31 C
Phnom Penh

ក្រសួង​អប់រំ​គ្រោង​នឹង​បន្ត​ការ​វាយ​តម្លៃ​សាកល​វិទ្យាល័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រសួង​អប់រំ​នឹង​បន្ត​ការ​ធ្វើ​អធិការ​កិច្ច​លើ​សាកល​វិទ្យាល័យ​នៅ​ខែ​ក្រោយ បន្ទាប់ពី​ការ​កែ​ទម្រង់​បញ្ចប់​នូវ​ស្ថាប័ន​ទទួល​ស្គាល់​គុណភាព​អប់រំ​ឧត្តម​សិក្សា​របស់​រដ្ឋាភិបាល ជាមួយ​នឹង​ផែនការ​ដំបូងៗ​សម្រាប់​អ្នក​ជំនាញ​វាយ​តម្លៃ​សាកល​វិទ្យាល័យ​លើ​គេ​ចំនួន​១០​របស់​ប្រទេស​នេះ មុន​ការ​ពង្រីក​ការ​ផ្តួច​ផ្តើម។

កាលពី​មុន​ស្ថិត​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី តែ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណៈ​កម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា (ACC) ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រសួង​អប់រំ។ ក្រសួង​នេះ​បាន​ផ្អាក​ការ​ចុះ​ឈ្មោះ​សាកល​វិទ្យាល័យ​ថ្មីៗ ខណៈ​ដែល​ខ្លួន​បាន​ខិតខំ​កែប្រែ​ស្ថាប័ន​នេះ​ដោយ​មាន​ជំនួយ​ពី​ធនាគារ​ពិភព​លោក​និង​អង្គការ​យូនីសេហ្វ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង កីឡា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្រៅ​វេទិកា​លើក​ទី​២​ស្តីពី​ការ​អប់រំ​ឧត្តម​សិក្សា​ក្នុង​ក្រុង​ភ្នំពេញ​ថា “ការ​វាយ​តម្លៃ​គុណភាព​នេះ​ជា​ការ​វាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ​លើ​សាកល​វិទ្យាល័យ ដោយ​ចាប់​ផ្តើម​ជាមួយ​សាកល​វិទ្យាល័យ​ចំនួន​១០ ដែល​នឹង​ឲ្យ​សាធារណជន​ដឹង​ថែម​ទៀត​អំពី​អ្វី​ដែល​សាកល​វិទ្យាល័យ​កម្ពុជា​ផ្តល់​និង​ជួយ​ពួកគេ​ឲ្យ​មាន​ជម្រើស​កាន់តែ​ប្រសើរ”។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា គុណភាព​អប់រំ​ដែល​ផ្តល់​ដោយ​១០៥​សាកល​វិទ្យាល័យ​នៅ​កម្ពុជា មិន​អាច​បំពេញ​បាន​តម្រូវការ​របស់​និយោជក​និង​វិនិយោគិន​ទេ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​រំពឹង​ថា​នឹង​ពង្រីក​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​របស់​ខ្លួន និង​បង្កើត​ការងារ​ជំនាញ​ខ្ពស់​ថែមទៀត​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ជាង​៧០​ភាគរយ​នៃ​និស្សិត​បញ្ចប់​ការ​សិក្សា​ពិតជា​មិន​អាច​បំពេញ​តម្រូវ​ការ​របស់​និយោជក (និយោជក​ក្នុង​ស្រុក ឬ​វិនិយោគិន​ផ្ទាល់​ក្រៅ​ប្រទេស) បាន​ទេ។ ក្នុង​ចំណោម​និស្សិត​៥០.០០០​នាក់​បញ្ចប់​ការ​សិក្សា​រាល់​ឆ្នាំ មាន​តែ​បី​ភាគរយ​ប៉ុណ្ណោះ [រៀន]​កសិកម្ម។ នោះ​ជា​បញ្ហា ពីព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កសិកម្ម”។

យោង​តាម​លោក ជួនណារ៉ុន បាន​ឲ្យ​ដឹង​ថា គណៈ​កម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​នឹង​ចាប់​ផ្តើម​ធ្វើ​អធិការ​កិច្ច​សាកល​វិទ្យាល័យ​១០​លើ​គេ​នៅ​កម្ពុជា​នៅ​ខែ​មិថុនា ដែល​មាន​សាកល​វិទ្យាល័យ​៦​ក្នុង​ចំណោម​នោះ​ជា​របស់​រដ្ឋ និង​៤​ជា​របស់​ឯកជន។

ផ្នែក​ឧត្តម​សិក្សា​របស់​ប្រទេស​នេះ​បាន​រីក​យ៉ាង​ឆាប់​រហ័ស​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រហូត​ដល់​ការ​មើល​ខុស​ត្រូវ​​របស់​រដ្ឋាភិបាល​មិន​ទាន់។ ក្នុង​បទ​សម្ភាស​មួយ​កាលពី​ខែ​សីហា លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​ថា ចំនួន​និស្សិត​ដែល​ចុះ​ឈ្មោះ​ចូលរៀន​នៅ​សាកល​វិទ្យាល័យ​នានា​បាន​កើន​ទ្វេ​ដង​ក្នុង​រយៈ​ពេល​៦​ឆ្នាំ គឺ​ពី​ចំនួន​១២៥.០០០​នាក់​ក្នុង​ឆ្នាំ​២០០៨​ដល់​២៥០.០០០​នាក់​ក្នុង​ឆ្នាំ​២០១៤។

លោក ជួនណារ៉ុន បាន​មាន​ប្រសាសន៍​ថា “ចំនួន​និស្សិត​បាន​កើន​រហ័ស​ណាស់ ប៉ុន្តែ​ការ​នេះ​មាន​ន័យ​ថា​គុណភាព​ធ្លាក់​ចុះ។ ឯកជន​ភាវូប​នីយ​កម្ម​នៃ​ឧត្តម​សិក្សា​ជា​និន្នាការ​មួយ​ក្នុង​តំបន់។ លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​គិត​អំពី​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​សម្រាប់​ធ្វើ​ជំនួញ ប៉ុន្តែ​ឥឡូវ​នេះ ដោយសារតែ​ចំនួន​និស្សិត​កើន​ឡើង​លឿន​ពេក យើង​ចង់​ឲ្យ​ប្រាកដ​អំពី​គុណភាព”។

លោក​បាន​មាន​ប្រសាសន៍​ថា “​ទិស​ដៅ​របស់​ក្រសួង​គឺ​បង្កើត​មនុស្ស​ដែល​អាច​រក​ការងារ​ធ្វើ​បាន។ សាកល​វិទ្យាល័យ​មាន​ន័យ​ថា អ្នក​មាន​កន្លែង​មួយ​បណ្តុះ​បណ្តាល​មនុស្ស​ដែល​អាច​រក​ការងារ​ធ្វើ​បាន។ នោះ​ជា​ការ​រួម​ចំណែក​របស់​សាកល​វិទ្យា​ល័យ។ បើ​ពុំនោះ​ទេ អ្នក​មិន​អាច​ហៅ​ថា​សាកល​វិទ្យាល័យ​បាន​ទេ អ្នក​អាច​ហៅ​សាកល​វិទ្យាល័យ​ទាំង​នោះ​ថា រោងចក្រ​បង្កើត​សញ្ញាប័ត្រ”។

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​ថា ក្រសួង​របស់​លោក​ចាំបាច់​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការ​កែប្រែ​សំខាន់ៗ​ចំពោះ​គណៈ​កម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​ថា ស្ថាប័ន​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​សញ្ញា​ប័ត្រ​សាកល​វិទ្យាល័យ​មាន​តម្លៃ ដោយ​លោក​​បាន​លើក​ឡើង​ថា កំណែ​ទម្រង់​នឹង​ត្រូវ​ការ​ពេល​រវាង​៥​ទៅ​១០​ឆ្នាំ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ពេញលេញ។

លោក ជួនណារ៉ុន មាន​ប្រសាសន៍​ថា “ជួនកាល ពេល​យើង​បញ្ជូន​អធិការ​ទៅ ពួកគេ​យក​លុយ​ពី​សាកល​វិទ្យាល័យ ហើយ​បន្ទាប់​មក​ចុះ​ហត្ថលេខា​ទទួល​ស្គាល់។ ដូច្នេះ​ហើយ យើង​ចង់​កែប្រែ​វប្បធម៌​នោះ។ ពួកគេ​ត្រូវ​ធ្វើការ​ឲ្យ​ល្អ​ត្រឹមត្រូវ​ដើម្បី​ផ្តល់​អនុសាសន៍ កុំ​ចេះតែ​យក​លុយ​ហើយ​ចុះ​ហត្ថលេខា”។

លោក​បាន​មាន​ប្រសាសន៍​ថា “ដូច្នេះ​គម្រោង​ថ្មី​នេះ​នឹង​ឲ្យ​យើង​អាច​មាន​អ្នក​វាយ​តម្លៃ​ឯករាជ្យ​ច្រើន​ទៀត មិន​ត្រឹមតែ​មនុស្ស​ដែល​ទៅ​និង​ចុះ​ហត្ថលេខា​នោះ​ទេ ដើម្បី​ផ្តល់​ឯករាជ្យ​ភាព​និង​មិន​នៅ​ក្រោម​សម្ពាធ ក្រសួង ឬ សាកល​វិទ្យាល័យ​ឡើយ”។

លោក​បាន​បន្ថែម​ថា ពេលណា​ក្រុម​អធិការ​បាន​ធ្វើការ​វាយ​តម្លៃ​មាន​តម្លា​ភាព​លើ​សាកល​វិទ្យាល័យ​ហើយ​នោះ ព័ត៌មាន​ដែល​គេ​ប្រមូល​បាន​នឹង​ត្រូវ​ឲ្យ​សាធារណជន​ដឹង ដើម្បី​ឲ្យ​មាន​ជម្រើស​ដែល​មាន​ព័ត៌មាន​ច្បាស់លាស់ និង​មាន​បរិយាកាស​ឧត្តម​សិក្សា​កាន់តែ​ប្រកួត​ប្រជែង។

លោក ខៀវ វិជ្ជានន្ទ អគ្គលេខាធិការ​រង​គណៈ​កម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចាប់​តាំង​ពី​គណៈ​កម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​នៅ​ជាមួយ​ក្រសួង​អប់រំ​កាលពី​ខែ​តុលា​ឆ្នាំ​២០១៣​មក គណៈកម្មាធិការ​នេះ​បាន​បង្កើត​សូចនាករ​ប្រហែល​៧០ ដែល​អ្នក​វាយ​តម្លៃ​ថ្មី​ម្នាក់​ក្នុង​ចំណោម​៥០​នាក់​នឹង​ប្រើ​ដើម្បី​ធ្វើ​អធិការ​កិច្ច​លើ​សាកល​វិទ្យាល័យ​នានា។

លោក វិជ្ជានន្ទ បាន​មាន​ប្រសាសន៍​ថា “ចំពោះ​សូចនាករ​នីមួយៗ​ក្នុង​ចំណោម​ជាង​៧០​នោះ ស្ថាប័ន​អប់រំ​ឧត្តម​សិក្សា​ត្រូវតែ​រាយការណ៍​មាន​ភ័ស្តុតាង ហើយ​អ្នក​វាយ​តម្លៃ​ត្រូវ​ប្រាប់ពី​ភ័ស្តុតាង​នេះ”។

សូចនាករ​ដែល​នឹង​ត្រូវ​វាយ​តម្លៃ​រួម​មាន​គុណភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​ចូល​ប្រើ​បណ្ណាល័យ​តាម​អីុនធឺណិត លក្ខណៈ​សម្បត្តិ​របស់​សាស្ត្រាចារ្យ ភាគរយ​នៃ​មហា​វិទ្យាល័យ​ពេញ​ម៉ោង និង​ចំនួន​សៀវភៅ​សិក្សា​ក្នុង​វគ្គ​សិក្សា។

ពេល​សួរ​ថា​តើ​សាកល​វិទ្យាល័យ​នឹង​ត្រូវ​បិទ​ទ្វារ​ដោយ​គណៈ​កម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​ឬ​យ៉ាងណា លោក វិជ្ជានន្ទ បាន​និយាយ​ថា គណៈ​កម្មាធិការ​នេះ “មិន​មាន​បំណង​បិទ​ទ្វារ​សាកល​វិទ្យាល័យ​ទេ គឺ​ចង់​ធ្វើ​ឲ្យ​គុណភាព​ប្រសើរ​ឡើង”។

លោក ជួនណារ៉ុន បាន​មាន​ប្រសាសន៍​ថា មាន​ព័ត៌មាន​ច្រើន​អំពី​សាកល​វិទ្យាល័យ​នោះ សាធារណជន​នឹង​វិនិច្ឆ័យ​ចំពោះ​ស្ថាប័ន​សិក្សា​ណា​ជឿនលឿន និង​មួយ​ណា​ក្ស័យ​ធន។

លោក​បាន​មាន​ប្រសាសន៍​ថា “បញ្ហា​គឺ​ថា អាជ្ញាធរ​បាន​ឲ្យ​ច្បាប់​អនុញ្ញាត​ដល់​[សាកល​វិទ្យាល័យ​ទាំង​នេះ] ដូច្នេះ​ប្រសិនបើ​អ្នក​បិទ​វា អ្នក​ត្រូវ​ផ្តល់​ហេតុផល​ដែល​អ្នក​ត្រូវ​បិទ។ ហេតុអ្វី​អ្នក​អនុញ្ញាត​ឲ្យ​បើក ហើយ​ឥឡូវ​បិទ​ខ្ញុំ? ដូច្នេះ​ហើយ​សម្រាប់​យើង សាធារណជន​គួរ​សម្រេច”៕ និត (រាយការណ៍​បន្ថែម​ដោយ Colin Meyn and Phorn Bopha)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស