36 C
Phnom Penh

តុលាការ​ស្វែង​រក​អត្ត​សញ្ញាណ​ទាហាន​ជួញ​ដូរ​ឈើ​ប្រណីត​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​មូលដ្ឋាន​បានឲ្យ​ដឹង​កាល​ពីម្សិលមិញ​ថា សាលាដំបូង​ខេត្ត​កំពង់​ធំ​បាន​ព្យាយាម​កំណត់​អត្តសញ្ញាណ​មន្ត្រី​កង​យោធពល​ខេមរភូមិន្ទម្នាក់​ដែលបានរត់គេច​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​បន្ទាប់ពី​ដឹក​ឈើ​ប្រណីត​ពេញ​រថយន្ត​​បើក​បុក​រថយន្តដែល​ចតរារាំង​​កាលពី​យប់​ថ្ងៃ​សុក្រ។

យោង​តាម​លោក ឃុន ប៊ុនហួរ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​បារាយណ៍​ដែល​ប៉ុស្តិ៍ត្រួតពិនិត្យ​ស្ថិត​នៅ​នោះ​បានឲ្យ​ដឹង​ថា ជន​សង្ស័យ​រូបនេះ​បាន​រត់​គេច​ខ្លួន​ដោយ​ថ្មើរ​ជើង​​នៅម៉ោង​ប្រហែល​១០យប់ បន្ទាប់ពី​ព្យាយាម​បើក​ក្នុង​ល្បឿន​លឿន​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ពីរ​កន្លែង​របស់​កង​រាជ​អាវុធ​ហត្ថស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦​ដោយមាន​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​ជាង​មួយ​ម៉ែត្រគូប​នៅ​បាតរថយន្ត​​តូយ៉ូតា​ទុនដ្រា​របស់លោក។

លោក​ ប៊ុនហួរ​ បាន​មាន​ប្រសាសន៍ថា នៅពេល​បុរ​ស​រូបនេះ​បើក​កាត់​របាំង​ផ្លូវ ដែល​បាន​ដាក់​នៅ​ប៉ុស្តិ៍ត្រួត​ពិនិត្យ​ទី​១ កង​រាជ​អាវុធហត្ថ​ដែល​ឈរ​ជើង​នៅ​ទីនោះ​បាន​ហៅអាយ​ឌី​ទៅមន្ត្រី​នៅ​ប៉ុស្តិ៍ត្រួត​ពិនិត្យ​ទី​២ ដែលស្ថិត​នៅមុខ​​ទីបញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថស្រុក​ចម្ងាយ​ប្រហែល​៣គីឡូម៉ែត្រតាម​ផ្លូវ​។

លោក​បាន​បន្ថែម​ថា ដោយមិន​មែន​របាំង​សម្រាប់​ដាក់ មន្ត្រី​នៅ​ប៉ុស្តិ៍ត្រួត​ពិនិត្យ​ទី​២ បាន​យក​រថយន្តកងរាជ​អាវុធហត្ថ​​​ចត​​កណ្តាល​ផ្លូវ​​ដើម្បី​រារាំង​អ្នក​ជួញដូរ​ឈើរូបនោះ ដែល​បើក​បរ​មក​កាន់​រាជ​ធានី​ភ្នំពេញពី​ខេត្ត​ព្រះវិហារ។

លោក ប៊ុនហួរ​ បានមាន​ប្រសាសន៍ថា ប៉ុន្តែ​ខណៈដែល​រថយន្ត​តូយ៉ូតាដឹក​ឈើ​នេះ​មក​ដល់​ អ្នក​បើក​បរ​បាន​លោត​ចេញពីរថយន្ត​បាត់​ដោយ​មិនបាន​ពន្លត់​ម៉ាស៊ីនឡើយ បណ្តាល​ឲ្យ​រថយន្ត​នេះ​ទៅ​បុក​រថយន្ត​កង​រាជ​អាវុធ​ហត្ថតែម្តង​”។

លោក​បានមាន​ប្រសាសន៍ថា “​អ្នក​បើក​បរ​បាន​រត់​បាត់​ ហើយ​លោក​មិន​អាច​ចាប់ខ្លួន​ជន​នេះ​បានទេ ពីព្រោះ​វា​ងងឹត​ពេក” ដោយលោក​​ពន្យល់ថា មន្ត្រី​របស់លោក​ខាត​ពេលអស់​​ប៉ុន្មាន​វិទានី​ដោយ​ដេញតាម​រថយន្ត​ដែលមិន​មាន​អ្នកបើក​បរនោះ​​ ដោយ​គិត​ថា ជន​សង្ស័យ​ប្រាកដជានៅក្នុង​រថយន្ត​នៅឡើយ។

លោក​បានមាន​ប្រសាសន៍ថា ពួកគេ​​រឹប​អូស​ក្តារបន្ទះ​បាន​៧១បន្ទះ​ដែល​ធ្វើពីឈើ​ប្រណីត ពី​រថយន្ត​តូយ៉ូតានេះ ហើយ​បាន​យក​ទាំង​រថយន្ត​នេះ​និង​ឈើ​ខុស​ច្បាប់ទៅ​សាលា​ដំបូង​ខេត្ត​។

លោក សាយ ណូរ៉ា ព្រះ​រាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​​បានមាន​ប្រសាសន៍ថា ​រថយន្ត​នេះ​មាន​ពាក់​ស្លាកលេខ​ខេមរភូមិន្ទ និង​មាន​បិទ​សញ្ញាសម្គាល់នៅ​ទ្វារ​ខាងផ្នែក​អ្នក​បើក​បរ​​ដោយ​មានរូបសញ្ញា​អង្គភាព​លេខ​៧របស់​កងពលធំ​លេខ​៣នៃកង​យោធពល​ខេមរភូមិន្ទ។

លោក ណូរ៉ា បាន​មានប្រសាសន៍ថា “​យើង​កំពុង​ស៊ើប​អង្កេត​ករណី​នេះ ហើយ​បាន​សរសេរ​លិខិត​ទៅ​​ក្រសួង​ការ​ពារ​ជាតិ​​ដើម្បី​ស្វែង​រក​អ្នក​ដែល​ជា​ម្ចាស់​រថយន្ត​ពាក់ស្លាកលេខ​​ខេមរភូមិន្ទ​ដឹក​ឈើ​ប្រណីត​នេះ។

ឧត្តមសេនីយ៍​ ស្រី ឌឹក មេបញ្ជាការ​កង​ពល​ធំលេខ​៣ ដែល​មានទីស្នាក់ការ​នៅ​ខេត្ត​ព្រះ​វិហារ​​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយទេ។ លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំរវល់​​ប្រជុំ។ ខ្ញុំមិន​អាច​និយាយ​បាន​ទេ”៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស