ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងស្វែងរកម្ចាស់សិប្បកម្មកែច្នៃគ្រឿងសង្ហារិមចំនួនពីរដែលត្រូវបានឆ្មក់ចូល និងបិទកាលពីថ្ងៃពុធចំពោះការយកឈើប្រភេទលេខ១ធ្វើទ្វារនិងស្លាបបង្អួច។
លោក ដួង ហុង នាយនគរបាលព្រហ្មទណ្ឌស្រុកថាឡាបរិវ៉ាត់ បានមានប្រសាសន៍ថា មន្ត្រីប្រហែល២០នាក់មកពីការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនគរបាលខេត្តបានឆ្មក់ចូលសិប្បកម្មនេះជាមួយមន្ត្រីមកពីខណ្ឌរដ្ឋបាលព្រៃឈើមូលដ្ឋាន។
លោក ហុង បានមានប្រសាសន៍ថា ទោះយ៉ាងណា លោក ខៃ សុផល អ្នករកស៊ីឈើ និងជាម្ចាស់សិប្បកម្មនេះបានគេចខ្លួនមុនពេលអាជ្ញាធរមកដល់។
លោកបានមានប្រសាសន៍ថា “គាត់បានរត់គេចខ្លួនពីកន្លែងនោះមុនពេលយើងមកដល់។ យើងកំពុងស្វែងរកគាត់។ យើងបានសាកសួរមនុស្ស២០នាក់ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ ប៉ុន្តែយើងមិនបានចាប់ខ្លួនពួកគេទេ ពីព្រោះពួកគេគ្រាន់តែជាកម្មករប៉ុណ្ណោះ”។
លោក ហុង បានមានប្រសាសន៍ថា យ៉ាងហោចណាស់ស្លាបបង្អួច៥០និងទ្វារមួយចំនួនដែលធ្វើពីឈើសុក្រម ជាឈើប្រភេទលេខ១នោះ ត្រូវបានរឹបអូស។
យោងតាមលោក សែម ស៊ីថា អធិការនគរបាលស្រុកបានឲ្យដឹងថា សិប្បកម្មនេះស្ថិតក្នុងឃុំសំអាងបានធ្វើប្រតិបត្តិការកាលពីសប្តាហ៍មុន ប៉ុន្តែបានធ្វើឲ្យមានការកាប់ឈើខុសច្បាប់កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់នេះរួចទៅហើយ។
លោកបានមានប្រសាសន៍ថា “យើងបានធ្វើការបង្ក្រាប ពីព្រោះសិប្បកម្មនេះកែច្នៃឈើខុសច្បាប់ ហើយកាប់ឈើខុសច្បាប់នៅក្នុងតំបន់។ ពួកគេជំរុញឲ្យអ្នកភូមិមូលដ្ឋានកាប់ឈើ ហើយលក់ឈើនោះទៅឲ្យពួកគេ”។
លោក វ៉ា សុខា នាយរងខណ្ឌរដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ដែលបានដឹកនាំការឆ្មក់ចូលកាលពីថ្ងៃពុធបានមានប្រសាសន៍ថា កន្លែងលាក់ខ្លួនរបស់លោក សុផល គេមិនដឹងទេ។ លោកបានបន្ថែមថា មន្ត្រីរបស់លោកកំពុងធ្វើសន្និធិឈើដែលរឹបអូសនេះនៅឡើយ។
លោកបានមានប្រសាសន៍ថា “យើងរឹបអូសឈើសុក្រមបានជាច្រើនដុំ ប៉ុន្តែខ្ញុំមិនប្រាកដថា តើមានប៉ុន្មានឡើយ ពីព្រោះយើងត្រូវរៀបចំវាជាមុនសិន”។
លោក សុខា បានមានប្រសាសន៍ថា តុចំនួនបួនក៏ត្រូវបានរឹបអូសផងដែរ ហើយថា ឈើដែលរឹបអូសទាំងអស់ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការខណ្ឌរបស់លោក៕ សារុន