មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា អាជ្ញាធរខេត្តត្បូងឃ្មុំកាលពីម្សិលមិញ បានប្រាប់ក្រុមអ្នកភូមិឲ្យឈប់ធ្វើស្រែចម្ការលើដីមួយផ្នែកនៅក្នុងស្រុកមេមត់ បន្ទាប់ពីលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថា ដីទំហំ១៦,៦ហិកតានេះជាដីរបស់វៀតណាម។
លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា នគរបាល និងមន្ត្រីមូលដ្ឋានបានចាប់ផ្តើមជូនដំណឹងដល់អ្នកភូមិនៅឃុំជាំ ដែលអះអាងថា ដំណាំរបស់ពួកគាត់ត្រូវបានបំផ្លាញដោយជនជាតិវៀតណាមមួយក្រុមកាលពីខែមុនថា ដីដែលមានទំនាស់នេះមិនស្ថិតក្នុងទឹកដីកម្ពុជាទេ។
លោកបានមានប្រសាសន៍ថា “ពីមុន ប្រជាពលរដ្ឋមានការភាន់ច្រឡំពីដីនេះ ដោយគិតថា វាស្ថិតក្នុងប្រទេសកម្ពុជា។ ប៉ុន្តែឥឡូវនេះ វាច្បាស់ណាស់ថា ដីនេះស្ថិតក្នុងទឹកដីវៀតណាម”។
យុទ្ធនាការ “ដើម្បីអប់រំ” អ្នកភូមិបន្ទាប់ពីមានលិខិតមួយច្បាប់ដែលលោក ហោ ណាំហុង បានផ្ញើទៅលោក ហេង សំរិន ប្រធានរដ្ឋសភាឆ្លើយតបទៅនឹងសំណើរបស់សមាជិកសភាគណបក្សសង្គ្រោះជាតិសុំអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ នៅក្នុងវិវាទនេះ។
នៅក្នុងលិខិតរបស់លោក លោក ហោ ណាំហុង បានលើកឡើងថា ដំណាំរបស់កសិករបានដាំឆ្លងបង្គោលព្រំដែនដែលត្រូវបានកែប្រែជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១រវាងកម្ពុជាមិនវៀតណាម។
ដោយមិនពេញចិត្តនឹងលិខិតេនះ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី បណ្តេញលោក ហោ ណាំហុង ចេញ។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា “សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាសូមអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកលោក ហោ ណាំហុង ចេញពីតួនាទីរបស់លោក ពីព្រោះគាត់ធ្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ”។
បើទោះជាមានការព្រមានពីនគរបាលមូលដ្ឋាន និងក្រុមមន្ត្រីក៏ដោយ ក៏លោក គី ទេត ជាកសិករបាននិយាយថា ដំណាំរបស់លោកស្ថិតក្នុងចំណោមដំណាំដែលត្រូវបានបំផ្លាញដោយជីគីមីកាលពីថ្ងៃទី១៩ខែមេសា ។
លោក គី ទេត បាននិយាយថា “អាជ្ញាធរមិនអាចហាមឃាត់អ្នកភូមិមិនឲ្យទៅកាន់ដីរបស់ខ្លួនបានឡើយ ពីព្រោះយើងពឹងផ្អែកលើដីនេះ”។
លោកបានបន្ថែមថា វាមិនអាចទៅរួចទេ ដែលថាដីដែលគាត់បានធ្វើស្រែចម្ការតាំងពីការដួលរលំរបបខ្មែរក្រហមនោះ ជារបស់វៀតណាមនោះ។
លោកបាននិយាយថា “ប្រសិនបើខ្ញុំនៅក្មេង ខ្ញុំអាចរកការងារធ្វើនៅរោងចក្របាន។ ប៉ុន្តែខ្ញុំអាយុប្រហែល៥០ឆ្នាំទៅហើយ ដូច្នេះ ខ្ញុំត្រូវពឹងផ្អែកលើការធ្វើស្រែចម្ការនៅទីនេះ”៕ សារុន