចំណុច​​​ចាប់ផ្តើម​​​ដ៏​​​ល្អ​​​ ទី​​​​​កន្លែង​​​ដ៏​​ល្អ​​​មួយ​​​សម្រាប់​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​សិក្សា​​​រៀន​​​សូត្រ​​​អំពី​​​របៀប​​​បម្រើ​​​សហគមន៍​​​ប៉ុណ្ណោះ​​​។ ប៉ុន្តែ វាមាន​​​​​តម្រូវ​​​ការ​​​ ប្រសិន​​​បើ​​​ចង់​​​បម្រើ​​​ក្នុង​​​រដ្ឋាភិបាល​​​ ដូចជា ត្រូវ​​​ប្រឡង​​​ចូល​​​ជា​​​ដើម​​​”។

​​​នៅ​​​ឯ​​​ទី​​​ស្នាក​​​់ការ​​​កណ្តាល​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​វិញ​​​ យ៉ម បញ្ញា អាយុ​​​២២ឆ្នាំ​​​ ជានិស្សិត​​​​​​មុខវិជ្ជា​​​ប្រវត្តិសាស្ត្រ​​​បញ្ចប់​​​ការ​​​សិក្សា​​​​​​ពី​​​សាកល​​​វិទ្យា​​​ល័យ​​​ភូមិន្ទភ្នំពេញ​​​ បាន​​​លើក​​​ឡើង​​​ថា នាង​​​បាន​​​ចូល​​​ធ្វើ​​​​​​ជា​​​យុវជន​​​ស្ម័គ្រ​​​ចិត្ត​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​​២០១២​​​ ដើម្បី​​​ជួយ​​​ឲ្យ​​​គោល​​​ដៅ​​​ការ​​​ងារ​​​របស់​​​នាង​​​អាច​​​សម្រេច​​​ដូច​​​បំណង​​​។

​​​នាង​​​បាន​​​និយាយ​​​ថា “ការ​​​ចូល​​​រួម​​​ក្នុង​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​គឺ​​​ជា​​​ជំហាន​​​ដំបូង​​​របស់​​​ខ្ញុំ​​​”។

នៅក្នុង​​​ការ​​​សន្ទនា​​​ដែល​​​មាន​​​រយៈ​​​ពេល​​​យ៉ាង​​​យូរ​​​ បញ្ញា​​​ បាន​​​ព្យាយាម​​​ឆ្លើយ​​​បង្វែរ​​​សំណួរ​​​អំពី​​​ការ​​​ចូល​​​រួម​​ពាក់​​​ព័ន្ធ​​​ផ្នែក​​​នយោបាយ​​ និង​​​មហិច្ឆតា​​​សម្រេច​​​គោល​​​ដៅ​​​ការងារ​​​របស់​​​នាង​​​​​​ មុន​​​ពេល​​​លាត​​​ត្រដាង​​​ជា​​​ចុង​​​ក្រោយ​​​ថា បន្ទាប់​​​ពី​​​បញ្ចប់​​​ការ​​​សិក្សា​​​នៅ​​​សាកលវិទ្យា​​​ល័យ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​នាង​​​ទទួល​​​បាន​​​តំណែង​​​ជា​​​ជំនួយ​​​ការ​​​រដ្ឋបាល​​​នៅ​​​សាលារាជ​​​ធានី​​​។

នាង​​​បាន​​​និយាយ​​​ថា “នេះ​​​គឺ​​​ជា​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​ខ្ញុំ។ ខ្ញុំ​​​ចង់​​​ក្លាយ​​​ជា​​​អ្នក​​​នយោបាយ​​​”៕ ស៊ុយ​​​ឈាង​​​

​​

​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស