26 C
Phnom Penh

ទីភ្នាក់ងារ​ជ្រើស​រើស​ពលករ​បោកប្រាស់​ពលករ​២០១​នាក់​បាន​ប្រាក់​៨0.០០០ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ទីភ្នាក់ងារ​ជ្រើស​រើស​ពលករ​ចំនួន​ពីរ​​ដែលបាន​ចុះ​ឈ្មោះ​ជាមួយ​ក្រសួង​ការ​ងារ​​ បាន​បោកប្រាស់​ពលករ​ចំនួន​២០១នាក់​ក្នុងទឹកប្រាក​់ប្រហែល​​៨០.០០០ដុល្លារ​ដោយសន្យា​ស្វែង​រក​ការ​ងារ​ឲ្យ​ពួកគេ​ធ្វើ​ក្នុង​ប្រទេស​ជប៉ុន ហើយ​បន្ទាប់មក​​បាន​រត់​បាត់​​។

លោក ធន សារាយ ប្រធានអង្គការ​អាដហុក​​បានមាន​ប្រសាសន៍​អំឡុង​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​អង្គការ​ក្នុង​ខណ្ឌដូនពេញ​ថា ពលករ​ម្នាក់​ៗ​បាន​បង់​ប្រាក់​​៤០០ដុល្លារ​ទៅឲ្យ​ក្រុមហ៊ុន Rice Natural or ក្រុមហ៊ុន​ Century (Cambodia) Manpower ដើម្បីបាន​ការងារ​ធ្វើ​ក្នុង​ឧស្សាហកម្ម​ វិស័យ​កសិកម្ម​ ឬ​សំណង់ក្នុង​ប្រទេស​ជប៉ុន។

លោក សារាយ​ បានមាន​ប្រសាសន៍ថា “​ក្រសួង​មហាផ្ទៃ​ត្រូវ​ចាត់វិធានការ​ភ្លាម​ៗ​ ហើយ​ដក​អាជ្ញាប័ណ្ណ​របស់ពួកគេ” ដោយ​សង្កត់​ធ្ងន់ថា សេចក្តីសម្រេច​របស់ក្រសួង​ការងារ​​ផ្អាក​សកម្មភាព​របស់ក្រុមហ៊ុន​បណ្តោះ​អាសន្ន​រហូត​ដល់ករណីនេះ​ត្រូវ​បាន​ដោះស្រាយ​នោះ មិន​មាន​ការ​ឆ្លើយ​តប​គ្រប់គ្រាន់ទេ។

លោក​បានមាន​ប្រសាសន៍ថា “​នេះ​ជា​ករណី​ឆបោក ដូច្នេះ​សូម​​តុលាការ​និង​ក្រសួង​ ចាប់​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់។ យើង​នឹង​ផ្តល់​មេធាវី ហើយ​​ប្តឹង​​ក្រុមហ៊ុន​​ទាំង​នេះ​ ពីព្រោះ វាជាករណី​ឆបោក”។

លោក សារាយ បាន​មាន​ប្រសាសន៍ថា កាលពី​ដើម​ខែ​មេសា អង្គការ​អាដ​ហុក​​បានទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជន​រងគ្រោះ​​ ហើយ​បាន​ជូន​ដំណឹង​ទៅក្រសួង​ការ​ងារ​ ដែលបាន​ផ្អាក​សកម្មភាព​របស់​ទីភ្នាក់​ងារ​នេះ​កាលពី​ថ្ងៃទី​១០ ខែ​មេសា រយៈពេល​៤៥ថ្ងៃ រហូតដល់​​​​​​​​ ​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​រវាង​​​ពល​​​ករ​​​ទាំង​​​២០១​​​នាក់​​​ និង​​​ក្រុមហ៊ុន​​​ទាំងនេះ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​ឆបោក​​​នៅពេល​​​អនាគត​​​ពី​​​សំណាក់​​​ក្រុមហ៊ុន​​​ដទៃ​​​ទៀត​​​ យើង​​​ត្រូវ​​​ដាក់​​​ទោស​​​ក្រុមហ៊ុន​​​ទាំង​​​នេះ​​​”។

លោក ហេង សួរ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​ងារ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ បុរស​​​ម្នាក់​​​ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​នៅ​​​ទី​​​ភ្នាក់​​​ងារ Rice Natural បាន​​​និយាយ​​​តាម​​​ទ​​​ូរស័ព្ទ​​​ថា “ក្រុម​​​ហ៊ុន​​​​​​​​ត្រូវ​​​បាន​​​ផ្អាក​​​​​នៅ​ខែ​​​នេះ” ហើយ​​​​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ​​​។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ចៅហ្វាយរបស់លោក លោក ភុន សុវណ្ណារិទ្ធ អាច​ធ្វើអត្ថាធិប្បាយ​ឬ​យ៉ាណានោះ លោក​​​​​​បាន​​​អះ​​​អាង​​​ថា មិន​​​ស្គាល់​​​ពី​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​ចៅហ្វាយ​​​​លោក​​​ទេ។

ទីភ្នាក់ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ Century (Cambodia) Manpower មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

លោក សារាយ បាន​​​មានប្រសាសន៍​​​ថា នៅ​​​ពេល​​​ចុះ​​​ឈ្មោះ​​​ជា​​​មួយ​​​ក្រសួង​​​ការងារ​​​ ទីភ្នាក់​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​បាន​​​តម្កល់​​​ប្រាក់​​​១០០.០០០ដុល្លារ​​​ជា​​​មួយ​​​ក្រសួង​​​ ជា​​​ប្រាក់​​​បម្រុង​​​នៅ​​​ពេល​​​ក្ស័យ​​​ធន។

លោក សារាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចង់​​​ឲ្យ​​​ក្រសួង​​​ការ​​​ងារ​​​ដក​​​ប្រាក់​​​ដែល​​​ក្រុម​ហ៊ុន​​​ទាំង​​​នេះ​​​បាន​​​ដាក់​​​តម្កល់​​​នៅ​​​ក្រសួង​​​ ហើយ​​​ទូទាត់​​​សង​​​ជន​​​រង​​​គ្រោះ​​​”។

លោក​​​ស្រី មូរ សុខហួរ សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ពិនិត្យ​​​មើល​​​កិច្ច​​​ការ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​បាន​​​មា​ន​​​ប្រសាសន៍​​​បន្ទាប់​​​ពី​​​សន្និសីទ​​​កាសែត​​​ថា ក្រសួង​​​ការងារ​​​មិន​​​បាន​​​ពិនិត្យ​​​មើល​ទីភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ទាំ​​​ងនេះ​​​ប្រកបដោយ​ប្រសិទ្ធភាពទេ​​​។

លោកស្រី​​​បាន​​​មានប្រសាសន៍​​​ថា “ចាំ​​​បាច់​​​ត្រូវ​​​ពិនិត្យ​​​មើល​​​ទី​​​ភ្នាក់​​​ងារ​​​ទាំង​​​នោះ​​​ និង​​​ពិនិត្យមើល​​​ច្បាប់​​​របស់​​​ក្រសួង​​​ការងារ​​​។ ប៉ុន្តែ ក្រសួង​​​ការ​​​ងារ​​​ទទួល​​​បាន​​​ថវិកា​​​ជាតិ​​​តែ​​​១,៤​ភាគរយ​​​ប៉ុណ្ណោះ​​​ ហើយ​​​មន្ត្រី​​​ និង​អ្នក​​​​​​ឃ្លាំ​​​មើល​​​នៅ​តិច​​​តួច​​​ណាស់​​​​​​។

អ្នកស្រី​​​​ កាន់​​​ ស៊ីចាន់ អាយុ​​​២៨​​​ឆ្នាំ បាន​​​និយាយ​​​ថា គាត់​​​បាន​​តម្កល់​​​ប្រាក់​​​៤០០ដុល្លារ​​​ជា​​​មួយ​​​ ទី​​​ភ្នាក់ងារ Rice Natural ដើម្បី​​​ទទួល​​​បាន​​​ប្រាក់​​​១.២០០ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ដោយ​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ក្នុង​​​ប្រទេស​​​ជប៉ុន​​​។ រយៈ​​​ពេល​​​ប្រហែល​​​ពីរ​​​ខែ​​​ក្រោយ​​​មក ​​​គាត់​​​បាន​​​សួរ​​​អំពី​​​ស្ថាន​​​ភាព​​​ការ​​​ងារ​​​របស់​​​គាត់​​​នាពេល​​​អនាគត។ ស៊ីចាន់ បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​ខ្ញុំ​​​មក​​​ដល់​​​សាខា​​​ក្រុម​​​ហ៊ុន​​​ស្ថិត​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជធានីភ្នំពេញ ក្រុមហ៊ុន​​​នេះ​​​បាន​​​រត់​បាត់​​​ទៅ​​​ហើយ​​​ ហើយ​​​បន្ទាប់​​​មក​​​ខ្ញុំ​​​ដឹង​​​ថា ក្រុមហ៊ុន​​​បាន​​​បោក​​​ប្រាស់​​​ខ្ញុំ។ ខ្ញុំ​​​ត្រូវ​​​ការ​​​លុយ​​​របស់​​​ខ្ញុំ​​​វិញ​​​”៕ សារុន (រាយការណ៍បន្ថែម​​​ដោយ Alex Consiglio)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស